តម្លៃទំនិញបានហក់ឡើងក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ កង្វះកម្លាំងពលកម្ម និង ផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញក្នុងសប្តាហ៍នេះថា អតិផរណាម្ហូបអាហារបានកើនឡើង ៥,២% ធៀបនឹងឆ្នាំមុនក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុតបើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១១ មក ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡេស៊ីត្រូវបានគេព្យាករណ៍ថានឹងចំណាយប្រាក់ចំនួនជិត ១២ ពាន់លានដុល្លារលើការឧបត្ថម្ភធនសំខាន់ រួមមានប្រេងឥន្ធនៈ អគ្គិសនី និង ស្បៀងអាហារ ដើម្បីធានាថាតម្លៃទីផ្សារទំនិញនៅតែស្ថិតក្នុងកម្រិតបច្ចុប្បន្ន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីរូបនេះក៏បានគូសបញ្ចាក់បន្ថែមថា រដ្ឋាភិបាលក៏នឹងចែកចាយប្រាក់ជិត ៣ ពាន់លានដុល្លារជាជំនួយជាសាច់ប្រាក់ និង ជាង ៣ ពាន់លានដុល្លារនៅក្នុងការឧបត្ថម្ភធនផ្សេងទៀតផងដែរ។
ទន្ទឹមនឹងនោះ ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ចេញប្រាក់ជិត ៤០០ លានដុល្លារក្នុងខែនេះ សម្រាប់ជួយគ្រួសារដែលងាយរងគ្រោះដើម្បីទប់ទល់នឹងការកើនឡើងថ្លៃម្ហូបអាហារ និង ថ្លៃរស់នៅ។ ក៏ប៉ុន្តែកាលពីដើមខែមិថុនានេះ រដ្ឋមន្ត្រីម៉ាឡេស៊ីបានព្រមានថា ការកើនឡើងនៃប្រាក់ចំណូលរបស់រដ្ឋពីការកើនឡើងតម្លៃទំនិញ គឺ មិនគ្រប់គ្រាន់ដើម្បីចំណាយប្រាក់ឧបត្ថម្ភធននៅឆ្នាំនេះនោះទេ៕