លោក អាន់វ៉ាបានចោទជាសំណួរ ទៅកាន់ក្រុមប្រឆាំងថៃថា នៅពេលដែលកិច្ចព្រមព្រៀងសន្ដិភាពត្រូវបានព្យួរ ដែលបង្កឱ្យមានហិភ័យនៃជម្លោះកើនឡើង តើពួកគេទាំងនោះ សប្បាយចិត្តណាស់មែនទេ ដែលបានឃើញសន្ដិភាពត្រូវបានជាប់គាំង ព្រោះតែមហិច្ឆតាតាមបំផ្លិចបំផ្លាញរដ្ឋាភិបាលរបស់ខ្លួននោះ?
បើតាមលោក អាន់វ៉ា កិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួ រវាងថៃ និងកម្ពុជា គឺត្រូវបានចរចារវាងប្រទេសទាំងពីរ ដោយមានភាគីម៉ាឡេស៊ី ជាអ្នកជួយសម្របសម្រួលតែប៉ុណ្ណោះ។ ប៉ុន្ដែ បែរជាមានអ្នកប្រឆាំងនៅប្រទេសថៃខ្លះ បាននិយាយវាយប្រហារម៉ាឡេស៊ី ដោយគ្មានហេតុផលទៅវិញ។
ត្រូវបានស្រង់សម្ដីដោយ សារព័ត៌មាន Bernama នៅថ្ងៃទី ១១ ខែវិច្ឆិកា លោក អាន់វ៉ា បានពន្យល់ទៀតថា ភាពតានតឹងរវាងកម្ពុជា និងថៃ ដែលកើតឡើងដោយសារការផ្ទុះគ្រាប់មីន របួសទាហានថៃថ្មីនេះ បានពន្យារពេលអនុម័តលើកិច្ចព្រមព្រៀងមួយចំនួន ដែលកំពុងរង់ចាំការបញ្ជាក់ ប៉ុន្ដែ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសន្ដិភាពនោះឡើយ។
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បាននិយាយទៀតថា ម៉ាឡេស៊ី នៅតែប្តេជ្ញាចិត្តធានាសន្ដិភាពក្នុងតំបន់ ព្រោះភាពតានតឹងក្នុងតំបន់ក៏ប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី ខណៈទីក្រុងគូឡាឡាំពួនៅតែមានទំនួលខុសត្រូវខ្ពស់ ដោយសារតែ ខ្លួននៅមានកាត្វកិច្ចធ្វើជាប្រធានអាស៊ានប្ដូរវេនរហូតដល់ដំណាច់ឆ្នាំនេះ។
កិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួ ត្រូវបានប្រទេសកម្ពុជា និងថៃ ចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ដោយមានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានធ្វើជាសាក្សី។
ប៉ុន្ដែ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រទេសថៃ សម្រេចព្យួរដោយឯកតោភាគី នៅថ្ងៃទី ១១ ខែវិច្ឆិកា នៅក្រោយពេលដែល ទាហានថៃបានដើរជាន់មីនផ្ទុះរងរបួស កាលពីថ្ងៃទី ៩ ខែវិច្ឆិកា នៅតំបន់ Huai Ta Maria ខេត្តស៊ីសាកេត។ ការផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពដោយភាគីថៃនេះ ក៏បានធ្វើឱ្យផែនដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ត្រូវបានពន្យារពេលផងដែរ។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ បានចេញមកអះអាងថា ការផ្ទុះគ្រាប់មីន ដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាគ្រាប់មីន ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជាម្ល៉េះ មិនមែនជាមីន ដែលបានដាក់ថ្មី ដូចការចោទប្រកាន់របស់ភាគីថៃនោះឡើយ។
ក្រសួងការពារជាតិ បានបញ្ជាក់នូវគោលជំហរយ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។