លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅបណ្ដាប្រទេសមួយចំនួនគេពុំអនុញ្ញាតឱ្យដាក់រង្វាន់ផ្សងសំណាងនៅក្នុងគ្រឿងស្រវឹងនោះទេ ព្រោះការដាក់រង្វាន់បែបនេះ គឺជាការអូសទាញយុវជន និងអ្នកដែលមានជីវភាពមិនសូវធូរធារឱ្យពួកគេចូលរួមទិញគ្រឿងស្រវឹងដើម្បីផ្សងសំណាង។ តែយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា ការធ្វើសកម្មភាពរបស់ក្រុមហ៊ុននីមួយៗ គឺអាស្រ័យលើការកំណត់របស់ច្បាប់ ហើយក្នុងករណីខ្លះដែលច្បាប់ពុំទាន់បានចែង ឬអាជ្ញាធរមិនរារាំង នោះបុគ្គល ឬក្រុមហ៊ុននីមួយៗមានសិទ្ធិអាចធ្វើកិច្ចការទាំងនោះបាន។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ម្ចាស់គ្រឹះស្ថាន អង្គភាព ក្រុមហ៊ុន និងប្រតិបត្តិករផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ក៏ដូចជាក្រុមហ៊ុនអ្នកផលិត ចែកចាយ លក់ផលិតផលគ្រឿងស្រវឹង ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលការណ៍ ដែលបានណែនាំ និងវិធានកំណត់បែបបទ នីតិវិធី ក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត។ បើតាមអ្នកនាំពាក្យរូបនេះ រាល់ការមិនអនុលោមតាមគោលការណ៍ណែនាំ និងវិធានដែលត្រូវបានដាក់ចេញដោយក្រសួងព័ត៌មាន និងតាមរយៈយន្តការអន្តរក្រសួង នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។
សូមរម្លឹកថា កាលពីពេលកន្លងទៅ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំជាសាធារណៈមួយពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងនោះក្រសួងហាមអនុញ្ញាតឱ្យមនុស្សឡើងលើឆាកប្រកួត ឬឆាកសម្តែងនានាទទួលទានគ្រឿងស្រវឹង ហាមពិធីករ ពិធីការិនី និងសិល្បៈករ សិល្បៈការិនី ឬជនដែលមានឥទ្ធិពលនៅក្នុងបណ្តាញទំនាក់ទំនងសង្គមគាស់ក្រវិលកំប៉ុង និងជំរុញឱ្យមានការទទួលទានគ្រឿងស្រវឹង រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវតែដាក់សារព្រមាន តម្រូវឱ្យពិធីករ ពិធីការិនីផ្សព្វផ្សាយសារអប់រំឱ្យបានញឹកញាប់អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរជាដើម។
របាយការណ៍សិក្សាស្រាវមួយរបស់ Wisevoter បានបង្ហាញថា កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ខណៈឡាវឈរនៅលេខរៀងទី១ និងវៀតណាមឈរនៅលេខទី២។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានដែលមានប្រជាជនផឹកស្រាទាបជាងគេ គឺប្រទេសព្រុយណេ បន្ទាប់មកសិង្ហបុរី ម៉ាឡេស៊ី និងប្រទេឥណ្ឌូនេស៊ី។
បើតាមរបាយការណ៍នោះ ប្រជាជនកម្ពុជាម្នាក់ផឹកស្រាជាមធ្យមអស់៩.៣៨លីត្រ។ ទន្ទឹមនឹងនេះ របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ក្នុងមួយឆ្នាំមានមនុស្សរហូតដល់២លាន៦សែនបានស្លាប់ដោយសារការទទួលទានគ្រឿងស្រវឹង ហើយអ្នកស្លាប់ភាគច្រើនលើសលប់ជាបុរស៕
អត្ថបទ៖ បូ ដូឡា