លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹញសត្វកម្ពុជា បានអះអាងថា តម្លៃជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារបច្ចុប្បន្ននៅតែរក្សាបានភាពល្អប្រសើរ ដោយជ្រូករស់អាចលក់បានក្នុងតម្លៃចន្លោះពី១១,០០០រៀលទៅ១២,០០០រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃសាច់ជ្រូកត្រូវបានលក់ចេញក្នុងរង្វង់២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ កត្តា ដែលធ្វើឱ្យតម្លៃជ្រូករស់ និងសាច់ជ្រូករក្សាបានភាពល្អប្រសើរ គឺដោយសារការបោះបង់ការចិញ្ចឹមរបស់ពលរដ្ឋមួយចំនួន គួបផ្សំការចិញ្ចឹមជ្រូកបានប្រឈមនឹងកើតមានជំងឺរាតត្បាតផ្សេងៗ។
ជាមួយគ្នានេះ លោក លី ឡាវីល អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានអះអាងថា ជាទូទៅតម្លៃជ្រូកតែងមានការប្រែប្រួលទៅតាមរដូវកាល។ លោកសង្កេតឃើញថា តម្លៃជ្រូកហាក់មានសម្ទុះកើនឡើងនៅរដូវប្រាំង ដែលជារដូវសម្បូរកម្មវិធីអាពាហ៍ពិពាហ៍ និងបុណ្យទានផ្សេងៗ ដែលធ្វើឱ្យតម្រូវការសាច់ជ្រូកហក់ឡើងខ្ពស់។ លោកបានបញ្ជាក់បន្ថែមថា ការឡើងចុះ នៃតម្លៃទីផ្សារ មិនមែនជាការកំណត់ដោយក្រុមហ៊ុនចិញ្ចឹមជ្រូកធំៗនោះទេ ប៉ុន្តែក្រុមហ៊ុនធំៗមានប្រៀបជាងត្រង់ការប្រើប្រាស់បច្ចេកទេសចិញ្ចឹមតាមស្ដង់ដាទំនើប ដែលជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រសិទ្ធភាព នៃការប្រមូលផលបានរហ័ស។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានតម្រូវការជ្រូករស់ប្រមាណ១ម៉ឺនក្បាលក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ហើយចំនួននេះនឹងកើនឡើងថែមទៀតនៅរដូវកាលបុណ្យទានធំៗ។ បច្ចុប្បន្ន ការចិញ្ចឹមជ្រូកនៅកម្ពុជា មិនត្រឹមតែអាចធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀតផង៕
អត្ថបទ៖ ជា ម៉ារ៉ា