គ្រោះទឹកជំនន់

អ្នកចិញ្ចឹមបង្កងវៀតណាមយំលែងចេញ ខណៈម្នាក់ៗខាតប្រហែលជាង ១២ម៉ឺនដុល្លារ ដោយគ្រោះទឹកជំនន់ ធ្វើឱ្យបង្កងងាប់គ្មានសល់


អ្នកចិញ្ចឹមបង្កងនៅវៀតណាម កំពុងយំលែងចេញហើយ ក្រោយគ្រោះទឹកជំនន់នៅប៉ុន្មានថ្ងៃនេះ បានធ្វើបង្កងប្រហែល ២០លានក្បាល ដែលចិញ្ចឹមនៅក្នុងខេត្ត ដាក់ឡាក់ បានងាប់ខ្ទេចគ្មានសល់ ហើយនេះ គឺជាការខូចខាតដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ សម្រាប់សហគមន៍វារីវប្បកម្មវៀតណាម។
គ្រោះទឹកជំនន់
ដោយ

តំបន់ Song Cau ដែលជាទីតាំងដ៏ធំបំផុតនៃការចិញ្ចឹមបង្កងនៅក្នុងប្រទេសវៀតណាម បានជួបទុកធ្ងន់ធ្ងរ ខណៈដែលទឹកជំនន់បានបុកចូលទីតាំងកសិដ្ឋាន ធ្វើឱ្យបង្កងងាប់អណ្តែតពេញផ្ទៃទឹក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រធានសហករណ៍ចិញ្ចឹមបង្កងនៅក្នុងតំបន់ សុង ខៅ (Song Cau) លោក ដួន វ៉ាន់ គ័ង (Doan Van Quang) បាននិយាយប្រាប់អ្នកសារព័ត៌មានថា បង្កងប្រហែល ៩៩% ដែលមានពលរដ្ឋចិញ្ចឹមបានងាប់ខ្ទេចគ្មានសល់ឡើយ ហើយតាមការប៉ានប្រមាណ អ្នកចិញ្ចឹមដែលជាសមាជិកសហគមន៍ ម្នាក់ៗខាតជាមធ្យមមិនតិចជាង ១២ម៉ឺនដុល្លារអាម៉េរិក ហើយរូបលោកផ្ទាល់ ខាតដល់ទៅ ១៦ម៉ឺនដុល្លារឯណោះ។

បើតាមប្រធានសហករណ៍រូបនេះ តាំងពីលោកចេះចិញ្ចឹមបង្កងមកមិនដែលឃើញ ករណីបង្កងងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះឡើយ ហើយក៏មិនធ្លាប់ឃើញទឹកជំនន់ឡើងខ្លាំងដូចពេលនេះដែរ។

មុនទឹកជំនន់វាយឡុកកសិដ្ឋាន អ្នកចិញ្ចឹមបង្កងវៀតណាម រំពឹងថា នឹងទទួលបានផលចំណេញពីការប្រមូលផលបង្កងរបស់ពួកគេ នៅអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ។ ប៉ុន្ដែ អ្វីៗ ត្រូវរលាយគ្មានសល់ ដូចអំបិលត្រូវទឹក ក្រោយមហន្ដរាយគ្រោះទឹកជំនន់បានវាយប្រហារ។

បើតាមលោក គ័ង បានឱ្យដឹងថា នៅពេលដែលប៉ះពាល់នឹងទឹកសាប បង្កងមិនអាចរក្សាជីវិតរបស់ពួកវាបានទេ ហើយ ពេលនេះសហករណ៍កំពុងធ្វើប្រមូលបង្កងដែលងាប់ៗ និងសម្អាតទ្រុងចិញ្ចឹម ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។

បច្ចុប្បន្ន តម្លៃបង្កងនៅវៀតណាម សម្រាប់បង្ករស់ធម្មតា មានតម្លៃប្រហែល ៤៤ដុល្លារក្នុងមួយគីឡូក្រាម ប៉ុន្ដែ សម្រាប់បង្កងដែលលិចទឹកងាប់ លក់បានត្រឹមតែតម្លៃ ប្រហែល ១,៦ ទៅ ២,៨ ដុល្លារក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ពោលគឺតម្លៃនេះ ស្ទើរតែមួយភាគដប់នៃតម្លៃធម្មតា។

លោក Quang បានកត់សម្គាល់ថា អ្នកទិញចិន ក៏បានលុបចោលកិច្ចសន្យារបស់ពួកគេរួចហើយដែរ បន្ទាប់ពីបានដឹងអំពីឧបទ្ទវហេតុនេះ។

គិតត្រឹមម៉ោង ៥ល្ងាច នៅថ្ងៃទី ២៣ ខែវិច្ឆិកា របាយការណ៍ពីអាជ្ញាធរវៀតណាមបានបង្ហាញថា ៩៥% នៃកន្លែងចិញ្ចឹមបង្កងបណ្តែតទឹកនៅតំបន់ សុងខៅ (Song Cau) ត្រូវបានខូចខាតប្រមាណជាង៧ម៉ឺន៧ពាន់ទ្រុងចិញ្ចឹម និងបង្កងជាង ២០ លានក្បាលបានងាប់ខូចខាត។ តាមការប៉ាន់ស្មានបឋម តម្លៃខូចខាតសរុបនៃការងាប់បង្កងចិញ្ចឹមទាំងនេះ មានប្រហែលជិត ១០០លានដុល្លារអាមេរិក។




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ