លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានគូសបញ្ជាក់ថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) មានដើមទុនរហូតដល់១,៥ពាន់លានដុល្លារ និងមានបុគ្គលិកជិត៤ពាន់នាក់ ព្រមទាំងការប្រមូលទ្រព្យសន្សំបានជិត១ពាន់លានដុល្លារ និងទ្រព្យផ្សេងៗប្រមាណ១,៣ពាន់លានដុល្លារអាម៉េរិក។ ជាទស្សនវិស័យវែងឆ្ងាយទៅថ្ងៃអនាគត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយនេះ ចង់ប្រែក្លាយទៅជាធនាគារពាណិជ្ជ នៅឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ការចង់ប្រែក្លាយទៅជាធនាគារពាណិជ្ជនេះ គឺដើម្បីបង្កភាពងាយស្រួល និងភាពកក់ក្ដៅដល់អតិថិជនមួយកម្រិតទៀត ព្រមទាំងការរៀបចំសេវាបន្ទាប់បន្សំមួយចំនួនទៀត ដើម្បីចាប់យកនូវចំណែកទីផ្សារណាមួយបន្ថែមទៀតផងដែរ។
បើតាមការអះអាងរបស់ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី រូបនេះ គម្រោងប្រែក្លាយទៅជាធនាគារពាណិជ្ជនៅពេលខាងមុខ បានគិតគូរអស់ពេលជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្នគម្រោងប្រែក្លាយនេះ ក៏មានអ្វីៗគ្រប់យ៉ាងអស់ដែរ ពោលគឺនៅរង់ចាំតែការអនុម័ត និងទទួលអាជ្ញាប័ណ្ណប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក សុខ វឿន បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន គឺពុំបានបង្កជាឧបសគ្គដល់គម្រោងប្រែក្លាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទៅជាធនាគារពាណិជ្ជនោះទេ ខណៈ អិលអូអិលស៊ី នៅតែមានភាពរឹងមាំ និងខ្លាំងគ្រប់យ៉ាង៕
អត្ថបទ៖ បូ ដូឡា