បទល្មើសបច្ចេកវិទ្យា

តើការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ប្រយុទ្ធប្រឆាំងស្កេមអនឡាញ អាចជួយស្តារមុខមាត់ និងជម្រះការចោទប្រកាន់មកលើកម្ពុជា យ៉ាងណាដែរ?


កម្ពុជា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ខ្សែសង្វាក់ និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
បទល្មើសបច្ចេកវិទ្យា
ដោយ

ក្រុមអ្នកវិភាគ និងអ្នកជំនាញមើលឃើញថា ប្រសិនបើការប្តេជ្ញាចិត្តនយោបាយនេះត្រូវបានផ្លាស់ប្តូរទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព នោះវានឹងជួយផ្លាស់ប្តូរទស្សនៈសកលមកលើកម្ពុជា និងស្តារទំនុកចិត្តលើវិស័យវិនិយោគ និងទេសចរណ៍ឡើងវិញ។ លើសពីនេះ សន្និសីទនេះ វានឹងក្លាយជាវេទិកាមួយសម្រាប់កម្ពុជា ក្នុងការបកស្រាយ និងជម្រះមន្ទិលសង្ស័យជុំវិញបញ្ហាស្កេមអនឡាញផងដែរ។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានលើកឡើងថា សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និងបង្ហាញពីការតាំងចិត្តរបស់រដ្ឋាភិបាលក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសឱ្យស្របតាមគោលដៅ ដែលសហគមន៍អន្តរជាតិចង់បាន។

អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើកម្ពុជាអាចអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព នោះវានឹងជួយកែលម្អមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្លាស់ប្តូរទស្សនៈរបស់ជនបរទេសមួយចំនួន ដែលធ្លាប់មានការយល់ឃើញអវិជ្ជមានចំពោះកម្ពុជា។ កត្តានេះ ក៏អាចរួមចំណែកបង្កើនទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរបរទេសឱ្យត្រឡប់មកកម្ពុជា និងបន្តសកម្មភាពវិនិយោគ ឬទេសចរណ៍ឡើងវិញផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា កម្ពុជាមិនមានផលប្រយោជន៍ក្នុងការលាក់បាំង ឬការពារក្រុមឆបោកតាមប្រព័ន្ធអនឡាញនោះទេ ហើយកម្ពុជាផ្ទាល់ ក៏ជាប្រទេសមួយដែលរងផលប៉ះពាល់ពីបទល្មើសប្រភេទនេះផងដែរ មិនមែនជាប្រភពដើមនៃប្រតិបត្តិការឆបោកទាំងនេះឡើយ។

លោកបណ្ឌិតបានបន្តថា ក្រោយបញ្ចប់សន្និសីទអន្តរជាតិនេះ កម្ពុជាអាចទទួលបានបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីរួមគ្នាបង្ក្រាប និងកាត់ផ្តាច់បណ្តាញឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន។ លើសពីនេះលោកបណ្ឌិតយល់ថា សន្និសីទនេះ ក៏អាចជាវេទិកាមួយសម្រាប់កម្ពុជាបញ្ជាក់ពីជំហររបស់ខ្លួនចំពោះការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយលោកបានលើកឡើងពីការអះអាងរបស់ភាគីថៃកន្លងមក ដែលបានភ្ជាប់បញ្ហាស្កេមអនឡាញទៅនឹងសកម្មភាពតាមព្រំដែនកម្ពុជា-ថៃ។

មិនខុសគ្នានោះទេ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានសង្កេតឃើញថា ព្រឹត្តិការណ៍នេះជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសមិទ្ធផលនៃការបង្ក្រាបកន្លងមក និងជម្រះការចោទប្រកាន់នានាមកលើកម្ពុជា។ លោកបន្ថែមថា ក្រៅពីកិច្ចសហប្រតិបត្តិការអន្តរជាតិ វេទិកានេះ គឺជាតុចរចាដ៏សំខាន់សម្រាប់កម្ពុជាក្នុងការឆ្លើយតបផ្នែកការទូតលើបញ្ហាព្រំដែន ដែលត្រូវបានភាគីជិតខាងយកធ្វើជាលេសភ្ជាប់ទៅនឹងបទល្មើសអនឡាញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញនេះ វាជាមោទនភាពសម្រាប់កម្ពុជា ដែលបានប្រែក្លាយពីអ្នកដែលត្រូវបានគេចោទប្រកាន់ថាជាសំបុកស្កេមអនឡាញមកក្លាយជាម្ចាស់ផ្ទះសន្និសីទដែលមានការទទួលស្គាល់ជាអន្តរជាតិ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ដល់ពេលដែលកម្ពុជាត្រូវបោសសម្អាតបទល្មើសស្កេមអនឡាញឱ្យអស់ពីផ្ទៃប្រទេសដោយប្រែក្លាយកម្ពុជាពីប្រទេសដែលរងការចោទប្រកាន់ឱ្យទៅជាគំរូនៃភាពជោគជ័យក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យាកម្រិតតំបន់តាមរយៈវេទិកាអន្តរជាតិមួយនេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជា ​​​​ត្រូវពង្រឹងខ្លួនបែបណា ដើម្បីក្លាយជាប្រទេសផលិត និងចែកចាយគ្រឿងបង្គុំរថយន្តដ៏មានសក្តានុពលនៅក្នុងតំបន់?

កម្ពុជា កំពុងបោះជំហានយ៉ាងរឹងមាំពីការពឹងផ្អែកលើការនាំចូលរថយន្តពីបរទេសទាំងស្រុងទៅជាប្រទេស ដែលមានសមត្ថភាពក្នុងការផលិត និងផ្គុំដំឡើងរថយន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ