ថ្លែងទៅកាន់មន្ត្រីរាជការស៊ីវិលនៅដើមសប្តាហ៍នេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងថា រដ្ឋបាលរបស់លោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់មួយទៅកាន់រដ្ឋសភា ដើម្បីកំណត់អាណត្តិសម្រាប់តំណែងនាយករដ្ឋមន្ត្រីមកនៅត្រឹមពីរអាណត្តិ ដែលវិធានការនេះជាផ្នែកមួយនៃការសន្យាក្នុងការបោះឆ្នោតរបស់សម្ពន្ធភាពគណបក្សកាន់អំណាចរបស់លោកកាលពីក្នុងឆ្នាំ២០២២។
ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់មួយ ដើម្បីបំបែកតួនាទីរបស់អគ្គព្រះរាជអាជ្ញាក្នុងឋានៈជាទីប្រឹក្សាផ្នែកច្បាប់កំពូលរបស់រដ្ឋាភិបាលចេញពីអគ្គព្រះរាជអាជ្ញា នឹងត្រូវដាក់ជូនរដ្ឋសភា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកដំបូងប្រចាំឆ្នាំ២០២៦ នៅក្នុងខែមករា នេះ។ ការធ្វើកំណែទម្រង់នេះធ្វើឡើង ក្រោយប្រជាពលរដ្ឋម៉ាឡេស៊ីបានដាក់ការសង្ស័យចំពោះឯករាជ្យភាពរបស់អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី ជាបន្តបន្ទាប់ ដោយសារពួកគេត្រូវបានតែងតាំងដោយនាយករដ្ឋមន្ត្រី ដែលបង្កឱ្យមានការបារម្ភពីការជ្រៀតជ្រែកខាងនយោបាយនៅក្នុងកិច្ចការតុលាការ។
យ៉ាងណាមិញ លោក អាន់វ៉ា ក៏គ្រោងដាក់ចេញច្បាប់អ្នកតំណាងរាស្ត្រ ដើម្បីពង្រឹងតម្លាភាពក្នុងវិស័យសាធារណៈ និងឱ្យសាធារណជនមានបណ្តាញផ្លូវការមួយក្នុងការដាក់ពាក្យបណ្តឹងផ្នែកអភិបាលកិច្ច។ បន្ថែមលើនេះ ក៏មានការស្នើឱ្យមានច្បាប់ស្តីពីសេរីភាពក្នុងការទទួលបានទិន្នន័យ ដើម្បីទប់ស្កាត់ការរំលោភអំណាចនៅក្នុងគម្រោងរបស់រដ្ឋាភិបាលផងដែរ៕
អត្ថបទ សួន ឡង់ទី