តម្លៃជ្រូករស់នៅកម្ពុជា បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ បើទោះរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹង និងបង្ក្រាបការនាំចូលសត្វ និងសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជាក៏ដោយ។
បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃសាច់ជ្រូករស់នៅតាមតំបន់មួយចំនួនបានធ្លាក់ចុះពី៧ពាន់រៀលក្នុង១គីឡូក្រាម មកនៅជាង៦ពាន់រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ថ្លៃជ្រូករស់នេះ ត្រូវបានធ្លាក់ដឹកនាំរូបនេះវាយតម្លៃថា អាចបណ្ដាលមកពីកត្តាសេដ្ឋកិច្ច ការមកដល់នៃរដូវត្រី គួបផ្សំការបញ្ចេញសាច់បង្កកមានតម្លៃទាប ដែលនៅសេសសល់ទៅក្នុងទីផ្សារ ដែលធ្វើឱ្យទីផ្សារសាច់ជ្រូករស់កាន់តែមានស្ថានភាពតូចចង្អៀត។
យ៉ាងណាមិញអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលបញ្ជាឱ្យពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបការនាំចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពរួចមក ការនាំចូលសាច់បង្កកខុសច្បាប់មានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺស្ទើរតែគ្មានការនាំចូល។
ជាមួយគ្នានេះ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) កំពុងខិតខំចុះត្រួតទីតាំងស្តុក និងចែកចាយសាច់បង្កកជាបន្តបន្ទាប់ ស្របពេលគយបង្កើនការរឹតបន្តឹងការនាំចូលនៅតាមច្រករបៀងផ្សេងៗ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បង្ក្រាប និងរឹបអូសសាច់បង្កកចម្រុះខូចគុណភាព ផ្ទុកសារធាតុហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនយកទៅកម្ទេចចោល។
ចំនួននេះមានការកើនឡើងប្រមាណ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតម្រូវការទីផ្សារសាច់នៅកម្ពុជា មានការកើនឡើង។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្តេជ្ញាថា ខ្លួននឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យដូចភ្លៀងរលឹមនៅតាមបណ្តាឃ្លាំងស្តុក និងចែកចាយសាច់បង្កកនានា សំដៅទប់ស្កាត់ការនាំចូលផលិតផលសាច់ និងស៊ុតគ្មានការអនុញ្ញាត ឬគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
គួររំលឹកថា នៅក្នុងជំនួបរវាងរាជរដ្ឋាភិបាលជាមួយផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំពោះការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពរបស់ប្រជាជន។
អ្នកជំនាញរំពឹងថា តាម រយៈវិធានការនេះ វានឹងជួយធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះចំនួនអ្នកចិញ្ចឹម អាចរស់ឡើងវិញលឿនជាងមុន៕
អត្ថបទ៖ បូ ដូឡា