ព្រលានយន្តហោះសៀមរាប

យន្តហោះធុនធំដឹកអ្នកដំណើរជាង២០០នាក់មកពីប្រទេសអូស្ត្រាលី បានចុះចតនៅព្រលានយន្តហោះសៀមរាបជាលើកដំបូង


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា យន្តហោះធុនធំប៊ូអ៊ីង 777-200 ជាមួយអ្នកដំណើរជាង២០០នាក់ មកពីប្រទេសអូស្ត្រាលី បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាលើកដំបូង ក្រោយព្រលានយន្តហោះនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវបានប្រមាណ១០ថ្ងៃ។ អ្នកជំនាញក្នុងវិស័យទេចរណ៍បានចាត់ទុកការហោះហើរត្រង់របស់អ្នកដំណើរមកពីប្រទេសអូស្ត្រាលី មកកាន់ប្រទេសកម្ពុជានេះ គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍ក្នុងខេត្តសៀមរាប។
1
ដោយ

ហើយវាក៏កំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃអាជីវកម្មទេសចរណ៍ ដែលទទួលរងផលប៉ះពាល់កន្លងមកផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំស្វាគមន៍ទទួលអ្នកដំណើរចំនួន២០៨នាក់ តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនីយ៍ ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់យន្តហោះធុនធំ ប្រភេទ Boeing 777-200 ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ​ សៀមរាបអង្គរ នាល្ងាចថ្ងៃទី២៤ ខែវិចិ្ឆកានេះ។ ឯកឧត្តមបានអះអាងថា ការរៀបចំពិធីស្វាគមន៍នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រតែមួយគត់ ដែលខេត្តសៀមរាប ក៍ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលជើងហោះហើរត្រង់ពីតំបន់ឆ្ងាយៗ ដ្បិតថា ពីមុនមកអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ពុំអាចអនុញ្ញាឱ្យចុះចតយន្តហោះធុនធំបាននោះទេ។

មន្ត្រីជាន់ខ្ពស់រូបនេះចាត់ទុកការរៀបចំការពិធីស្វាគមន៍អ្នកដំណើរមកពីអូស្ត្រាលីនេះ មិនត្រឹមតែជួយជំរុញ និងលើទឹកចិត្តដល់ភ្ញៀវទេសចរបរទេសប៉ុណ្ណោះទេ តែវាជាសារមួយចង់បង្ហាញឱ្យពិភពលោកឃើញថា អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលជើងហោះហើរ ត្រង់ពីគ្រប់ទិសទី នៃអន្តរទ្វីបដូចជាទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា ឥណ្ឌា និងសហរដ្ឋអាម៉េរិកជាដើម តាមរយៈការប្រើប្រាស់យន្តហោះធុនធំ និងហោះហើររយៈចម្ងាយឆ្ងាយដោយមិនចាំបាច់តភ្ជាប់ជើងហោះហើរជាមួយប្រទេសក្នុងតំបន់។ ការណ៍នេះវាក៏បានបង្ហាញផងដែរថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍ ជូនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ប្រកបដោយផាសុខភាព ស្ថិរភាព និងចីរភាព។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការចុះចតរបស់យន្តហោះធុនធំពីប្រទេសអូស្ត្រាលី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាជោគជ័យមួយរបស់អាកាសយានដ្ឋានថ្មីនេះ ដែលរាជរដ្ឋាភិបាលបានវិនិយោគសម្រាប់ជួយបម្រើដល់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូនផ្សេងទៀត។ បើតាមអ្នកជំនាញរូបនេះ កាលណាមានជើងហោះហើរត្រង់ពីប្រទេសអូស្ត្រាលី មកកាន់ព្រលានយន្តហោះកម្ពុជាបែបនេះ វាជាសញ្ញាណល្អមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាបតែម្តង ដែលជាកន្លែងទេសចរប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា ដែលមានភាពទាក់ទាញ។

លោក ឌិន សុមេធារិទ្ធ ជឿជាក់ថា ប្រសិនជាមានការហោះហើរត្រង់ពីប្រទេសអូស្ត្រាលីជាបន្តបន្ទាប់ទៀតនោះ វិស័យទេចសរណ៍កម្ពុជានឹងកាន់តែប្រសើរឡើងថែមទៀត ដ្បិតថា នៅមុនពេលកូវីដ-១៩ អូស្ត្រាលី គឺជាភ្ញៀវទេសចរដ៏ធំមួយក្នុងចំណោយភ្ញៀវទេសចរមកពីតំបន់អ៊ឺរ៉ុបផ្សេងទៀតដែលមកកម្សាន្តនៅកម្ពុជា។

សូមជម្រាបថា ពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរនេះ គឺប្រព្រឹត្តទៅដោយរួសរាយរាក់ទាក់ និងកក់ក្ដៅក្រៃលែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និង ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយរៀបចំឡើងតាមលក្ខណៈប្រជាជាតិ និងអន្តរជាតិ តាមរយៈការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ជូនបាច់ផ្កា និងក្រម៉ាជូនដល់អ្នកដំណើរគ្រប់គ្នាទាំង២០៨នាក់ និងក្រុមហោះហើរយន្តហោះ១៦នាក់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការកក់បន្ទប់ស្នាក់តាមបណ្ដាខេត្តគោលដៅទេសចរណ៍ កំពុងកើនឡើង ខណៈពិធីបុណ្យអុំទូកនឹងចូលមកដល់នៅចុងសប្ដាហ៍នេះ

ព័ត៌មាន
មន្ត្រីទេសចរណ៍ នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍សំខាន់ៗដូចជានៅសៀមរាប និងក្រុងព្រះសីហនុ បានអះអាងថា សកម្មភាពកក់បន្ទប់ស្នាក់កំពុងមានការកើនឡើងគ…

ផ្សារមូលបត្រកៀរគរទុនវិនិយោគបានប្រមាណ៣៥០លានដុល្លារ ក្រោយមានក្រុមហ៊ុន២១ចុះបញ្ជី

ព័ត៌មាន
បើទោះបីវិបត្តិសកលបានជះឥទ្ធិពលជាអវិជ្ជមានដល់វិស័យមូលបត្រសកលរួមទាំងកម្ពុជាក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យមូលបត្រកម្ពុជា នៅតែបន្តដំណើរការយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ