
កំពូលមេដឹកនាំពិភពលោកធំៗទាំងកាចទាំងស្លូតសរុប២៦រូប រួមជាមួយឥស្សរជនជាច្រើនរូបទៀតនឹងចូលរួមក្នុងពិធីហែក្បួនព្យុះហយាត្រាយោធាដ៏ធំសម្បើមនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីរំឭកខួប៨០ឆ្នាំ នៃការសុំចុះចាញ់ជាផ្លូវការរបស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី២។ នេះបើយោងតាមជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក ហុង ឡី (Hong Lei) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា នេះ។
យោងតាមបញ្ជីរាយនាមភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញឱ្យចូលរួម គឺមានទាំងមេដឹកនាំ
អាស៊ានផងដែរ ដោយក្នុងនោះរួមមានប្រធានាធិបតីឥណ្ឌូនេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី
វៀតណាមលោក លឿង កឿង (Luong Cuong)។
ក្រសួងការបរទេសចិនបានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក កាន គីម យ៉ុង (Gan Kim Yong) ក៏ស្ថិតក្នុងចំណោមភ្ញៀវកិត្តិយសដែលបានអញ្ជើញឱ្យចូលរួមក្នុងពិធីហែរក្បួនព្យុះហយាត្រាយោធានេះដែរ។
មេដឹកនាំផ្សេងៗទៀតដែលត្រូវបានអញ្ជើញឱ្យចូលរួមរួមមានទាំងប្រធានាធិបតីបេឡារូស លោក អាឡិចសានដ្រេ លូកាសសេនកូ (Aleksandr Lukashenko) ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូត ប៉េហ្សាសគីយ៉ាន (Masoud Pezashkian) និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក វូ វ៉ុន-ស៊ីក (Woo Won-shik) ផងដែរ។ អ្វីដែលជាការកត់សម្គាល់ឈ្មោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) មិនមានក្នុងបញ្ជីរាយនាមភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ៕
ដោយ: តែម សុខុម