
ការចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់យោធិនរបួស និងគ្រួសារយោធិនពលីនេះ មានការអញ្ជើញចូលរួមដោយ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានអមដំណើរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀត។ ការអញ្ជើញចុះសួរសុខនេះ ក៏បាននាំយកមកជាមួយនូវថវិកា អំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគ សម្រាប់យោធាធិនរបួស និងក្រុមគ្រួសារយោធិនពលីផងដែរ។

ក្នុងកិច្ចចូលរួមបេសកម្មមួយនេះ អិលអូអិលស៊ី ក៏បានបង្កើតមូលនិធិប្រមូលថវិកា ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា និងបាននាំយកនូវស្បៀងអាហារ និងសម្ភារៈចាំបាច់ រួមទាំងថវិកាមួយចំនួនទៅកាន់វីរៈកងទ័ពនៅតាមតំបន់ព្រំដែន រួចរាល់នាពេលថ្មីៗនេះផងដែរ។

លើសពីនេះទៅទៀត អិលអូអិលស៊ី ក៏បានអនុវត្តតាមសេចក្តីណែនាំរបស់របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិតដែលជាអ្នកខ្ចី ឬអ្នករួមខ្ចី ក្នុងប្រតិបត្តិការដោយផ្ទាល់នៅសមរភូមិប្រយុទ្ធ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ។

អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារសង្គម សំដៅជួយលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើននៅកម្ពុជា រួមទាំងវិស័យអប់រំ និងសុខាភិបាលជាដើម៕

