អាមេរិកហៅចិនថាជា "ឧបសគ្គ" ចំពោះកំណែទម្រង់បំណុលនៅទ្វីបអាហ្វ្រិក!

ចិនប្រាប់ឲ្យអាមេរិកដោះស្រាយបញ្ហាបំណុលក្នុងផ្ទះខ្លួនឯងសិនទៅ មុននឹងចង់លូកដៃរឿងបំណុលនៅប្រទេសដទៃ


អ្នកការទូតចិន បាននិយាយសម្តីខ្លាំងដាក់អាមេរិកថា ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងលោកមួយនេះគួរតែខិតខំដោះស្រាយបញ្ហាបំណុលដែលកំពុងជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួនឲ្យបានល្អសិនទៅ មុននឹងលូកដៃចូលក្នុងរឿងបំណុលរបស់ប្រទេសដទៃ។ ការលើកឡើងបែបនេះ ពីសំណាក់មន្ត្រីការទូតចិន ធ្វើឡើងក្រោយពេលអាមេរិក តែងតែរិះគន់ចិនរឿងមិនជួយសម្រាលបន្ទុកបំណុលទៅដល់ប្រទេសក្រីក្រដែលជំពាក់ចិន។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយ។
ចិនប្រាប់ឲ្យអាមេរិកដោះស្រាយបញ្ហាបំណុលក្នុងផ្ទះខ្លួនឯងសិនទៅ មុននឹងចង់លូកដៃរឿងបំណុលនៅប្រទេសដទៃ

កាលពីថ្ងៃចន្ទទី២៣ខែមករា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក អ្នកស្រី Janet Yellen អមដំណើរដោយនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អ្នកស្រី គ្រីសស្ទលលីណា ចចជេវា (Kristalina Georgieva) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្សំប៊ី នៅទ្វីបអាហ្វ្រិក ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសនេះឡើងវិញ។ ក្នុងកិច្ចប្រជុំនេះដែរ អ្នកស្រី Janet បានហៅប្រទេសចិនថាជា "ឧបសគ្គ" ចំពោះកំណែទម្រង់បំណុលនៅទ្វីបអាហ្វ្រិកទាំងមូល។ ជាការឆ្លើយតបមន្ត្រីចិនម្នាក់បានប្រាប់ទៅអាមេរិកវិញថា គួរតែគិតគូរពីបំណុលក្នុងផ្ទះរបស់ខ្លួនឯងឲ្យបានល្អសិនទៅ មុនចេះចាត់ចែងបំណុលរបស់អ្នកដទៃ។ នេះបើតាមរបាយការណ៍ពីសារព័ត៌មានរ៉យទ័រ។

ស្ថានទូតចិនប្រចាំប្រទេសហ្សំប៊ី បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារទី២៤ខែមករាថា អ្វីដែលអាមេរិកគួរធ្វើដើម្បីរួមចំណែកដោះស្រាយបញ្ហាបំណុលនៅប្រទេសផ្សេងៗ នោះគឺខិតខំអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីដោះស្រាយបំណុលក្នុងប្រទេសខ្លួនទៅ មិនគួរណាមករំខានដំណើរខិតខំប្រឹងប្រែងរបស់ប្រទេសផ្សេង ក្នុងការដោះស្រាយបញ្ហាបំណុលរបស់ពួកគេបែបនេះទេ។ ប្រតិកម្មពីមន្ត្រីក្រុងប៉េកាំងបែបនេះ ក៏ដោយសារតែរដ្ឋមន្ត្រីហរិញ្ញវត្ថុអាមេរិក បានចាត់ទុកភាពយឺតយ៉ាវក្នុងការរៀបចំបំណុលឡើងវិញរបស់ប្រទេសនៅទ្វីបអាហ្វ្រិក គឺប្រទេសហ្សំប៊ី ថា ដោយសារចិនជាឧបសគ្គ និងធ្វើឱ្យពលរដ្ឋប្រទេសនេះត្រូវរងទុក្ខ។

ដោយឡែកសម្រាប់កម្រិតបំណុលនៅអាមេរិកវិញ ត្រូវបានគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្ត បដិសេធមិនព្រមបោះឆ្នោតកំណត់ពិដានបំណុលថ្មីឡើយ ដើម្បីជាការដាក់សម្ពាធលើគណបក្សប្រជាធិបតេយ្យរបស់ លោក ចូ បៃដិន ឲ្យកាត់បន្ថយការចំណាយ។ រហូតមកដល់ពេលនេះ សេតវិមានក៏បានបដិសេធមិនចរចាចំពោះបញ្ហានេះដូចគ្នា។

គួរបញ្ជាក់ផងដែរថា បំណុលជាតិរបស់អាមេរិកមានចំនួនប្រហែល ៣១ ទ្រីលានដុល្លារអាមេរិក ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០០មក ដែលកាលនោះបំណុលអាមេរិកមានប្រមាណ ៥,៦ ទ្រីលានដុល្លារប៉ុណ្ណោះ ដោយសារមានការកើនឡើងនៃការចំណាយទៅលើប្រជាជនវ័យចំណាស់ និងការចំណាយសម្រាប់សង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ជាពិសេសគឺការរាតត្បាតនៃជំងី COVID-19 និងវិធានការកាត់បន្ថយពន្ធជាដើម។

គួររំឭកផងដែរថា ប្រទេសហ្សំប៊ី បានលុបចោលបំណុលរបស់ខ្លួននៅឆ្នាំ២០២០ ហើយបានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយម្ចាស់បំណុលដ៏ធំ គឺប្រទេសចិន និងម្ចាស់បំណុលឯកជនរហូតមកដល់បច្ចុប្បន្ន ដែលស្ថានភាពនេះបានរុញច្រានឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Yellen បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីចិននៅទីក្រុង ហ្សូរិច កាលពីសប្តាហ៍មុនថា អ្នកស្រីបានលើកឡើងជាពិសេសអំពីបញ្ហាបំណុលនេះ ហើយបានស្នើសុំកិច្ចសហប្រតិបត្តិការរបស់ចិន ក្នុងការរកដំណោះស្រាយដ៏ឆាប់រហ័សមួយ។

តាមរបាយការណ៍ពីធនាគារពិភពលោក ប្រទេសក្រីក្របំផុតក្នុងពិភពលោក ប្រឈមនឹងការទូទាត់សងបំណុលចំនួន ៣៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលក្នុងនោះបំណុលច្រើនជាង ៤០% គឺជាចិនជាម្ចាស់បំណុលធំ។

ធនាគារអភិវឌ្ឍន៍អាហ្រ្វិក បាននិយាយកាលពីសប្តាហ៍មុនថា ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ ក្នុងបំណងកាត់បន្ថយអតិផរណា តែប្រាក់ដុល្លារអាមេរិកដែលឡើងថ្លៃនេះ បានបន្ថែមជាបន្ទុកទៅលើ បំណុលរបស់បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិកទៅវិញ៕

អត្ថបទដោយ: សារៀម លក្ខិណា




អត្ថបទបន្ទាប់


កម្ពុជាដាក់គោលដៅបង្កើនការនាំចេញផលិផលនៃវិស័យយានយន្ដ និងបច្ចេកវិទ្យាឲ្យបានដល់ជាង២ពាន់លានដុល្លារនៅ៥ឆ្នាំខាងមុខ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការរយៈពេល៥ឆ្នាំក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្ដ និងបច្ចេកវិទ្យា តាមរយៈផែនទីបង្ហាញផ្លូវដ៏សំខាន់ម…

ក្រោយអាមេរិកផ្តល់សញ្ញាត្រៀមបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់ក៏លែងរារែកចិត្តនឹងផ្ដល់ជូនដែរ

ព័ត៌មាន
បើទោះបីជាកិច្ចចរចាអាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃទី២៥ខែមករាទទួលបរាជ័យមែន ប៉ុន្តែនៅពេលនេះអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសម្រេចច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ