លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ និងយុវជន និងកីឡា គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការកែកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់គុណភាពអប់រំចាប់ពីកម្រិតមតេយ្យរហូតដល់កម្រិតទុតិយភូមិ។ បើតាមលោកជំទាវ គឹម សេដ្ឋានី ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ គឺជាការបោះជំហ៊ានឆ្ពោះទៅការកែទម្រង់ប្រកបដោយគុណភាព។ ម្យ៉ាងវិញទៀត ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ ក៏ជាការដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនៅក្នុងវិស័យអប់រំផងដែរ។
មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា បើទោះបីវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្តី តែបញ្ហាប្រឈមក្នុងវិស័យនេះនៅតែបន្តកើតមាន ជាពិសេសបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងគ្រូបង្រៀនតែម្តង។ កត្តាទាំងនេះហើយទើបនៅក្នុងក្របខណ្ឌកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១-២០១៧ គឺបានផ្ដោតសំខាន់លើកត្តាមួយចំនួនដូចជា សុខភាព កីឡា និងបច្ចេកវិទ្យាឌីជីថល។ រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានបង្ហាញគំនិតសុទិដ្ឋិនិយមថា តាមរយៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ នឹងកាន់តែធ្វើឲ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ លោក ហេង ភក្ដី តំណាងក្រុមហ៊ុន Meta យល់ឃើញថា ស្ថិតក្នុងបរិបទនៃការអប់រំក្នុងសម័យបច្ចេកវិទ្យា ឌីជីថល ការពង្រឹងអក្ខរកម្មឌីជីថល ពិតជាមានសារសំខាន់ណាស់សម្រាប់សិក្សានុសិស្ស ដើម្បីយកទៅអនុវត្តផ្ទាល់ក្នុងជីវិតការងារ និងចូលរួមក្នុងការអភិវឌ្ឍសង្គម-ជាតិ។ បើតាមលោក ហេង ភក្ដី ដោយមើលឃើញនូវសក្ដានុពល និងអត្ថប្រយោជន៍ជាច្រើនរបស់អក្ខរកម្មឌីជីថល ក្នុងសង្គមកម្ពុជា ទើបក្រុមហ៊ុន Meta បានសម្រេចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យនេះនៅកម្ពុជា។
តំណាងក្រុមហ៊ុនរូបនេះ ជឿជាក់ថា ឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ ដែលដាក់ឲ្យអនុវត្តនេះ ពិតជាមានគុណភាពល្អ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកគ្រូ លោកគ្រូ ក្នុងកិច្ចការបង្រៀនសិក្សានុសិស្ស។ បញ្ហាប្រឈមសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការពង្រឹងទៅលើអក្ខរកម្មឌីជីថល នាពេលកន្លងមក គឺការខ្វះខាតនូវធនធាន និងឯកសារនានា។ នេះបើតាមការលើកឡើងរបស់លោក ហេង ភក្ដី ដែលបានបន្តថា ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ វានឹងក្លាយជាធាតុចូលដ៏សំខាន់មួយសម្រាប់លើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីអក្ខរកម្មខ្មែរឌីជីថល នៅក្នុងកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មីវានឹងជួយផ្តល់អត្ថប្រយោជន៍រួម និងឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំឆ្ពោះទៅរកគុណភាព ដោយក្នុងនោះសាលារៀនជំនាន់ថ្មីចំនួន៦ ត្រូវបានជ្រើសរើស ដើម្បីសាកល្បងអនុវត្តនូវកម្មវិធីថ្មីនេះ។
តាមរយៈយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលដៅលើកកម្ពស់ការរៀន និងបង្រៀន តាមរយៈការសិក្សា បង្កើនបំណិនសត្សវត្សទី២១ សម្រាប់ជួយសិស្សនៅគ្រប់កម្រិតសិក្សានៅទូទាំងប្រទេសកម្ពុជា៕