យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ឱ្យដឹងថា កប៉ាល់ទេសចរណ៍ប្រណីតធំបំផុតក្នុងពិភពលោកប្រវែង៣៦៥ម៉ែត្រ ដែលមានឈ្មោះថា អាយខុន អូហ្វ ដឹ ស៊ី (Icon of the Seas) របស់ក្រុមហ៊ុនអាម៉េរិក រ៉ូយ៉ាល់ ខារីបៀន (Royal Caribbean) ត្រូវគេប្រទះឃើញថា បានធ្វើដំណើរទៅដល់ទីក្រុង ផនសេ (Ponce) ប្រទេសព័រតូរីកូ កាលពីសប្តាហ៍មុនសម្រាប់ការត្រួតពិនិត្យសុវត្ថិភាពដំណាក់កាលចុងក្រោយដើម្បីត្រៀមសម្រាប់ការចេញដំណើរលើកដំបូងរបស់ខ្លួន។
កប៉ាល់ទេសចរណ៍ដែលមានសមត្ថភាពផ្ទុកភ្ញៀវទេសចរបានរហូតដល់ទៅជាង៥ពាន់៦រយនាក់ និងសមាជិកនាវិក២ពាន់៣រយ៥០នាក់នេះ នឹងធ្វើដំណើរទៅដល់ក្រុងម៉ៃអាមី (Miami) សហរដ្ឋអាម៉េរិក នៅថ្ងៃទី ៩ ខែមករា។
ពេលនេះ កប៉ាល់ទេសចរណ៍យក្សនេះកំពុងត្រៀមខ្លួនស្វាគមន៍អ្នកដំណើរសម្រាប់ការចេញដំណើរលើកដំបូងរបស់ខ្លួនដែលមានរយៈពេល៧ថ្ងៃ ជុំវិញតំបន់ការ៉ាអ៊ីព (Caribbean)។
យោងតាមក្រុមហ៊ុន រ៉ូយ៉ាល់ ខារីបៀន (Royal Caribbean) ឱ្យដឹងថា កប៉ាល់ទេសចរណ៍នេះនឹងផ្តល់ដំណើរកម្សាន្តបែបផ្សងព្រេងពីក្រុងម៉ៃអាមី (Miami) ឆ្ពោះទៅកាន់តំបន់ការ៉ាអ៊ីព ភាគខាងកើត និងភាគខាងលិច ដែលមានតំបន់ទេសចរណ៍ល្បីៗជាច្រើន។
ចំណែកឯតម្លៃបន្ទប់ប្រែប្រួលអាស្រ័យលើកាលវិភាគ និងកាលបរិច្ឆេទធ្វើដំណើរ។ ដំណើរកម្សាន្តដែលមានតម្លៃថ្លៃបំផុត គឺដំណើរកម្សាន្តទៅកាន់តំបន់ការ៉ាអ៊ីព ភាគខាងលិច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបន្ទប់ថោកបំផុតចាប់ផ្ដើមពីប្រមាណ១ពាន់៦រយដុល្លារ ក្នុងមនុស្សម្នាក់ និងបន្ទប់ស្វីត (Suite) មានតម្លៃចាប់ពី៣ពាន់៤រយ៥០ដុល្លារ ឡើងទៅ។
ការធ្វើដំណើររយៈពេល៧យប់ទៅកាន់តំបន់ការ៉ាអ៊ីព ភាគខាងកើត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៤ មានតម្លៃចាប់ពី១ពាន់ដុល្លារ ឡើងទៅក្នុងម្នាក់មនុស្សម្នាក់ ខណៈបន្ទប់ប្រណីតមានតម្លៃជិត៣ពាន់ដុល្លារ ក្នុងមនុស្សម្នាក់៕
ដោយ៖ សុវិទ្យា ហោ