
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ដែលបានដឹកនាំការរៀបចំពិធីអបអរនេះបានគូសបញ្ជាក់អំពី ការគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំ និងកម្មករនិយោជិតរបស់ អេស៊ីលីដា ចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ និងជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត អ៊ិន ចាន់នី ជឿជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយឲ្យកម្ពុជាមានឯករាជ្យភាពនៅក្នុងការដឹកជញ្ជូនផ្លូវទឹក បន្ថែមលើកំពង់ផែ ដែលមានស្រាប់នាពេលបច្ចុប្បន្ន ដូចជានៅក្រុងព្រះសីហនុ, និងខេត្តកំពតជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ព្រែកជីកនេះ នឹងបង្កើតឲ្យមានប្រព័ន្ធធារាសាស្ត្រស្រោចស្រព កាន់តែប្រសើរឡើងនៅក្នុងតំបន់អមសងខាងព្រែក ដើម្បីជំរុញដល់ការអភិវឌ្ឍការងារកសិកម្ម ហើយវាគឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅមូលដ្ឋាន។

បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ ព្រែកជីកហ្វូណនតេជោ ត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនរបស់ខ្មែរ និងមានទម្រង់ជាការវិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេ (BOT) ពោលគឺរដ្ឋមិនបានខ្ចីលុយពីបរទេសមកធ្វើនោះឡើយ។

ព្រែកជីកហ្វូណតេជោ មានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ និងគ្រោងចំណាយទុនវិនិយោគសរុប ១,៧ពាន់លានដុល្លារ ជាមួយនឹងការសាងសង់ចំណាយពេល ៤ឆ្នាំ។ តាមការប៉ាន់ប្រមាណ របស់រាជរដ្ឋាភិបាល គម្រោងនេះព្រែកជីកនេះ នឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅតំបន់សងខាងព្រែកនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ឲ្យបានច្រើនកុះករក្នុងថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចជាការទូងស្គរ គោះជួង រគាំង ទះប៉ោត ដើម្បីបន្លឺជាសំឡេងឲ្យបានកងរំពង៕




