ប្រទេសម៉ាឡេស៊ីមានអគារផ្សារទំនើបច្រើនលើសលុប ហើយផ្សារទំនើបភាគច្រើនហាក់មិនសូវមានអតិថិជននោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អគារផ្សារទំនើបថ្មីៗមួយចំនួននៅតែបន្តសាងសង់។ តួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី ដែលមានប្រជាជនត្រឹមតែ៣៣លាននាក់ មានផ្សារទំនើបជាង១ពាន់កន្លែង ដោយក្នុងនោះនៅទីក្រុងកូឡាឡាំពូរតែមួយមានអគារផ្សារទំនើបដល់ទៅជាង៧០០កន្លែង។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិម៉ាឡេស៊ីបានឲ្យដឹងថា មកដល់ឆ្នាំ២០២៣ ទំហំទីកន្លែងលក់ទំនិញរាយនៅក្នុងប្រទេសនេះបានកើនឡើងរហូតដល់ទៅជិត១៨លានម៉ែត្រការ៉េ ពោលគឺកើនឡើងពីជាង១៦លានម៉ែត្រការ៉េកាលពីឆ្នាំ២០១៩ ប៉ុន្តែអត្រាជួលវិញ គឺទាបជាងមុនការរាតត្បាតកូវីដ១៩។
មុនផ្ទុះវិបត្តិកូវីដ១៩ឆ្លងរីករាលដាល អត្រាជួលអគារពាណិជ្ជកម្មមានប្រមាណជាង៨១ % តែបានថយមកនៅ៧៥% នៅឆ្នាំ២០២២ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ។
នៅពេលនេះក្នុងចំណោមផ្សារទំនើបទាំងអស់ផ្សារខ្លះមានមនុស្សចេញចូលច្រើន ប៉ុន្តែផ្សារខ្លះស្ងាត់ ជាក់ស្តែងដូចជាផ្សារទំនើប Exchange TRX ដែលមានទំហំ ១២៥ពាន់ម៉ែត្រការ៉េមានអត្រាជួលដល់ទៅ៩៥% ប៉ុន្តែអគារផ្សារទំនើបខ្លះ គឺស្ងាត់ខ្លាំង ហើយផ្សារទំនើបខ្លះមានមនុស្សចេញចូលច្រើនតែមិនសូវមានអ្នកទិញ៕
ដោយៈ សរ សុជាតិ