វិស័យកសិកម្ម

អ្នកប្រមូលផលស្វាយនៅដើមឆ្នាំនេះកំពុងត្រូវប៉ាន់ ក្រោយតម្លៃស្វាយហក់ឡើងខ្ពស់


អ្នកមានចម្ការស្វាយត្រូវប្រមូលផលនៅដើមឆ្នាំនេះកំពុងត្រូវប៉ាន់ ក្រោយតម្រូវការ និងតម្លៃផ្លែស្វាយបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់អ្នកដាំ និងអ្នកប្រមូលទិញផ្លៃស្វាយ ផ្លែស្វាយអាចលក់បានចន្លោះពី៩០០រៀលទៅជាង២,០០០ពាន់រៀលក្នុង១គីឡូក្រាមទៅតាមប្រភេទផ្លែស្វាយ ហើយតម្លៃនេះអាចផ្តល់ប្រាក់ចំណេញសមរម្យដល់កសិករ។ ស្របពេលតម្លៃស្វាយកំពុងមានការកើនឡើង តែការប្រមូលទិន្នផលស្វាយនៅឆ្នាំនេះបែរជាមានការធ្លាក់ចុះជាងឆ្នាំមុនទៅវិញ ។
វិស័យកសិកម្ម
ដោយ

លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបនៅខេត្តត្បូងឃ្មុំ បានអះអាងប្រាប់ខេមបូណូមីសថា បច្ចុប្បន្នផ្លែស្វាយ ប្រភេទធម្មតា ដែលមិនស្រោបថង់ ត្រូវបានឈ្មួញចុះទិញដល់ចម្ការជាមួយតម្លៃខ្ទង់៩០០រៀលក្នុង១គីឡូក្រាម។ តម្លៃនេះ ត្រូវបានកសិកររូបនេះយល់ឃើញថា ជាតម្លៃល្អសមរម្យនៅលើទីផ្សារ បើធៀបនឹងរដូវប្រមូលផលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងតម្លៃផ្លែស្វាយមានភាពល្អប្រសើរ តែការប្រមូលផលផ្លែស្វាយនៅឆ្នាំនេះមានការថយចុះប្រមាណពាក់កណ្ដាល ដោយសារការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាហេតុធ្វើឱ្យកសិករពិបាកគ្រប់គ្រង និងថែទាំ។ នេះបើតាមការលើកឡើងរបស់លោក អុំ សុភា ដែលបានបន្ថែមថាការថយចុះទិន្នផលនេះអាចជាកត្តារួមផ្សំធ្វើឱ្យតម្លៃផ្លែស្វាយនៅឆ្នាំនេះមានភាពប្រសើរឡើង ហើយភាពប្រសើរនៃទីផ្សារនេះអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឬខែមីនា ខាងមុខ។

​ជុំវិញស្ថានភាពទីផ្សារផ្លែស្វាយវិញត្រូវបានលោក ម៉ិញ លី ដែលជាអ្នកប្រមូលទិញផ្លែស្វាយម្នាក់បានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយមានតម្លៃល្អ ក្នុងនោះស្វាយខៀវមានតម្លៃចន្លោះពី៩០០រៀលដល់១២០០រៀល ក្នុង១គីឡូក្រាម ខណៈដែលស្វាយកញ្ចប់មានតម្លៃចន្លោះពី២០០០រៀលដល់២,៣០០រៀលក្នុង១គីឡូក្រាមអាស្រ័យទៅលើទំហំរបស់វា។ ទោះបីទីផ្សារផ្លែស្វាយបច្ចុប្បន្នមានភាពល្អប្រសើរក៏ពិតមែន តែអ្នកប្រមូលទិញផ្លែស្វាយតាមចម្ការរូបនេះអះអាងថា ការប្រមូលផលរបស់កសិករនៅដើមឆ្នាំនេះបានថយចុះប្រមាណពាក់កណ្ដាលបើធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះ លោក ម៉ិញ លី បានវាយតម្លៃថា ផ្លែស្វាយអាចនឹងមានទីផ្សារល្អនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ។

​ពាក់ព័ន្ធនឹងទីផ្សារផ្លែស្វាយនេះដែរអ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញកសិកម្ម និងជាអ្នកនាំចេញផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិបានគូសបញ្ជាក់ថា ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០២៤ មានការកើនឡើងទាំងផ្លែស្វាយស្រស់ និងកែច្នៃ។ បើតាមអ្នកជំនាញរូបនេះ ផ្លែស្វាយស្រស់របស់កម្ពុជាភាគច្រើនត្រូវបាននាំចេញទៅប្រទេសវៀតណាម ចំណែកស្វាយកែច្នៃត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ដូចជាទីផ្សារអឺរ៉ុប និងទីផ្សារអាស៊ានជាដើម។

​បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជានាំចេញផ្លែស្វាយទៅទីផ្សារអន្តរជាតិសម្រេចបានទំហំជាង១៣៧លានដុល្លារកើនឡើងជាង៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់តម្លៃស្រូវ OM ឱ្យធ្លាក់ចុះក្រោម៧០០រៀលក្នុង១គីឡូក្រាម?

អ្នកធ្វើស្រែមួយចំនួននៅខេត្តតាកែវ ដែលជាខេត្តជាប់ព្រំដែនជាមួយវៀតណាម បានត្អូញត្អែរពីការធ្លាក់ចុះតម្លៃស្រូវ និងពិបាករកឈ្មួញឱ្យមកទិញស្រូវរបស់ពួ…

តើវិស័យដឹកជញ្ជូននៅកម្ពុជា និងអន្តរជាតិនឹងមានការប្រប្រួលយ៉ាងណានៅក្នុងឆ្នាំ២០២៥ នេះ?

វិស័យដឹកជញ្ជូននៅកម្ពុជា ក៏ដូចជាលើពិភពលោកមានការរីកចម្រើន និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗក្រោយមានតម្រូវការខ្ពស់ពីទីផ្សារ តែយ៉ាងណាវិស័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ