ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (Miti) របស់ម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកធ្វើកំណែទម្រង់ឡើងវិញ ដើម្បីស្តារប្រព័ន្ធយុត្តិធម៌ និងសន្តិសុខក្នុងពាណិជ្ជកម្មពិភពលោក។ ការស្នើបែបនេះរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺលោកស្រី អិនហ្គោហ្ស៊ី អូកុនចូ-អ៊ីវ៉េឡា ( Ngozi Okonjo-Iweala) អំឡុងដំណើរទស្សនកិច្ចលើកដំបូងនៅម៉ាឡេស៊ី ចន្លោះពីពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះដែរ លោក អានវ៉ា អ៊ីប្រាហ៊ីម និងលោកស្រីអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានពិភាក្សាគ្នាអំពីបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងបញ្ហាពាណិជ្ជកម្មពិភពលោករួមទាំងការកើនឡើងនូវការគាំពារនិយមផ្នែកពាណិជ្ជកម្ម និងកម្សោយនៃប្រព័ន្ធដោះស្រាយវិវាទ ដែលបានប៉ះពាល់ដល់ភាពគួរឱ្យជឿទុកចិត្តបានរបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងការធានាបាននូវភាពត្រឹមត្រូវយុត្តិធម៌ និងសន្តិសុខនៅក្នុងពាណិជ្ជកម្មពិភពលោកផងដែរ។
នៅចំពោះមុខថ្នាក់ដឹកនាំ WTO រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (Miti) លោក តេងគូ ដាទុក ស៊េរី ហ្សារុល អាប់ឌុល អាហ្ស៊ីស (Tengku Datuk Seri Zafrul Abdul Aziz) ប្រទេសម៉ាឡេស៊ី បានខិតខំពង្រឹងឋានៈរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ស្វាហាប់ ទន្ទឹមនឹងការលើកកម្ពស់ពាណិជ្ជកម្មពិភពលោកប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
ទន្ទឹមនេះ រដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញឱ្យអង្គការពាណិជ្ជកម្មពិភពលោកដើរតួនាទីធំជាងមុនផងដែរ នៅក្នុងការជួយគាំទ្រឱ្យប្រទេសនានាទទួលបានដោយស្មើភាពនូវបច្ចេកវិទ្យាបៃតង ហិរញ្ញប្បទានអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕
ដោយ: តែម សុខុម