ប្រទេសឡាវកំពុងរងការបក់បោកយ៉ាងខ្លាំងពីរលកឆ្លងជំងឺកូវីដ ១៩ ដោយរដ្ឋាភិបាលឡាវបានស្នើឱ្យតំបន់នានានៅក្នុងប្រទេសបន្តអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ជាពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឡាវ បាននិយាយថា ការរឹតបន្តឹងនេះ គឺជាភាពចាំបាច់មួយ ដើម្បីការពារពលរដ្ឋឡាវ ព្រមទាំងជនបរទេសដែលរស់នៅក្នុងប្រទេសឡាវពីរលកឆ្លងជំងឺកូវីដ-១៩។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយអត្រាអ្នកឆ្លងថ្មី ក៏ដូចជាអ្នកស្លាប់ដោយសារជំងឺនេះ ព្រមទាំងបង្កើនភាពស៊ាំក្នុងសហគមន៍ ក្រសួងសុខាភិបាលឡាវ ក៏បានបង្កើតក្រុមគ្រូពេទ្យចល័តនៅតាមបណ្តាស្រុកទូទាំងប្រទេស ដើម្បីបម្រើការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនផងដែរ។
សូមជម្រាបថា ពលរដ្ឋឡាវដែលបានចាក់វ៉ាក់សាំងចំនួន ១ ដូស មានជិត ៣ លាន ៣ សែននាក់ ស្មើនឹង ៤៥ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន ខណៈអ្នកចាក់គ្រប់ចំនួន ២ ដូស មានជាង ២ លាន ៨ សែននាក់ ស្មើជាង ៣៨ ភាគរយនៃចំនួនប្រជាជនសរុប។
គួរជម្រាបថា ប្រទេសឡាវនឹងសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឱ្យបានពាក់កណ្តាលនៃចំនួនប្រជាជន ៧លាន ៣សែននាក់នៅចុងឆ្នាំនេះ ហើយកំពុងជំរុញឱ្យពលរដ្ឋត្រៀមខ្លួនរៀនរស់នៅជាមួយកូវីដ ១៩ តាមគន្លងបែបថ្មី ដើម្បីចាប់ផ្ដើមស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ វិច្ឆិកា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប នៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ៤ម៉ឺន ២ពាន់នាក់ ខណៈចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៧៣ នាក់៕