សិង្ហបុរី

សិង្ហបុរី នឹងឧបត្ថម្ភប្រាក់សម្រាប់ពលរដ្ឋណា ដែលមានកូននៅអំឡុងពេលកូវីដ-១៩


រដ្ឋាភិបាលសិង្ហបុរី នឹងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារដែលយកកូន នៅអំឡុងពេលមេរោគរាតត្បាតកូវីដ-១៩។ ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដល់ពលរដ្ឋ ខណៈដែលពួកគេ កំពុងប្រឈមនឹងសម្ពាធហិរញ្ញវត្ថុ និងការបារម្ភពីការបាត់បង់ការងារ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ នេះបើតាមការរាយការណ៍មួយពី CNN។
សិង្ហបុរី នឹងឧបត្ថម្ភប្រាក់សម្រាប់ពលរដ្ឋណា ដែលមានកូននៅអំឡុងពេលកូវីដ-១៩ (រូបភាព៖ CNN)
ដោយ

ឧបនាយករដ្ឋមន្ត្រី​សិង្ហបុរី បាន​និយាយថា ប្រាក់​លើកទឹកចិត្តនេះ នឹងជួយ​​ពង្រឹង​ទំនុកចិត្ត​ពលរដ្ឋ ដែល​កំពុង​​ប្រឈម​នឹង​សម្ពាធ​ហិរញ្ញវត្ថុ និង​បារម្ភ​ពីបញ្ហាការងារ​របស់ពួកគេ ដែល​បញ្ហានេះ បាន​ឲ្យពួកគេ​លែងខ្វាយខ្វល់​​ពីផែនការ​រឿង​យកកូនត​ទៅទៀត។

លោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រី​សិង្ហបុរី បាន​និយាយថា «យើង​បានទទួល​ប្រតិកម្ម​ថា បញ្ហាកូវីដ-១៩ បាន​បណ្ដាលឲ្យ​​ឪពុកម្ដាយ ពន្យារ​គម្រោង​យក​កូន​របស់ពួកគេ»។ លោកបន្ថែមថា «នេះគឺអាច​យល់បាន​ច្បាស់ហើយ ជាពិសេស​នៅពេល​ពួកគេ​ប្រឈម​នឹង​បញ្ហា​នៃភាពមិនច្បាស់លាស់​នៃចំណូល​​របស់​ពួកគេ»។

លោក Heng បានគូសបញ្ជាក់ថា ការឧបត្ថម្ភ​ពី​រដ្ឋ នឹង​ជួយ​ឲ្យ​សម្រួល​ដល់​ការចំណាយ​របស់​​ឪពុកម្ដាយ​ ប៉ុន្ដែ លោកមិន​បាន​បញ្ជាក់ថា ការឧបត្ថម្ភនោះ មាន​ចំនួន​ប៉ុន្មាន​​នោះទេ។

បើទោះបីជា​មាន​ការឆ្លើយតប​បាន​ជោគជ័យ​ទៅនឹង​បញ្ហា​មេរោគ​រាតត្បាត​ក៏ពិតមែន ប៉ុន្ដែ​សេដ្ឋកិច្ច​របស់​សិង្ហបុរី បាននិងកំពុង​ធ្លាក់ចូល​​ទៅក្នុង​វិបត្តិ​យ៉ាងជ្រៅ។

ផលិតផល​ក្នុងស្រុក​សរុប​របស់សិង្ហបុរី​ទំនង​ជាងដាំក្បាលចុះ ដល់ទៅ ១២,៦% នៅត្រីមាសទី២ នៃឆ្នាំនេះ ធៀបនឹង​ត្រីមាសទី២ កាលពីឆ្នាំមុន ដែលវា​ត្រូវបានអ្នកជំនាញ​លើកឡើងថា គឺជា​ធ្លាក់ចុះ​ខ្លាំង​បំផុត​មិនធ្លាប់មាន។​

ប្រទេស​សិង្ហបុរី គឺជាប្រទេស​មាន​​មួយ ក្នុងចំណោម​ប្រទេស​មាន​អត្រា​កំណើន​ប្រជាជន​ទាប​បំផុត​ក្នុង​ពិភពលោក​។ យោងតាម​ស្ថិតិជាតិ បាន​ឲ្យដឹងថា អត្រា​នៃការ​មានកូន​នាពេល​បច្ចុប្បន្ន គឺ ១,១៤ សម្រាប់​ស្ត្រីម្នាក់។ 

សម្រាប់​ប្រទេស​ជា​ធម្មតា គឺស្ត្រី​ត្រូវមាន​កូន​ ២,១ នាក់ ជាមធ្យម បើទោះបីជា ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន ស្ថិត​នៅក្រោម​កម្រិតនេះក៏ដោយ តែការថយចុះ​នៃ​សមាមាត្រ​នៃ​គូស្វាមីភរិយា និងសារសំខាន់​​តិចតួច នៃតួនាទី​យេនឌ័រ បែបប្រពៃណី ឃើញថា ធ្វើឲ្យ​អត្រា​នៃការ​មានកូន​បានធ្លាក់ចុះ​នៅទូទាំង​ពិភពលោក។

បើតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ នៅឆ្នាំ២០១១ បាន​ឲ្យដឹងថា ប្រទេស​សិង្ហបុរី ក៏ដូចជា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​ទៀតដែរ គឺមាន​បញ្ហា​ប្រឈម​នឹង​​ចំនួន​ប្រជាជន គឺ​អត្រា​នៃលទ្ធភាព​មាន​កូន​របស់​ពួកគេ​មានការ​ថយចុះ និងប្រជាជន​មាន​វ័យចំណាស់។

សិង្ហបុរី ដែលជា​ប្រជាជាតិ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះ​ចំនួន​ប្រជាជន​សរុប ០,៣% មកនៅ​ត្រឹមចំនួន​ប្រមាណ​ជិត ៥,៧លាន​នាក់​ប៉ុណ្ណោះ គិតត្រឹម​ខែមិថុនា​ឆ្នាំ២០២០នេះ ធៀបនឹងឆ្នាំមុន ដោយសារតែ​មានការ​កាត់បន្ថយ​ការងារ​ជនបរទេស​នៅក្នុង​វិស័យ​សេវាកម្ម។ នេះបើតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ប្រទេសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​លើក​ទី​៦

ព័ត៌មាន
នាព្រឹកថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០២០ នៅទីស្តីការ​សហគ្រិនខ្មែរ, ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថ…

ការរៀបចំកីឡាអូឡាំពិកតូក្យូ​ នឹងកាត់​​ចំណាយជិត ៣០០ លានដុល្លារ និងត្រូវ​លើកទៅប្រារព្ធ​នៅឆ្នាំក្រោយ

ព័ត៌មាន
កីឡាអូឡាំពិក នៅក្នុងទីក្រុង​តូក្យូ​ប្រទេសជប៉ុន ត្រូវបាន​លើកពេល​ទៅប្រារព្ធ​នៅខែ​កក្កដា ឆ្នាំ២០២១វិញ ព្រោះតែបញ្ហាមេរោគឆ្លងកូវីដ-១៩។ ដោយសារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ