សារព័ត៌មាន នីកេអាស៊ី បានចុះផ្សាយថា ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក ផ្អាកការអនុវត្តច្បាប់ដែលនឹងហាមឃាត់ប្រតិបត្តិការនៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ដោយលើកហេតុផលថា លោកគួរតែមានពេលវេលាដើម្បីសិក្សា និងបន្តរកដំណោះស្រាយនយោបាយចំពោះក្រុមហ៊ុននេះ។
តាមច្បាប់ដែលអនុម័តដោយរដ្ឋបាល លោក ចូ បៃដិន បានតម្រូវឱ្យក្រុមហ៊ុន ByteDance ដែលម្ចាស់ជាជនជាតិចិន លក់ TikTok នេះទៅឱ្យក្រុមហ៊ុនអាម៉េរិក បើមិនចង់ប្រឈមនឹងការហាមឃាត់ប្រតិបត្តិការនៅសហរដ្ឋអាម៉េរិក។ ពង្រាងច្បាប់នេះត្រូវបានសភាសហរដ្ឋអាម៉េរិក បោះឆ្នោតអនុម័តកាលពីខែមេសា ដើម្បីបង្ខំឲ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុន TikTok ទាំងអស់ ត្រឹមថ្ងៃទី១៩ ខែមករា ខាងមុខ ពោលគឺមុន១ថ្ងៃ ដែលលោក ត្រាំ នឹងវិលចូលទៅកាន់សេតវិមានជាថ្មីនៅក្នុងអាណត្តិទី២របស់លោក។
មកដល់ពេលនេះនៅទូទាំងសហរដ្ឋអាម៉េរិក មានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok សរុបជាង១៧០ លាននាក់ ហើយប្រសិនបើតុលាការកំពូលអាម៉េរិកសម្រេចសាលក្រមដោយអនុលោមតាមច្បាប់ បណ្តាញសង្គម TikTok នឹងត្រូវបិទប្រតិបត្តិការរបស់ខ្លួនទាំងសុ្រងតែម្តងនៅដែនដីអាម៉េរិក។
គេនៅចាំបានថា មុនពេលលោក ដូណាល់ ត្រាំ ស្នើឲ្យតុលាការកំពូលផ្អាកការអនុវត្តច្បាប់ប្រឆាំងនឹង TikTok លោក ស៊ូ ស៊ីចូវ (Shou Zi Chew) នាយកប្រតិបត្តិ TikTok បានស្វះស្វែងរកឱកាសរហូតបានជួបពិភាក្សាដោយផ្ទាល់ជាមួយលោក ដូណាល់ ត្រាំ។ បន្ទាប់ពីជំនួបលោក ត្រាំ ហាក់បង្ហាញការពេញចិត្តក្នុងការអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាម៉េរិកយ៉ាងហោចណាស់មួយរយៈពេលបន្ថែមទៀត ហើយលោកក៏ទទួលស្គាល់ថា TikTok បានជួយផ្សព្វផ្សាយពីលោកច្រើនកាលពីអំឡុងពេលយុទ្ធនាការបោះឆ្នោតកន្លងទៅ៕
ដោយៈ សរ សុជាតិ