ការបបួលរុស្ស៊ីឱ្យសហការដឹកនាំការកែទម្រង់របៀបគ្រប់គ្រងពិភពលោកដោយមេដឹកនាំចិន បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារ បានបង្ហាញជំនឿថា ប្រទេសចិនចង់«ជំនួសសហរដ្ឋអាមេរិកជាអ្នកត្រួតត្រាគេ»។ នេះបើយោងតាមសារព័ត៌មាន Sputnik និងតាមទីភ្នាក់ងារសារព័ត៌មាន CNA និង AFP។
ប្រទេសចិន ដែលមិនត្រឹមតែមិនបានថ្កោលទោសប្រទេសរុស្ស៊ី ចំពោះការនាំទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនក្នុងអ្វីដែលរុស្ស៊ីហៅថា«ប្រតិបត្តិការយោធាពិសេស»ដើម្បីបង្ក្រាបពួកណាស៊ីសម័យថ្មីនិងធានាអត្ថិភាពរុស្ស៊ីទេ ប៉ុន្តែថែមទាំងបានបបួលប្រទេសរុស្ស៊ីឱ្យសហការដឹកនាំការធ្វើកំណែទម្រង់អភិបាលកិច្ចពិភពលោកផង។ កាលពីថ្ងៃចន្ទ នៅឯវិមានប្រជាជនចិន, ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតី ស៊ី ជិនពីង បានថ្លែងទៅកាន់ភ្ញៀវរុស្ស៊ី គឺលោកស្រី វ៉ាឡង់ទីណា ម៉ាត់វីយេនកូ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលប្រៀបស្មើនឹងស្ថាប័នព្រឹទ្ធសភា ក្នុងន័យសរសើរភាពជាដៃគូរវាងប្រទេសទាំងពីរ។
លោកស៊ីបាននិយាយថា វឌ្ឍនភាពទំនាក់ទំនងរវាងរុស្ស៊ីនិងចិនជា«ជម្រើសយុទ្ធសាស្ត្រដែលធ្វើឡើងដោយប្រទេសទាំងពីរ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសនិងប្រជាជនទាំងពីរ»។ សូមបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងទំនាក់ទំនងការទូតនាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានរឹតចំណងមេត្រីភាពកាន់តែជិតស្និទ្ធខ្លាំងឡើង ចាប់តាំងពីរពេលដែលប្រធានាធិបតី វ្លាឌីមៀរ ពូទីន របស់ប្រទេសរុស្ស៊ី បញ្ចូនកងទ័ពឱ្យទៅឈ្លានពានប្រទេសអ៊ុយក្រែនដែលនៅជាប់ព្រំដែនគ្នា។
អំឡុងជំនួបក្នុងទីក្រុងប៉េកាំងនោះ លោក ស៊ី បានលើកឡើងនៅចំពោះមុខភ្ញៀវរុស្ស៊ីក្នុងន័យដើមថា៖ «ភាគីទាំងពីរក៏ត្រូវការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការពហុភាគីនានា ដូចជាក្នុងអង្គការសហប្រតិបត្តិការសៀងហៃនិងអង្គការប្រ៊ិកស៍ជាដើម, ត្រូវការដឹកនាំកំណែទម្រង់អភិបាលកិច្ចពិភពលោកតាមទិសដៅត្រឹមត្រូវ និងត្រូវការការពារផលប្រយោជន៍រួមរបស់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើងនិងប្រទេសកំពុងអភិវឌ្ឍ»។
លោក ស៊ី បានអះអាងប្រាប់ប្រធានព្រឹទ្ធសភារុស្ស៊ីទៀតថា ចិន«មានឆន្ទៈបន្តធ្វើការជាមួយរុស្ស៊ីដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ជួយគ្នាទៅវិញទៅមក, សមាហរណកម្មស៊ីជម្រៅ, នវានុវត្តន៍, និងសហប្រតិបត្តិការសម្រាប់ទាំងអស់គ្នាក្នុងយុគសម័យថ្មី»។
សូមរំលេចថា នៅថ្ងៃចន្ទដដែល បណ្ដាមេដឹកនាំប្រទេសនៅបស្ចិមលោកបានប្រមូលផ្ដុំគ្នានៅទីក្រុង វីលនៀស ក្នុងប្រទេសលីទុយអានី ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើង (ណាតូ) ដែលរៀបចំនៅថ្ងៃអង្គារនិងថ្ងៃពុធ។ កិច្ចប្រជុំកំពូលរបស់ណាតូនេះត្រូវបានគេរំពឹងថានឹងបង្ហាញឱ្យឃើញនូវឯកភាពគ្នារវាងសមាជិកទាំងឡាយ ចំពោះអនាគតសមាជិកភាពរបស់ប្រទេសអ៊ុយក្រែនក្នុងសម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនេះ។
ចំពោះចិន រដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថា ខ្លួនប្រកាន់ជំហរអព្យាក្រិតក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែកង្វះការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យរដ្ឋាភិបាលទីក្រុងកៀវនិងសម្ព័ន្ធមិត្តទាំងឡាយរបស់ប្រទេសអ៊ុយក្រែន ចោទចិនថាល្អៀងទៅរករុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកថែមទាំងបាននិយាយថា ប្រទេសចិនចង់«ជំនួសសហរដ្ឋអាមេរិកជាអ្នកត្រួតត្រាគេ»ថែមទៀត។
យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ពេលចេញដំណើរមកធ្វើទស្សនកិច្ចនៅអឺរ៉ុប ជាមួយនឹងគោលបំណងមកចូលរួមកិច្ចប្រជុំកំពូលរបស់ណាតូផង បានសម្ដែងមតិទៅកាន់អ្នកសារព័ត៌មានថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានបំណងធ្វើឱ្យប្រទេសចិនជំនួសសហរដ្ឋអាមេរិកក្នុងនាមជាអ្នកត្រួតត្រាពិភពលោក។ លោក បៃឌិន បានថ្លែងក្នុងន័យដើមថា៖ «ខ្ញុំជឿជាក់ថា គាត់ចង់មានសេដ្ឋកិច្ចធំជាងគេបំផុងក្នុងពិភពលោក និងចង់មានសមត្ថភាពយោធាធំបំផុតនៅក្នុងពិភពលោក»។
លើសពីនេះទៅទៀត បើតាមប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ លោក ស៊ី ក៏ចង់កែប្រែច្បាប់មួយចំនួនស្ដីពីសណ្ដាប់ធ្នាប់អន្តរជាតិដែរ។ លោក បៃឌិន បានគូសបញ្ជាក់ក្នុងន័យដើមថា៖ «ខ្ញុំគិតដូច្នេះ។ មិនមែនកែច្បាប់ទាំងអស់ទេ។ ប៉ុន្តែគាត់បានចង្អុលប្រាប់ខ្ញុំ ហើយបាននិយាយថា យើងមិននៅលើលោកនេះទៀតទេ ពេលដែលច្បាប់ទាំងនោះត្រូវបានតាក់តែង ... ប៉ុន្តែខ្ញុំមិនគិតថា គាត់ចង់ទេ គាត់កំពុងសម្លឹងរកមើលជម្លោះបែបសង្គ្រាម, រកមើលការពង្រីកដែនដី»។
ការអត្ថាធិប្បាយរបស់លោក បៃឌិន អំពីប្រទេសចិន បានកើតឡើងចំពេលមានជម្លោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាន់តែខ្លាំងក្លាឡើងរវាងប្រទេសកំពូលមហាអំណាចពិភពលោកទាំងពីរ ក្នុងរឿងរឹតបន្តឹងការគ្រប់គ្រងបច្ចេកវិទ្យាទំនើប ការបន្តយកពន្ធលើទំនិញចិន សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន កំណើនពាណិជ្ជកម្មពិភពលោកជាប្រាក់យ័ន និងការថយចុះឥទ្ធិពលដុល្លារអាមេរិកនៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយ ឯម មាឃ