លទ្ធផលបឋមចុងក្រោយ នៃការបោះឆ្នោតសកលនៅថៃកាលពីថ្ងៃអាទិត្យ បានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះថៃបានទទួលអាសនៈមិនគួរឱ្យជឿរហូតដល់១៩៣អាសនៈ នាំមុខគណបក្សប្រជាជន ដែលទទួលបានត្រឹមតែ១១៨អាសនៈ។ ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនេះបានបង្កើតជាមន្ទិលសង្ស័យកាន់តែខ្លាំង ស្របពេលដែលភាពមិនប្រក្រតីចាប់ផ្ដើមលេចធ្លាយជាបន្តបន្ទាប់។
ជាក់ស្តែងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រជាពលរដ្ឋ និងតំណាងគណបក្សនយោបាយនៅមណ្ឌលលេខ១ក្នុងខេត្តឈុនបុរី បានសម្រុកទៅជួបជាមួយមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីស្វែងរកការបំភ្លឺអំពីភាពមិនប្រក្រតី ដែលសង្ស័យអំពីករណីលួចបន្លំសន្លឹកឆ្នោត។ ពួកគេអះអាងថា មានសញ្ញាណមិនប្រក្រតីជាច្រើន ដែលមិនអាចទទួលយកបាននៅក្នុងដំណើរការរាប់សន្លឹកឆ្នោត។
ពាក់ព័ន្ធបញ្ហានេះ អតីតសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថៃម្នាក់បាននិយាយថា ការបោះឆ្នោតនៅក្នុងមណ្ឌលលេខ១នោះបានបង្ហាញពីសញ្ញា នៃការក្លែងបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ ដោយសារតែការមិនអនុវត្តតាមបទប្បញ្ញត្តិ ដែលកំពុងបង្កបញ្ហាធ្ងន់ធ្ងរ ដែលអាចនាំឱ្យមានការចោទប្រកាន់មិនត្រឹមតែព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចមានការបោះឆ្នោតឡើងវិញផងដែរ។
លោក ស៊ុមឆៃ ស្រ៊ីស៊ុតធីយ៉ាងខន (Somchai Srisutthiyakorn) អតីតសមាជិកគណកម្មាធិការរៀបចំការបោះឆ្នោតថៃបានបង្ហោះសារនៅលើបណ្តាញសង្គមថា ការបោះឆ្នោតថ្នាក់ជាតិនៅថៃកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ជាការរៀបចំដែលខ្វះវិជ្ជាជីវៈបំផុត។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ បញ្ហាមានចាប់ពីការបិទផ្សាយសេចក្តីជូនដំណឹង ដែលច្របូកច្របល់ ភាពមិនប្រក្រតីក្នុងការត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ ការដោះស្រាយបញ្ហាសន្លឹកឆ្នោតមិនត្រឹមត្រូវ ការក្លែងបន្លំរុញសន្លឹកឆ្នោតបន្ថែមចូលទៅក្នុងប្រអប់របស់មន្ត្រី រហូតដល់ការរាប់សន្លឹកឆ្នោតដែលខ្វះតម្លាភាព៕
ដោយៈ សរ សុជាតិ