ទីផ្សារមាសពិភពលោក

ចិន រុស្សី និងឥណ្ឌា សម្រុកទិញចូលមាសច្រើនជាងគេក្នុងឆ្នាំ២០២៣ តើពួកគេមានផែនការសម្ងាត់អ្វីនៅពីក្រោយរឿងនេះ?


របាយការណ៍ចុងក្រោយបង្ហាញថា សមាជិកសំខាន់ៗចំនួន៣នៃប្លុកប្រទេស BRICS រួមមាន ចិន រុស្ស៊ី និងឥណ្ឌា កំពុងសម្រុកទិញចូលមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានទិញចូលច្រើនជាងគេបំផុត។ ទំនោរនេះបានបង្កឱ្យមានការចោទសួរថា តើប្រទេសទាំងនេះកំពុងមានផែនការសម្ងាត់អ្វីនៅពីក្រោយរឿងនេះ?
ទីផ្សារមាសពិភពលោក
ដោយ

របាយការណ៍ចុងក្រោយបង្ហាញថា មហាយក្សចិន បាននិងកំពុងប្រមូលទិញចូលមាសជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២២ ដោយទិញចូលជារៀងរាល់ខែក្នុងទំហំរាប់រយលានដុល្លារ។ ហើយគ្រាន់តែនៅក្នុងខែធ្នូ ចុងឆ្នាំ២០២៣ ប្រទេសចិន បានប្រមូលទិញចូលមាសចំនួន៩តោន ក្នុងទំហំ៥៣២លានដុល្លារ និងបានទិញចូលសរុបចំនួន២២៥តោន ក្នុងតម្លៃ១៣,២ពាន់លានដុល្លារអាម៉េរិក សម្រាប់ពេញមួយឆ្នាំ២០២៣។ ក្រៅពីប្រទេសចិន ប្រទេសផ្សេងៗទៀតដែលជាសមាជិកនៃប្លុកប្រទេស BRICS ដូចជាឥណ្ឌា រុស្ស៊ី និងប្រេស៊ីល ជាដើម ក៏កំពុងសម្រុកទិញចូលមាសជាបន្តបន្ទាប់ដែរ។

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បានរាយការណ៍ថា ប្លុកប្រទេស BRICS គឺជាអ្នកទិញចូលមាសច្រើនជាងគេបំផុតទូទាំងពិភពលោកក្នុងឆ្នាំ២០២៣។ ហើយក្នុងចំណោមបណ្ដាប្រទេសជាសមាជិករបស់ BRICS មហាយក្សចិន ឈរនៅលំដាប់កំពូល ខណៈរុស្ស៊ី ជាប់ចំណាត់ថ្នាក់លេខ២ ហើយឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៣។

តើមហាយក្សចិន មានផែនការបង្កើតរូបិយប័ណ្ណ BRICS ដែលគាំទ្រដោយមាស ឬយ៉ាងណា?

មូលហេតុដែលមហាយក្សចិន កំពុងសម្រុកប្រមូលទិញចូលមាសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ទុនបម្រុងរបស់ខ្លួនស្ថិតនៅជាអាថ៍កំបាំងនៅឡើយ។ ខណៈអ្នកខ្លះប៉ាន់ស្មានថា ការសម្រុកទិញចូលមាសនេះអាចជាការធ្វើពិពិធកម្មទុនបម្រុងរបស់ខ្លួន និងជាការត្រៀមលក្ខណៈសម្រាប់វិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ អ្នកផ្សេងទៀតអះអាងថា មាសអាចនឹងត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រដល់រូបិយប័ណ្ណ BRICS ដែលនឹងត្រូវបោះពុម្ពក្នុងពេលឆាប់ៗនេះជាមួយនឹងមាស។

ប្រទេសចិន បានចាប់ផ្តើមគំនិតផ្តួចផ្តើមធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិក កាលពីឆ្នាំមុន ដោយបញ្ចុះបញ្ចូលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យបោះបង់ចោលប្រាក់ដុល្លារអាម៉េរិក នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។

ប្រសិនបើប្លុកប្រទេស BRICS គាំទ្ររូបិយប័ណ្ណដែលមិនទាន់បោះពុម្ពរបស់ខ្លួនជាមួយនឹងមាស នោះវានឹងធ្វើឱ្យទីផ្សាររូបិយប័ណ្ណកាន់តែមានភាពរឹងមាំ។ ទោះជាយ៉ាងណា មាសអាចផ្តល់ការគាំទ្របានតែដំណាក់កាលចាប់ផ្ដើមដំបូងប៉ុណ្ណោះ ហើយវាអាចនឹងធ្វើឱ្យរូបិយប័ណ្ណ BRICS ដាំក្បាលចុះវិញ ប្រសិនបើប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារខេប៊ីប្រាសាក់ នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័ត

ព័ត៌មាន
ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបអំពីការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័តរបស់ខ្ល…

បើកទំព័រឆ្នាំថ្មី ធនាគាររបស់ប្លុកប្រទេស BRICS ផ្ដល់កម្ចី៥០០លានដុល្លារដល់ឥណ្ឌា ដែលធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍ថ្មី ឬ New Development Bank ហៅកាត់ថា NDB របស់ប្លុកប្រទេស BRICS បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងចំណាត់កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ