
ការកម្លាយខ្លួន ទៅជា គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក ត្រូវបានក្រុមហ៊ុនអះអាងថា មិនត្រឹមតែជាផ្នែកមួយ ជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវឱកាសការងារដ៏ច្រើនសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយចូលរួមចំណែកក្នុងការបំពេញនូវតម្រូវការ ជូនបងប្អូនប្រជាពលរដ្ឋឱ្យទទួលបាននូវយានយន្តក្នុងក្តីស្រមៃរបស់ខ្លួនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ការកម្លាយខ្លួននេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើនប្រកបដោយនិរន្ដរភាពរបស់ក្រុមហ៊ុន ដោយបានកើតចេញពីការរួមចំណែកដ៏ធំធេងពីសំណាកភាគទុនិក ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយសុចរិតភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះក្រុមហ៊ុន និងអតិថិជន ដើម្បីផ្ដល់នូវការអភិវឌ្ឍផលិតផល និងសេវាកម្មប្រកបដោយគុណភាព និងទុកចិត្តសម្រាប់ប្រជាជនកម្ពុជា។

យ៉ាងណាមិញ ចំពោះ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក ដែលទើបតែបានបង្កើតឡើងថ្មីនេះ គឺមានទស្សនវិស័យអភិវឌ្ឍខ្លួនទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់សេវាកម្ម ភតិសន្យាហិរញ្ញវត្ថុ និងកម្ចី រថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
បេសកកម្មរបស់គ្រឹះស្ថានមួយនេះ គឺផ្តល់សេវាកម្មភតិសន្យា និងកម្ចី ជូនដល់បុគ្គល និងក្រុមហ៊ុនសហគ្រាស ជាមួយនឹងមធ្យោបាយ ឬធនធាន ដើម្បីគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់គេឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក ប្តេជ្ញាធានានូវអត្ថប្រយោជន៍ដែលមាននិរន្តរភាពជូនដល់ម្ចាស់ភាគហ៊ុន បុគ្គលិក និងសហគមន៍ទាំងមូល។ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក អះអាងទៀតថា នឹងបម្រើតាមគោលការណ៍សីលធម៌ខ្ពស់បំផុត គ្រប់ពេលវេលា ដោយគោរពច្បាប់ សង្គម និងបរិស្ថាន ។

សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ត្រូវបានបង្កើតឡើង ដោយឧកញ៉ា លី សុភ័ក្ដ នៅឆ្នាំ២០១៥ ជាមួយនឹងដើមទុនដំបូង ៣លានដុល្លារ ហើយនៅឆ្នាំ២០១៦ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា។ កាលពីឆ្នាំ២០២៣ កន្លងទៅ ក្រមហ៊ុននេះ ក៏បានធ្វើការវិនិយោគរួមគ្នា ជាមួយនឹងក្រុមហ៊ុន HOTAI FINANCE CO., LTD ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅតៃវ៉ាន់ផងដែរ៕