
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី សួនសាវាញ់ វីយ៉ាគៀត (Suansavanh Viyaket) បានប្រកាសនៅក្នុងមហាសន្និបាតបក្សកាលពីពេលថ្មីៗថា ប្រទេសឡាវ មានបំណងទាក់ទាញភ្ញៀវទេសចរឲ្យបានជាង៤៣លាននាក់នៅចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ដើម្បីឈានទៅសម្រេចបានគោលដៅនេះ ឡាវ មានបំណងជំរុញ និងលើកកម្ពស់ទីផ្សារទេសចរណ៍ក្នុងស្រុកឲ្យបាន២១លាននាក់ ហើយភ្ញៀវទេសចរបរទេស២២លាននាក់ជាមួយប្រាក់ចំណូលសរុបប្រមណ១៣ពាន់លានដុល្លារ។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ ក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ មានគោលបំណងពង្រឹងលើការកែលម្អគុណភាពតំបន់ទេសចរណ៍ តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាល អាជីវកម្មក្នុងស្រុក និងសហគមន៍។ បន្ថែមលើនេះ ឡាវនឹងផ្តោតសំខាន់លើការកសាងជំនាញ និងសមត្ថភាពរបស់បុគ្គលិកទេសចរណ៍។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ឡាវ គ្រោងនឹងធ្វើឱ្យប្រសើរឡើង ក៏ដូចជាពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមគោលដៅទេសចរណ៍សំខាន់ៗ អភិវឌ្ឍន៍ភាពទាក់ទាញថ្មីៗ និងលើកកម្ពស់គ្រឿងបរិក្ខារនៅតាមផ្លូវទេសចរណ៍សំខាន់ៗ ដែលតភ្ជាប់ខេត្ត និងប្រទេសជិតខាង។
អ្នកវិភាគបានចាត់ទុកគោលដៅនេះ ជាគោលដៅដ៏ធំសម្រាប់ឡាវ ខណៈដែលស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ប្រទេសនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេសបានត្រឹមតែជាង៣លាននាក់ប៉ុណ្ណោះមានការកើនឡើងត្រឹម១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមផែនការ ដែលគ្រោងទុកនៅក្នុងឆ្នាំ២០២៥ នេះ ឡាវ រំពឹងទាក់ទាញភ្ញៀវទេសចរបរទេសបានជាង៤លាននាក់ប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ