នាយករដ្ឋមន្ត្រីវៀតណាលោក ផាម មិញជិញ កាលពីពេលថ្មីៗបានប្រាប់ប្រធានាធិបតីចិនថា ប្រទេសទាំងពីរគួរតែជាដៃគូក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ជាមួយនឹងផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ លោកបានបន្តថា ប្រទេសទាំងពីរគួរតែបង្កើនការតភ្ជាប់ការដឹកជញ្ជូនតាមរយៈផ្លូវដែក ផ្លូវថ្នល់ និងច្រកព្រំដែន ដែលជាផ្នែកមួយនៃក្របខ័ណ្ឌ "ច្រករបៀងពីរខ្សែក្រវ៉ាត់មួយ" ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។
យ៉ាងណាមិញលោកបានស្នើឱ្យចិនជួយសម្រួលដល់ការនាំចេញផលិតផលវៀតណាមសំខាន់ៗដូចជាទុរេនក្លាសេ ដូងស្រស់ និងអង្ករ ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមក្នុងការដឹកជញ្ជូនឆ្លងកាត់ប្រទេសទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប។
លោកយល់ថា ប្រទេសទាំងពីរគួរតែធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាក្លាយជាកត្តាជំរុញកំណើនថ្មី ស្វែងយល់ពីលទ្ធភាពនៃការកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចច្រកទ្វារព្រំដែន និងអភិវឌ្ឍច្រកព្រំដែនឆ្លាតវៃជាដើម។
ជាការឆ្លើយតបននឹងភាគីវៀតណាម លោក ស៊ី ជិនភីង ប្រធានាធិបតីចិនបានយល់ព្រមពិចារណាលើការអនុវត្តតំបន់សេដ្ឋកិច្ចឆ្លងកាត់ព្រំដែនសាកល្បង ហើយបាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការនាំចូលទំនិញវៀតណាម ដែលមានគុណភាពខ្ពស់។ លោកបានលើកឡើងថា ប្រទេសចិនគាំទ្រវៀតណាមក្នុងការពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្ម និងក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មប្រកបដោយនិរន្តរភាពក្នុងតំបន់ និងសកលលោក។
លោកបានបន្ថែមថា កំណែទម្រង់ដ៏ទូលំទូលាយដែលកំពុងបន្តរបស់ប្រទេសចិន និងការអភិវឌ្ឍន៍កងកម្លាំងផលិតកម្មប្រកបដោយគុណភាពថ្មី នឹងផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម ការតភ្ជាប់ការដឹកជញ្ជូន និងសេដ្ឋកិច្ចឌីជីថល។ រដ្ឋាភិបាលចិនគាំទ្រដល់អាជីវកម្មចិនក្នុងការបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលកំពុងរីកចម្រើន។
ទន្ទឹមនឹងនេះ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងរួមគ្នាក្នុងការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រចិនខាងត្បូង ដោយផ្តោតលើការរក្សាសន្តិភាព និងស្ថិរភាព។ តាមសេចក្តីរាយការណ៍ដោយកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាមបានឈានដល់ទៅ២០០ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ