ថាមពលប្រេងឥន្ធនៈ

លោក ពូទីន និងមេដឹកនាំប្រទេសស្តេចប្រេងធំៗចំនួនពីរ សន្យាជួយរក្សាស្ថិរភាពតម្លៃប្រេងពិភពលោក


ប្រធានាធិបតិរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសផលិតប្រេងធំៗពីរនៅមជ្ឈិមបូព៌ា។ ក្នុងដំណើររយៈពេលមួយថ្ងៃនោះ លោក បានជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត និងបានពិភាក្សាគ្នាជាច្រើនម៉ោងបន្ទាប់ពីបានចុះចតដំបូងនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយបានលើកសរសើរអំពីទំនាក់ទំនងស្និតល្មួតរវាងប្រទេសទាំងពីរក្នុងនាមជាប្រទេសសមាជិក OPEC+ ដូចគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ថាមពលប្រេងឥន្ធនៈ
ដោយ

យោងតាមក្រសួងការពារជាតិរុស្ស៊ី លោក ពូទីន បុរសខ្លាំងរុស្ស៊ី បានបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Abu Dhabi ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្រោមការការពារពីយន្តហោះចម្បាំងរុស្ស៊ី Su-35 ចំនួនបួនគ្រឿង ដែលបានហោះការពារជាប់នឹងយន្តហោះរបស់ប្រធានាធិបតីលើដំណើរទាំងមូលមកកាន់តំបន់មជ្ឈិមបូព៌ា។

ក្នុងជំនួបនៅរដ្ឋធានី Abu Dhabi មេដឹកនាំអេមីរ៉ាតអារ៉ាប់រួមលោក Zayed al-Nahyan បានហៅលោក ពូទីន ថាមិត្តសម្លាញ់ និងបានរៀបចំពិធីទទួលយ៉ាងរាក់ទាក់។ លោក ពូទីន បានប្រាប់មេដឹកនាំអារ៉ាប់នេះថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន ហើយអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មមួយដ៏សំខាន់របស់រុស្ស៊ីនៅក្នុងពិភពអារ៉ាប់។

ក្រោយចុះចតនៅអេមីរ៉ាតអារ៉ាប់រួម លោក ពូទីន បានបន្តដំណើរទៅប្រទេសក្បែរខាងអារ៉ាប់មួយទៀតគឺស្តេចប្រេងអារ៉ាប៊ីសាអូឌីត។ នៅទីនោះ លោក ពូទីន និងព្រះអង្គម្ចាស់ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីត បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើតម្លៃប្រេងក្នុងនាមជាសមាជិកនៃអង្គការ OPEC+។

នេះតាមការឱ្យដឹងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ពេស្កូវ ដោយលោកបានបន្ថែមថា ក្នុងជំនួបកាលពីថ្ងៃពុធនោះ ភាគីទាំងពីរបានយល់ស្របថា ប្រទេសទាំងពីរមានទំនួលខុសត្រូវខ្ពស់ចំពោះការផ្សារភ្ជាប់គ្នា ដើម្បីរក្សាទីផ្សារប្រេងអន្តរជាតិនៅក្នុងកម្រិតសមរម្យ ក្នុងស្ថានភាពដែលអាចព្យាករទុកជាមុនបាន។

ទន្ទឹមគ្នានោះ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានដកស្រង់សម្តីព្រះអង្គម្ចាស់ Mohammed bin Salman ដោយលោកបានតបទៅលោកពូទីនវិញថា ប្រទេសទាំងពីរចែករំលែកផលប្រយោជន៍ជាច្រើនរួមគ្នា និងកំពុងធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍ដល់ប្រទេសរុស្ស៊ី អារ៉ាប៊ីសាអូឌីត មជ្ឈិមបូព៌ា និងពិភពលោកជារួម។

បើតាមការថ្លែងដំបូងរបស់លោក ពូទីន ដោយបានបង្ហាញតាមរយៈទូរទស្សន៍រុស្ស៊ី លោកបានអរគុណដល់ព្រះអង្គម្ចាស់ Mohammed bin Salman សម្រាប់ការអញ្ញើញ និងបាននិយាយថា គ្មានអ្វីអាចរារាំងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរបានឡើយ។

គួរជម្រាបថា លោក ពូទីន បានបញ្ចប់ដំណើរទស្សនកិច្ចមួយថ្ងៃនៅប្រទេសផលិតប្រេងទាំងពីរ និងឆ្ពោះទៅទីក្រុងម៉ូស្គូវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយគ្រោងអញ្ជើញមេដឹកនាំអ៊ីរ៉ង់ Ebrahim Raisi ក្នុងជំនួបនៅទីនោះ។

ស្របពេលដែលមេដឹកនាំប្រទេសនាំចេញប្រេងធំៗជួបគ្នា មានសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារថា តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំខែមកនេះ។ ទីផ្សារប្រេងធ្លាក់ចុះរយៈពេលបួនថ្ងៃជាប់ៗគ្នានេះ កើតឡើងក្រោយមានការសង្ស័យលើអង្គការ OPEC+ ដែលបានប្រកាសពីការកាត់បន្ថយការផ្គត់ផ្គង់ប្រេងកាលពីសប្តាហ៍មុន ខណៈប្រាក់ដុល្លារអាម៉េរិកកាន់តែរឹងមាំ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា អង្គការ OPEC+ បានយល់ព្រមកាត់បន្ថយទិន្នផលប្រេងប្រហែល២,២លានធុងបារ៉ែលក្នុងមួយថ្ងៃសម្រាប់ត្រីមាសទីមួយនៃឆ្នាំ២០២៤។ ការប្រកាសនេះចំពេលប្រាក់ដុល្លារអាម៉េរិកកាន់តែរឹងមាំ វាអាចកាត់បន្ថយតម្រូវការប្រេង ដោយធ្វើឱ្យប្រេងឥន្ធនៈកាន់តែថ្លៃសម្រាប់អ្នកទិញដោយប្រើរូបិយប័ណ្ណផ្សេងទៀត។ ទន្ទឹមនឹងនេះ អត្រាការប្រាក់ទាបអាចបង្កើនតម្រូវការប្រេង ដោយវានឹងធ្វើឱ្យកាន់តែថោកសម្រាប់អ្នកប្រើប្រាស់ក្នុងការខ្ចីប្រាក់ដើម្បីទិញទំនិញ និងសេវាកម្មកាន់តែច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនលែងខ្វល់ពីអាម៉េរិកលើការរិតត្បិតសម្ភារសៀគ្វីដែលជាគ្រឿងសំខាន់សម្រាប់ផលិតរថយន្តអគ្គិសនី

ព័ត៌មាន
ដោយសារតែតម្រូវការបន្ទះសៀគ្វីអេឡិចត្រូនិក ចេះតែកើនឡើងគួបផ្សំនឹងការរិតត្បិតរបស់អាម៉េរិក ក្រុមហ៊ុនផលិតរថយន្តរបស់ចិន កំពុងតែប្រកាសផ្គត់ផ្គង…

តើកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅក្នុងខែធ្នូនេះ នឹងផ្តោតលើវិស័យ និងរឿងសំខាន់ៗអ្វីខ្លះ?

ព័ត៌មាន
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូខាងមុខនេះ នឹងផ្តោតសំខាន់នៅលើឌីជីថលនីយកម្ម និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ