សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ជាក្រុមស្ថិតក្នុងហានិភ័យនៃអតិផរណា និងបានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មេត្ដាយោគយល់ និងអនុគ្រោះដល់ពួកគេ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយការប្រាក់ ដើម្បីសម្រួលបន្ទុកបំណុលដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា

បើតាមសម្ដេច ហ៊ុន សែន ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ១០ម៉ឺនគ្រួសារ ក្នុងនោះមានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ ១៨ភាគរយ ស្មើនឹងប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍នេះ ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណ ២លាន៤សែនដុល្លារអាមេរិក។

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ទាំងអស់មេត្តាយោគយល់ និងអនុគ្រោះដល់ប្រជាពលរដ្ឋ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយការប្រាក់ ដើម្បីសម្រួលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ សម្ដេចតេជោ បានអំពាវនាវ កុំឲ្យមានការចុះទៅរឹបអូសផ្ទះសម្បែងដីធ្លីរបស់ប្រជាពលរដ្ឋ ពលរដ្ឋដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខណៈពួកគេកំពុងជួបការខ្វះខាតដោយសារគ្រោះទឹកជំនន់។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យធនាគារជាតិនៃកម្ពុជា រៀបចំកិច្ចប្រជុំ ជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហានេះ ផងដែរ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបាននិងកំពុងប្រឈមខ្លាំងនឹងបញ្ហាគ្រោះទឹកជំនន់ ដូច្នេះ សម្ដេច ក៏បានបញ្ជាទៅឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះទៅត្រួតពិនិត្យវាយតម្លៃបន្ទាន់នូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលបាននិងកំពុងវាយលុកខ្លាំង នៅតាមបណ្ដាខេត្តជាច្រើនរបស់កម្ពុជា ដូចជា ការផ្ដល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជដំណាំផ្សេងៗ ដល់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។ សម្ដេចបន្តថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ១០ម៉ឺនគ្រួសារ ក្នុងនោះមានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ ១៨% ដែលស្មើនឹងប្រមាណជិត ២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍នេះ។ បើតាមសម្ដេច ហ៊ុន សែន ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះប្រមាណ ២ម៉ឺនគ្រួសារនេះ រាជរដ្ឋាភិបាលនឹងផ្ដល់ប្រាក់ឧបត្ថម្ភជូន ក្នុងរយៈពេល ៣ខែ ដែលតាមការប៉ាន់ស្មានទឹកប្រាក់ដែលរដ្ឋនឹងត្រូវចំណាយមានប្រមាណ ២លាន៤សែនដុល្លារអាមេរិក។

ភ្ជាប់ជាមួយបញ្ហានេះ សម្ដេចក៏បានផ្ដាំផ្ញើដល់មន្រ្តីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ពិសេសត្រូវចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមិនត្រូវជិះសេះមើលផ្កានោះទេ ដោយសម្ដេចបានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈនេះ គឺទាមទារឲ្យវិស័យកសិកម្ម ត្រូវយកចិត្តទុកដាក់ និងធ្វើអន្តរាគមន៍ជាបន្ទាន់។ បើតាមការវាយតម្លៃរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅឆ្នាំ២០២២នេះ ផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅកម្ពុជា ហាក់មានភាពធូរស្បើយជាងឆ្នាំ២០២០ បន្តិច ដោយសម្ដេចពន្យល់ថា នៅឆ្នាំ២០២០ ស្ទើរទូទាំងប្រទេសកម្ពុជា ត្រូវរងគ្រោះធ្ងន់ធ្ងរដោយសារបញ្ហានេះ តែសម្រាប់ឆ្នាំ២០២២នេះ ផលប៉ះពាល់ដោយសារទឹកជំនន់នេះ មានដោយអន្លើតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


វៀតណាម គ្រោងបន្ដបើកឲ្យពលរដ្ឋខ្លួន ចូលលេងល្បែងស្របច្បាប់នៅកាស៊ីណូលើកោះត្រល់ ឬភូកុក២ឆ្នាំទៀត

ប្រទេសវៀតណាម មែនទែនទៅ មិនធ្លាប់មានច្បាប់ផ្លូវការអនុញ្ញាតឲ្យពលរដ្ឋខ្លួនលេងល្បែងស៊ីសងក្នុងកាស៊ីណូក្នុងប្រទេសនោះឡើយ ប៉ុន្ដែ ក្រោយពីគម្រោងបើកសា…

អត្រាការប្រាក់លើប្រាក់បញ្ញើរបស់អេស៊ីលីដាកើនជាង៥០% ក្រោយអាមេរិកដំឡើងអត្រាការប្រាក់

បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ចំពោះប្រាក់ដុល្លាររបស់ខ្លួន បានជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅតាមប្រទេសនានា រួមទាំងកម្ពុជាបានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ