ចំណូលពន្ធបីខែដំបូង

ត្រឹម៣ខែដំបូងឆ្នាំនេះ រដ្ឋប្រមូលចំណូលពន្ធបានជិត ២ពាន់លានដុល្លារ


បើទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ច្រើនជុំវិញវិបត្តិកូវីដ១៩ និងភាពតានតឹងនៃស្ថានការណ៍ពិភពលោកក្ដី ប៉ុន្ដែ ការប្រមូលចំណូលពន្ធរបស់កម្ពុជា ទាំងពន្ធគយ និងពន្ធដារ នៅត្រីមាសទី១ឆ្នាំ២០២២ សម្រេចបានដល់ទៅជិត២ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ដោយ

ក្នុងនោះ ចំណូលដែលប្រមូលបាន​ដោយ​អគ្គនាយកដ្ឋានពន្ធដារមានជាង ១ពាន់២រយលានដុល្លារ ស្មើនឹងជិត៤៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ កើនជាង​២២%។ រីឯ អគ្គនាយកដ្ឋានគយនិងរដ្ឋាករវិញ ប្រមូលចំណូលបានប្រមាណ ៦០០លានដុល្លារអាមេរិក ស្មើនឹងជាង​២៣%នៃផែនការ បានថយចុះ ២,៥% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ជុំវិញការប្រមូលចំណូលពន្ធដោយសារប័នប្រមូលចំណូលទាំងនេះដែរ ត្រូវបាន​អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា វាជាការឆ្លុះបញ្ចាំងឲ្យឃើញពីការស្ទុះងើបឡើវិញ​កាន់តែប្រសើរឡើងនៃ​សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិកូវីដ១៩។

បន្ទាប់ពីកម្ពុជា បានបើកសេដ្ឋកិច្ច និងសង្គម ឡើងវិញ ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏កាន់តែប្រសើរឡើងវិញ ពិសេសនារយៈចុងក្រោយនេះ។ ជាក់ស្ដែង នៅរយៈពេល ៣ខែ ដំបូង ក្នុង ឆ្នាំ២០២២ ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានពន្ធដារមានជាង ១ពាន់​២រយលានដុល្លារ កើនជាង២២% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។  

ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា នៅខែមីនា ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ​ប្រមូល​ប្រមូលបាន​ មានចំនួន​ច្រើន​ជាងគេ​បំផុត​ដល់​ទៅ​ប្រមាណ ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ 

ដោយឡែក ចំពោះការប្រមូលចំណូលពន្ធគយវិញ នៅត្រីមាសទី១ ឆ្នាំ២០២២ ទទួលបានថវិកា ប្រមាណ ៦០០លានដុល្លារ អាមេរិក ដែលបានថយចុះ ២,៥% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ បើទោះជា តួលេខនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារកើន តែការប្រមូលចំណូលពន្ធគយ បានថយចុះក្ដី ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច នៅតែបង្ហាញយល់ឃើញថា វាគឺពីភាពរឹងមាំ និងសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជា។

បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញពីកត្តាមួយចំនួនដែលធ្វើឲ្យការប្រមូលចំណូលពន្ធដារ មានការកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២២នេះ ពោលគឺដោយសារតែចន្តរនៃសេដ្ឋកិច្ចក្នុងស្រុកមានកំណើន ជាពិសេសវិស័យលក់រាយក្នុងស្រុក ក៏ដូចជាការនាំចេញរបស់កម្ពុជា កាន់តែមានសន្ទុះគួរឲ្យកត់សម្គាល់។ ក៏ប៉ុន្តែ បណ្ឌិត គី សិរីវឌ្ឍន៍ ក៏បានបន្តទៀតដែរថា ការកាត់បន្ថយចំណាយលើការប្រើប្រាស់របស់របរ ពីខាងក្រៅប្រទេស របស់ប្រជាជនកម្ពុជា គឺជាមូលហេតុដែលធ្វើឲ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ ថយចុះ ២,៥% នៅត្រីមាសទី១ ឆ្នាំ២០២២នេះ។

អ្នកជំនាញបន្ថែមថា តាមរយៈសកម្មភាពគម្រោងវិនិយោគនានា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសមួយចំនួនជាដើម កាន់តែបង្ហាញពីភាពរឹងមាំ និងសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជា ដែលជាកត្តា​ជំរុញឲ្យ​ការប្រមូលចំណូល​សម្រេចបាន​ក្នុងកំណើនល្អ។

សូមបញ្ជាក់ថា ពេញមួយឆ្នាំ២០២១ កម្ពុជាចំណូលពីការ ប្រមូលពន្ធដារ និងពន្ធគយបានជាង ៤ពាន់​៥រយលានដុល្លារអាមេរិក។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មានជាង ២ពាន់​២រយលានដុល្លារ កើន​លើសផែនការរហូតជាង២៤%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសក្នុងតំបន់អាស៊ីណាខ្លះកំពុងបន្តទិញប្រេងពីរុស្ស៊ី?

ព័ត៌មាន
ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ២ ខែមកហើយ ខណៈការនាំចេញប្រេងរុស្ស៊ីជាច្រើននៅតែបន្តនាំចេញទៅកាន់ប្រទេសក្នុងតំប…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤

ព័ត៌មាន
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ