គម្រោងអភិវឌ្ឍន៍ទីក្រុងនៅម៉ាឡេស៊ី

គម្រោងអភិវឌ្ឍន៍ទីក្រុងតម្លៃ១០០ពាន់លានដុល្លារនៅម៉ាឡេស៊ីបន្ដជាប់គាំង ទោះបីប្រទេសបើកសេដ្ឋកិច្ចឡើងវិញក្ដី


បន្ទាប់ពីជាប់ផុងក្នុងអំឡុងវិបត្តិកូវីដ១៩ ម៉ាឡេស៊ីបច្ចុប្បន្ននេះ កំពុងជំរុញឱ្យមានការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញទៅកាន់ពិភពលោក ក្រោយបិទព្រំដែនប្រទេសអស់រយៈពេល២ឆ្នាំ។ បើទោះបីជា ស្ថានភាពកូវីដ១៩ហាក់មានភាពប្រសើរបន្តិចមែន ប៉ុន្ដែវាក៏នៅតែបន្តជះឥទ្ធិពលទៅលើសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីដដែល។ ជាក់ស្ដែង គម្រោងអភិវឌ្ឍន៏ដែលមានតម្លៃ ១០០ ពាន់លានដុល្លារដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន នៅតំបន់ឆ្នេរសមុទ្រក្បែរប្រទេសសិង្ហបុរីនោះ នៅតែបន្តជាប់គាំងនៅឡើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
គម្រោងអភិវឌ្ឍន៍ទីក្រុងតម្លៃ១០០ពាន់លានដុល្លារនៅម៉ាឡេស៊ីបន្ដជាប់គាំង
ដោយ

គម្រោង​អភិវឌ្ឍន៍​ទីក្រុង Forest City របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​មាន​តម្លៃ​១០០​ពាន់​លាន​ដុល្លារ គឺជា​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន Country Garden ប៉ុន្ដែ គម្រោង​នេះ​បច្ចុប្បន្ន​កំពុង​បន្ដ​ជួប​ការ​លំបាក​ក្នុង​ទីផ្សារ​អចលនទ្រព្យ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​វិនិយោគិន​ស្នូល​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​ចិន និង សិង្ហ​បុរី ខណៈ​ការ​អភិវឌ្ឍ​មាន​ភាព​យឺតយ៉ាវ​ជាង​ការ​គ្រោងទុក​។ តាម​ផែនការមេ គម្រោង​ដ៏​ធំ​នេះ​ត្រូវ​បែងចែក​ការ​អភិវឌ្ឍ​ជា​៨​ដំណាក់កាល និង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អភិវឌ្ឍ​ពេញលេញ​នៅ​ឆ្នាំ ២០៣៥ ខាង​មុន​នេះ​។ ប៉ុន្ដែ ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​បង្អាក់​ដំណើរការ​អភិវឌ្ឍ​គម្រោង ខណៈ​មក​ទល់​ពេល​នេះ ទើបតែ​មាន​កោះ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​។

មាន​ចំណែក​ពីរ​ភាគ​បី​នៃ​គម្រោង​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន Country Garden Holdings ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វា​ង​ទុង ហើយ​មួយ​ភាគ​ដែល​នៅ​សល់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ម៉ា​ឡេ​ស៊ី​។

ក្រុមហ៊ុន Country Garden គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​ដ៏​ធំ​ជាងគេ​បំផុត​មួយ​ក្នុង​ប្រទេស​ចិន​។ ខណៈ​ដែល​មាន​ក្រុមហ៊ុន​ចិន​ដៃគូ​ជា​ច្រើន រួម​ទាំង​ក្រុមហ៊ុន Evergrande ផង​នោះ បាន​ខកខាន​ក្នុង​ការ​ទូទាត់​លើ​កាតព្វកិច្ច​បំណុល ក្រុមហ៊ុន Country Garden បាន​រក្សា​សន្យា​របស់​ខ្លួន​ចំពោះ​ម្ចាស់បំណុល នឹង​បង​សងបំណុល​ប្រមាណ ៤២៥​លាន​ដុល្លារ​សម្រាប់​បណ្ណ​បំណុល​នៅ​ក្រៅប្រទេស នៅ​ចុង​ខែមករា​ខាង​មុខ​នេះ។

គម្រោង​ទីក្រុង​ដ៏​ធំ​សម្បើម​នេះ ជា​ការ​អភិវឌ្ឍ​ចម្រុះ​ដែល​រួម​មាន​លំនៅ​ឋាន ការ​លំហែ កន្លែង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ហើយ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​កន្លែង​គយ និង​ប៉ុស្ដិ៍​ត្រួតពិនិត្យ​អន្តោប្រវេសន៍ ដែល​អនុញ្ញាត​ឱ្យ​អ្នក​រស់នៅ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​សិង្ហ​បុរី​។

រហូត​មក​ដល់​ពេល​នេះ​គម្រោង Forest City បាន​ប្រគល់​លំនៅ​ដ្ឋា​ន​ជាង ២​ម៉ឺន​ខ្នង​ហើយ​ទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន បើ​ទោះបីជា​វា​មាន​ទាប​ជាង​អ្វី​ដែល​ធ្លាប់​រំពឹង​ទុក​ក៏​ដោយ​។ អ្វី​ដែល​រំពឹង​ទុក គម្រោង​ទីក្រុង​នេះ នឹង​អាច​រួចរាល់​សម្រាប់​ឲ្យ​ប្រជាជន​ប្រហែល​៧០​ម៉ឺន​នាក់​ទៅ​រស់នៅ​បាន​នៅ​ក្នុង​ឆ្នាំ​២០៣៥​។

គួរ​ជម្រាប​ថា ម្ចាស់​អចលនទ្រព្យ Forest City ភាគច្រើន​មក​ពី​ប្រទេស​ចិន ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ហើយ​វា​ក៏​បាន​ទាក់ទាញ​អ្នកទិញ​ពី​ប្រទេស​វៀតណាម ឥណ្ឌូ​នេ​ស៊ី តៃវ៉ាន់ ហុងកុង កូរ៉េ​ខាងត្បូង និង​ជប៉ុន​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីបង្កើនការបាញ់មីស៊ីលដល់ក្បែរព្រំដែនប៉ូឡូញ ខណៈកិច្ចចរចានៅតែបន្តរៀបចំ

ព័ត៌មាន
កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាននិងកំពុងបន្តធ្វើឡើងកាន់តែខ្លាំង ជាក់ស្តែងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមប្រតិភូចរចា…

សេវាសុខាភិបាលចិនរងសម្ពាធខ្លាំង ក្រោយករណីឆ្លងកូវីដ១៩ កើនដល់តួលេខ៤ខ្ទង់

ព័ត៌មាន
សេវាសុខភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសចិនកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង នៅពេលដែល មេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ