ទីផ្សារនាំចេញទំនិញធំៗទាំង១០របស់កម្ពុជា

កំពូលទីផ្សារនាំចេញទំនិញទាំង១០របស់កម្ពុជាអាមេរិកឈរកំពូលតារាង


នៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយប្រទេសជាដៃគូទាំងអស់ដល់ទៅ ជិត៣៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានដល់ទៅជាង១៧ពាន់លានដុល្លារ។ ក្នុងនោះដែរ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជាដៃគូកើនឡើងជិត១៧% ហើយទីផ្សារអាមេរិកបានឈរក្នុងកំពូលតារាងជាប្រទេសនាំចូលផលិតផលពីកម្ពុជាច្រើនជាងគេ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១ ចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកម្ពុជា។ ខាងក្រោមនេះ ជាកំពូលទីផ្សារនាំចេញទំនិញទាំង១០ របស់កម្ពុជានៅឆ្នាំ២០២០ តើជាប្រទេសណាខ្លះ?
កំពង់ផែស្វយ័តក្នុងព្រះសីហនុក្នុងពេលរាត្រី រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

១. សហរដ្ឋអាមេរិក

នៅ​ក្នុង​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​នឹង​សហរដ្ឋអាមេរិក​គិត​ជា​ទឹកប្រាក់​មាន​សរុប​ប្រមាណ​ជាង ៥.៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​គិត​ជា​ទឹកប្រាក់​មាន​ជាង ៥.២០០ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​ប្រមាណ​តែ ២៥០ លាន​ដុល្លារ​ប៉ុណ្ណោះ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កំណើន​ជិត​១៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​អា​មេ​រិ​ក​មាន​តែ​ជាង ៤.៧០០ លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​នោះ នាំ​ចូល​មក​កម្ពុជា​ជាង ៣១០ លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ៤.៤០០ លាន​ដុល្លារ​។

២. សហភាព​អឺរ៉ុប

ក្នុង​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​នឹង​សហភាព​អឺរ៉ុប គិត​ជា​ទឹកប្រាក់​មាន​សរុប​ប្រមាណ​ជាង ៣.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​គិត​ជា​ទឹកប្រាក់​មាន​ជាង ៣.២០០ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​ប្រមាណ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​ជិត​១៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​សហភាព​អឺរ៉ុប​មាន​ជាង ៤.៥០០ លាន​ដុល្លារ​ក្នុង​នោះ នាំ​ចូល​មក​កម្ពុជា​ជាង​៧០០ លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ៣.៨០០ លាន​ដុល្លារ​។

៣. ជប៉ុន

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ប្រទេស​ជប៉ុន​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ ១.៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​គិត​ជា​ទឹកប្រាក់​មាន​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​ប្រមាណ ៦៣០​លាន​ដុល្លារ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​ជាង​១៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ជប៉ុន​មាន​ដល់​ទៅ​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ការ​នាំ​ចូល​មក​កម្ពុជា​ជាង ៨៨០​លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ១.១០០​លាន​ដុល្លារ​។

៤. ចិន

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ប្រទេស​ចិន​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨.១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ចិន​គិត​ជា​ទឹកប្រាក់​មាន​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​ដល់​ទៅ​ជាង​៧​ពាន់​លាន​ដុល្លារ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​ជាង​៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ចិន​មាន​ដល់​ទៅ​ជាង ៨.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ នាំ​ចូល​មក​កម្ពុជា​ជាង ៧.៥០០​លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ៧​ពាន់​លាន​ដុល្លារ​។

៥. ចក្រភព​អង់គ្លេស

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ចក្រភព​អង់គ្លេស​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨៧០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ចក្រភព​អង់គ្លេស​គិត​ជា​ទឹកប្រាក់​មាន​ជាង ៨២០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​ចំនួន​ជាង ៥០​លាន​ដុល្លារ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​១៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ចក្រភព​អង់គ្លេស​មាន​ដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​នាំ​ចូល​មក​កម្ពុជា​ជិត ៨០​លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជិត ៩៨០​លាន​ដុល្លារ​។

៦. កា​ណា​ដា 

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​កា​ណា​ដា​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ ៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កា​ណា​ដា​គិត​ជា​ទឹកប្រាក់​មាន​ជាង ៧៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​ចំនួន​ជាង​៥៥​លាន​ដុល្លារ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​ជាង​១៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កា​ណា​ដា មាន​៩៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​នាំ​ចូល​មក​កម្ពុជា​ជាង ១២០​លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ៨៣០​លាន​ដុល្លារ​។

៧. ថៃ 

ថៃ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ច្រើន​ជាងគេ ជាក់ស្តែង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០២០​មាន​ដល់​ទៅ​ជាង ៣.៤០០​លាន​ដុល្លារ​អា​មេ​រិ​កដោយ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មាន​ជាង ៦៥០​លាន​ដុល្លារ ស្រប​ពេល​ដែល​កម្ពុជា​នាំ​ចូល​មក​វិញ​គិត​ជា​ទឹកប្រាក់​មាន​ដល់​ទៅ​ជាង ២.៨០០​លាន​ដុល្លារ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​ជាង​៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ថៃ មាន​ជាង ៣.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​នាំ​ចូល​មក​កម្ពុជា​ជាង ៣.២០០​លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ៥០០​លាន​ដុល្លារ​។

៨. វៀតណាម

ចំណែកឯ​ប្រទេស​វៀតណាម ក្បែរ​ខាង​កម្ពុជា​ឯណេះ​វិញ​ក៏​ជា​ប្រទេស​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​មួយ ជាមួយ​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ថៃ​ដែរ​។ ជាក់ស្តែង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម​ក្នុង​ឆ្នាំ​២០២០ មាន​ដល់​ទៅ​ជាង ៣.០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០២០ គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ៣៨០​លាន​ដុល្លារ ស្រប​ពេល​ដែល​កម្ពុជា​នាំ​ចូល​ពី​វៀតណាម​មក​វិញ​មាន​ចំនួន​ជាង ២.៦០០​លាន​ដុល្លារ​អាម​រិ​ក​។ គួរ​កត់​សម្គាល់ថា ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​ជាង ១%​បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។

៩. កូរ៉េ​ខាងត្បូង

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​កូរ៉េ​ខាងត្បូង គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ៧៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ខាងត្បូង គិត​ជា​ទឹកប្រាក់​មាន​ជាង ១៨៥​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​ចំនួន​ជិត​៥៤៥​លាន​ដុល្លារ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​ធ្លាក់​ចុះ​ជាង​១៧,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​កូរ៉េ​ខាងត្បូង មាន​ជាង ៨៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​នាំ​ចូល​មក​កម្ពុជា​ជាង ៦៧០​លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ២១០​លាន​ដុល្លារ​។

១០. អូស្ត្រាលី

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​អូស្ត្រាលី គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២១០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​អូស្ត្រាលី គិត​ជា​ទឹកប្រាក់​មាន​ជាង ១៣៣​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​ចំនួន​ជាង​៧៩​លាន​ដុល្លារ​។ គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កំណើន​ជិត​៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ដែល​កាលនោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នឹង​អូស្ត្រាលី​មាន​តែ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​នាំ​ចូល​មក​កម្ពុជា​ជាង​៧០​លាន​ដុល្លារ ឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ជាង ១៣០​លាន​ដុល្លារ​។

សូម​បញ្ជាក់​ថា បើ​សរុប​ទាំង​ប្រទេស​សំខាន់​ៗ​ទាំង​១០​ដែល​បាន​រៀបរាប់​លើ បូក​រួម​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​ជុំវិញ​ពិភពលោក ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ពិភពលោក មាន​កំណើន​ជាង ២,៥% ក្នុង​នោះ​ឆ្នាំ​២០២០​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ជុំវិញ​ពិភពលោក​សរុប​សម្រេច​បាន​ជិត​៣៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្រប​ពេល​ដែល​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ប្រទេស​ជុំវិញ​ពិភពលោក​សរុប​សម្រេច​បាន​ជាង ៣៤​ពាន់​លាន​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់ខណៈអ្នកជាសះស្បើយមាន៩៤នាក់ និងស្លាប់០១ករណី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់បន្ថែមទៀ…

អាកាសចរណ៍ Vietjet របស់វៀតណាម ចាប់​​ផ្តើម​ជើងហោះហើរ​អន្តរជាតិ​ឡើង​វិញ​ហើយ !

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្តើមជើងហោះហើរអន្តរជាតិធម្មតាឡើងវិញដោយតភ្ជាប់ជើងហោះហើរសំខាន់ៗពីប្រទេសវៀតណាម ទៅកាន់ទីក្រុងបាងកក តូក្យូ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ