ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីសម្រេចបានការនាំចេញខ្ពស់

ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីសម្រេចបានការនាំចេញខ្ពស់ ចំពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ និងថាមពល


តម្លៃអាហារ និងថាមពលឡើងខ្ពស់ជាប្រវត្តិសាស្ត្រកំពុងតែជំរុញឱ្យមានការនាំចេញកើនឡើងយ៉ាងលឿននៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលសម្បូរទំនិញមួយចំនួន បើទោះជាសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលកំពុងធ្លាក់ចុះបានបង្កហានិភ័យដល់កំណើនក្នុងតំបន់យ៉ាងក៏ដោយ។ ក្នុងនោះ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាប្រទេសដែលកំពុងមានកំណើននៃការនាំចេញខ្ពស់គួរឲ្យកត់សម្គាល់ បើធៀបនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗមួយចំនួន។
ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីសម្រេចបានការនាំចេញខ្ពស់

ការនាំចេញរបស់ប្រទេស​​ម៉ាឡេស៊ី​បានកើន​ឡើង​ ៣៩% នៅក្នុងខែមិថុនា គឺ​ឡើង​​ដល់កំណត់ត្រាប្រចាំខែ​ប្រហែលជិត​៣៣ ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខចុង​ក្រោយរបស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។

ការនាំចេញថាមពលមានសន្ទុះ​ខ្លាំង​​ ដោយ​ឧស្ម័នធម្មជាតិរាវ​​​បាន​កើន​ឡើង​ ១៥០% តាម​តម្លៃ​គឺ​ខ្ពស់ជាងឆ្នាំមុន​ និងប្រេងឆៅកើនឡើង ៨០% ចំណែក​ប្រេង​ដូង ​និង​ផលិតផល​កសិកម្ម​ពឹង​ផ្អែក​លើ​​​ប្រេង​ដូង ​​ដែល​ជា​ប្រភេទ​ទំនិញធំបំផុត​​ទី៣​​​បាន​កើន​ឡើង ៥២%។ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន​បានបង្កឱ្យមានការកើនឡើង​នូវ​តម្លៃសម្រាប់ផលិតផលនីមួយៗ​ និង​​កើនឡើង​ជា​បន្ត​បន្ទាប់​​។​

ការ​នាំ​ចេញ​របស់ប្រទេស​​ឥណ្ឌូណេស៊ី​បាន​​កើន​ឡើង ៤១% ក្នុង​ខែ​មិថុនា គឺ​ឡើង​ដល់២៦ ​ពាន់​លាន​​ដុល្លារ។ ​ប្រទេសនាំចេញប្រេងដូងធំជាងគេ​​​ក្នុង​ពិភពលោក​មួយ​នេះ​ បាន​បន្ធូរបន្ថយ​ការហាមឃាត់​ការនាំចេញ​របស់ខ្លួន​​លើ​ទំនិញនេះ ​​ដែលបានហាម​ឃាត់​កាលពី​ខែមេសា ហើយ​​ឧស្សាហ​កម្ម​​​រ៉ែរបស់​ឥណ្ឌូនេស៊ីបានបង្កើនការនាំចេញ​របស់ខ្លួនទ្វេដងកាលពី​ខែ​មុនដោយបាន​បង្ហាញឲ្យឃើញថាប្រេងដូង និងថាមពល​បានជំរុញ​ឱ្យមានការកើនឡើង​​ស្រដៀងទៅ​នឹង​ប្រទេស​​ម៉ាឡេស៊ី​អ៊ីចឹង​ដែរ​។

ចំណែក​ប្រទេស​ថៃ ​ដែល​ជា​ប្រទេស​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ដ៏​សំខាន់​មួយឯណោះ​វិញ​​បា​ន​រាយ​ការណ៍កាល​​ពីថ្ងៃ​​ពុធ​ថា ការ​នាំ​ចេញ​សរុប​របស់​ខ្លួន​បាន​កើន​ឡើង១២​%កាល​ពី​ខែ​មិថុនា​។ ​ផលិត​​ផល​កសិកម្ម​​​បាន​កើន​ឡើង ​២៥%​ ​ដោយសារ​តម្រូវ​ការ​សាកល​បាន​កើន​ឡើង​។​ ដោយឡែក ​ប្រទេស​សិង្ហបុរី​វិញ​ការ​នាំ​ចេញ​អាហារ​បម្រុង ​ឬ​អាហារ​​កែច្នៃ​​បាន​ធ្លាក់​ចុះ​ ៤៨%​នៅ​ខែ​មិថុនា​។​​​​

សម្រាប់​កម្ពុជា ក៏សម្រេចបានកំណើន​នាំចេញ​ខ្ពស់​ដែរ ពោលគឺ នៅឆមាសទី១ ឆ្នាំ២០២២ កម្ពុជា​សម្រេចបាន​ការ​នាំចេញ​ប្រមាណជាង១១ពាន់លានដុល្លារ កើន៣៤%ឯណោះ ខណៈដែលការនាំចូលវិញមានជាង​១៥ពាន់លានដុល្លារ កើនប្រមាណ ១២%។ នេះបើតាម​តួលេខ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា។

យ៉ាងណាមិញ ប្រយោជន៍​នៃការនាំចេញស្បៀងអាហារ និងឥន្ធនៈ​ជាពិសេស​​បានអនុគ្រោះដល់​​សមាគម​​នៃ​ប្រជាជាតិអាស៊ីអាគ្នេយ៍​ ដែលមាន​សមាជិក១០ប្រទេស​ ​និង​ជំរុញកំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ស្ថិរភាព​។ ​ពាណិជ្ជកម្មក្នុងតំបន់ក៏ទទួល​បាន​អត្ថប្រយោជន៍ផងដែរ ​​ដោយ​សារ​ការ​នាំចេញ​របស់ម៉ាឡេស៊ី​ទៅកាន់សិង្ហបុរីក្នុងខែមិថុនាបានកើនឡើង៧១% ​និងនាំទៅ​ឥណ្ឌូនេស៊ីមានកំណើន ៧៦%។​

ទោះបីជាមានការព្រួយបារម្ភថា អតិផរណា និងការរឹតបន្តឹងរូបិយវត្ថុ​ដោយធនាគារកណ្តាលនឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច​សកលយ៉ាង​ណា​ក៏ដោយ ​ក៏ប៉ុន្តែ​សមាជិក​​អាស៊ាន​​ត្រូវបាន​គេ​មើលឃើញ​ថា ​មានហានិភ័យទាបនៃការធ្លាក់ចុះសេដ្ឋកិច្ច​។​

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កាលពីថ្ងៃអង្គារថា ​សេដ្ឋកិច្ចប្រទេសអាស៊ានធំៗចំនួន​​៥​រួមគ្នានឹងមានកំណើន ៥,៣%នៅឆ្នាំនេះ​ ដែលគ្មាន​ការ​ផ្លាស់​ប្ដូរ​​ពីការ​ប៉ាន់ប្រមាណ​ដែល​បាន​ចេញ​ផ្សាយ​កាលពីខែមេសា​នោះ​ឡើយ​។ ប៉ុន្តែមូល​និធិ​ IMF បាន​បន្ទាបទស្សន​វិស័យកំណើនពិភពលោកមកនៅ​ត្រឹម​ ៣,២%។ ការប៉ាន់ប្រមាណកំណើន​ត្រូវបាន​កាត់បន្ថយសម្រាប់សហរដ្ឋអាមេរិក ប្រទេស​ចិន និង​ប្រទេស​ដែលមានសេដ្ឋកិច្ចធំៗ​ផ្សេងទៀត​ ប៉ុន្ដែ​សម្រាប់​ប្រទេស​​នៅតំបន់អាស៊ីអាគ្នេយ៍​ IMF មើលឃើញថា គឺមានសេដ្ឋកិច្ច​ងើបឡើងវិញយ៉ាងឆាប់រហ័ស។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាលពីសប្តាហ៍មុនបានកែ​លម្អ​ទស្សនវិស័យ​កំណើនឆ្នាំ​ ២០២២ ​របស់​ខ្លួន​សម្រាប់តំបន់​អាស៊ីអាគ្នេយ៍រហូត​ដល់ ៥% ពោល​គឺ​បាន​បង្កើន​ការព្យាករណ៍កាលពីខែមេសាដែល​មាន​ត្រឹម​តែ​ ៤,៩%​៕




អត្ថបទបន្ទាប់


តើសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

រដ្ឋសភាបានអនុម័តទាំងស្រុងលើរបៀបវារៈចំនួន៥ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ និងមា…

ក្រុមហ៊ុនយក្សតូយ៉ូតា បោះទុនវិនិយោគជិត២ពាន់លានដុល្លារ បង្កើតរោងចក្រយានយន្ដអគ្គិសនីនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota Motor Corp មានផែនការនឹងវិនិយោគជិត២ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅរយៈពេល៥ឆ្នាំខាងមុខន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ