តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងថា ប្រភពពីគណបក្សភឿថៃ និងប៉ូលីស នៅតែបញ្ជាក់អំពីបំណងរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់មកប្រទេសវិញនៅ ថ្ងៃទី ១០ ខែសីហា ដោយមិនបានផ្លាស់ប្តូរអ្វីទាំងអស់ ដោយលោកគ្រោងនឹងមកដល់អាកាសយានដ្ឋាន ដនមឿងនាវេលាម៉ោង ១០ និង ៣០ នាទីព្រឹក។
ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីអ្នករិះគន់មួយចំនួនបានលើកឡើងថា ពួកគេមានហេតុផលដែលអាចបញ្ជាក់បានថា ផែនការវិលត្រឡប់របស់លោក ថាក់ស៊ីន បន្ទាប់ពីនិរទេសខ្លួនរយៈពេល ១៧ ឆ្នាំ គឺគ្មានអ្វីក្រៅពីបង្កបញ្ហាព្យុះភ្លៀងខាងនយោបាយនោះឡើយ ។
នៅពេលនេះ គណបក្សភឿថៃបាននិងកំពុងដំណើរការផ្សព្វផ្សាយវីដេអូឃ្លីបជាបន្តបន្ទាប់នៅលើទំព័រ Facebook របស់ខ្លួនដែលរៀបរាប់ពីការកាត់ក្តី និងទុក្ខលំបាកដែលទាក់ទងនឹងអាជីពនយោបាយដ៏យូររបស់លោក ថាក់ស៊ីន ចាប់ពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០០១ រហូតដល់ការទម្លាក់ដោយរដ្ឋប្រហារយោធាជាបន្តបន្ទាប់ ដោយរួមទាំង រដ្ឋប្រហារដោយក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ក្នុងឆ្នាំ ២០១៤ ដែលទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាផងដែរ។
លោកស្រី លិនធិផន វ៉ារិនវាឆារ៉ូស ( Linthiporn Warinwatchararoj) សមាជិកសភា និងជាអ្នកនាំពាក្យស្តីទីនៃគណបក្សភឿថៃ បានអះអាងកាលពីថ្ងៃទី៣០កក្កដា ថា ឃ្លីបវីដេអូនេះ គឺមានគោលបំណងអប់រំសាធារណជនអំពីជីវិតនយោបាយរបស់លោក ថាក់ស៊ីន ហើយក៏អាចជាការបំភ្លឺការពិត និងដោះស្រាយព័ត៌មានមិនពិតអំពីអ្នកជំនួញ និងអ្នកនយោបាយដែលមានពិរុទ្ធរូបនេះ។
បន្ថែមពីនេះ លោកស្រីបានបដិសេធថា ឃ្លីបនោះ គឺជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍ពីសាធារណជនចេញពីការតស៊ូរបស់គណបក្ស ដើម្បីដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី។
ប្រភពពីប៉ូលីស បាននិយាយថា ក្រុមគ្រួសាររបស់លោកថាក់ស៊ីនបានជូនដំណឹងដល់ប៉ូលីសអំពីការវិលត្រលប់របស់លោក ថាក់ស៊ីន ដែលជិតមកដល់ ហើយការរៀបចំកំពុងដំណើរការលើវិធានការសន្តិសុខចាំបាច់ ដើម្បីត្រៀមទទួលការមកដល់របស់លោក ។
ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសថៃ បានអះអាងថាខ្លួននឹងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ដែលឈានទៅដល់ថ្ងៃទី ១០ ខែសីហាខាងមុខ រួមទាំងការប្រកាសរបស់តុលាការធម្មនុញ្ញនាថ្ងៃទី ៣ ខែសីហា ថា តើខ្លួននឹងពិចារណាពិនិត្យឡើងវិញនូវការសម្រេចចិត្តពីមុនរបស់ខ្លួនក្នុងការរារាំងមេដឹកនាំ គណបក្សឆ្ពោះទៅមុខ គឺ លោក ភីថា លីមចារឿនរ៉ាត់ នៅក្នុងការដាក់បញ្ចូលបេក្ខភាពជានាយករដ្ឋមន្រ្តីជុំទីបីនៅក្នុងការបោះឆ្នោតនៅសភា ឫក៏អត់។
ពាក់ព័ន្ធនឹងព័ត៌មាននៃការវិលត្រឡប់របស់លោក ថាក់ស៊ីននេះដែរ លោក ចាតូផន ព្រំផាន ដែលជាអតីតមេដឹកនាំចលនាអាវក្រហមមួយរូប បាននិយាយ កាលពីថ្ងៃ៣០ខែកក្កដាថា លោកមិនជឿថា លោកថាក់ស៊ីន ត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគាររបស់លោកនោះទេ ដូច្នេះហើយលោករំពឹងថា អតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងបន្តលុបចោលគម្រោងវិលត្រឡប់ជាថ្មី ។
លោកបានលើកឡើងថា លោកថាក់ស៊ីននឹងមិនត្រឡប់មកវិញទេ ព្រោះនៅពេលនេះ គាត់មិនអាចប្រាកដថា គាត់នឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រពាក់ព័ន្ធនឹង ការផ្តន្ទាទោសពីបទពុករលួយ ។
មេដឹកនាំក្រុមអាវក្រហមដែលធ្លាប់ជាប់ពន្ធនាគាររូបនេះ បាននិយាយទៀតថា លោកថាក់ស៊ីនគួរតែទទួលយកការពិត ដែលគាត់មិនអាចគេចពីគុកបានឡើយ ប្រសិនបើគាត់ហ៊ានតែវិលចូលស្រុកមែននោះ ។
ដោយឡែក លោក ផៃសាល ភោជមុងគល់ (Paisal Puechmongkol ) មេធាវីមួយរូបបាននិយាយ ថា លោកជឿថា ការវិលត្រឡប់របស់លោកថាក់ស៊ីន ជាល្បែងនយោបាយ ដោយលោកថា គេពុំគួរខ្ជះខ្ជាយពេលវេលាចំពោះព័ត៌មានមិនពិតនេះទេ៕
ដោយៈ សរ សុជាតិ