មន្ទីរបញ្ចកោណបានបញ្ជូននាវាផ្ទុកយន្ដហោះដ៏កំណាច និងធំបំផុតរបស់ខ្លួនចូលទៅដល់ដែនសមុទ្រអាម៉េរិកឡាទីន និងតំបន់ការ៉ាអ៊ីពហើយ ចំពេលភាពតានតឹងជាមួយប្រទេសវេណេស៊ុយអេឡា កំពុងកើនកម្ដៅខ្លាំង។ ការទៅដល់នៃនាវាផ្ទុកយន្តហោះ ដែលអមដោយកងនាវាពិឃាត និងយន្តហោះចម្បាំងជាច្រើនគ្រឿងនេះ បង្ហាញពីវត្តមានប្រមូលផ្ដុំយោធាដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ១៩៨៩ មក ហើយបេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀន ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។ មន្ទីរបញ្ចកោណនិយាយថា ចំណាត់ការយោធានេះមានគោលបំណងរារាំង និងកម្ទេចការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋកម្ម។
ជាការឆ្លើយតប ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ដែលគេស្គាល់ថា ជាមេដឹកនាំផ្ដាច់ការបានប្រកាសបញ្ជាឱ្យចល័តកម្លាំងយោធា និងស៊ីវិលយ៉ាងច្រើនសម្បើម ដើម្បីប្រុងជើងការទប់ទល់នឹងសហរដ្ឋអាម៉េរិក ហើយបានចាត់ទុកការដាក់ពង្រាយកម្លាំងយោធារបស់សហរដ្ឋអាម៉េរិកនេះថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះទ្វីបអាម៉េរិកឡាទីន ក្នុងរយៈពេល១០០ឆ្នាំមកនេះ។
នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ថ្មីៗនេះបណ្ដាប្រទេសនៅទ្វីបអាម៉េរិកឡាទីន ភាគច្រើនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ប៉ុន្តែមិនបានរិះគន់ក្រុងវ៉ាស៊ីនតោន ដោយចំៗនោះទេ។ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា ( Luiz Inácio Lula da Silva) បាននិយាយថា បញ្ហាវេណេស៊ុយអេឡា គួរតែត្រូវបានដោះស្រាយតាមរយៈនយោបាយ មិនមែនតាមរយៈសង្គ្រាមនោះទេ។
ទន្ទឹមនេះរដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ ណូអែល បារ៉ូត (Jean-Noel Barrot) បានរិះគន់ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក ក្នុងតំបន់ការ៉ាអ៊ីព នៅឯកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដា ដោយព្រមានថា ការបញ្ជូននាវាផ្ទុកយន្តហោះអាម៉េរិក អាចជំរុញឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ លោកបានជំរុញឱ្យជៀសវាងអស្ថិរភាពដែលអាចផ្ទុះឡើង បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា បានព្រមានថា ការបង្កើនកម្លាំងយោធាអាចបង្កឱ្យមានជម្លោះ៕
ដោយ: តែម សុខុម