លោក ថាក់ស៊ីន បញ្ជាក់ថា នឹងត្រឡប់មកថៃវិញនៅថ្ងៃទី ២២ ខែសីហា

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាសថា នឹងលែងពន្យារពេលចូលស្រុកបន្តទៀតហើយ


អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃទី១៩ សីហាថា លោកពិតជានឹងត្រឡប់មកថៃវិញនៅថ្ងៃទី២២ ខែសីហានេះ ហើយនឹងមិនមានការពន្យារពេលទៀតទេ។ នេះគឺជាការប្រកាសពីផែនការចូលស្រុកជាង ២០លើក របស់លោក ថាក់ស៊ីន ក្រោយពេលដែលបានភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីរដ្ឋប្រហារដោយយោធាទម្លាក់ លោកចេញពីអំណាចនៅខែកញ្ញា ឆ្នាំ២០០៦មកនោះ ។
លោក ថាក់ស៊ីន បញ្ជាក់ថា នឹងត្រឡប់មកថៃវិញនៅថ្ងៃទី ២២ ខែសីហា

សារព័ត៌មានធំៗនៅក្នុងប្រទេសថៃបានរាយការណ៍ថា លោក ថាក់ស៊ីន បានបញ្ជាក់ឡើងវិញនូវកាលវិភាគនៃការវិលប្រឡប់របស់លោក នៅលើបណ្តាញសង្គម ដោយកូនស្រីពៅ របស់លោក គឺលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដោយបញ្ជាក់ជាថ្មីថា លោកស្រីនឹងជួបប៉ារបស់លោកស្រីនៅព្រលានយន្តហោះដនមឿង ទីក្រុងបាងកកនៅម៉ោង ៩ ព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ។
ចំពោះការប្រកាសដំណឹងវិលចូលស្រុកជាថ្មីនេះ លោក ថាក់ស៊ីន បានប្រាប់សារព័ត៌មាន BBC Thai ថា ថ្ងៃទី២២ ខែសីហាគឺជាថ្ងៃវិលត្រឡប់របស់លោកពិតប្រាកដ ដោយមិនមានការពន្យារពេលទៀតទេ ។ លោកនឹង ចាកចេញពីទីក្រុងឌូបៃទៅកាន់ប្រទេសសិង្ហបុរី មុនពេលចុះចតនៅទីក្រុងបាងកកនៅម៉ោង ៩ ព្រឹក ។
ការប្រកាសវិលចូលស្រុករបស់លោក ថាក់ស៊ីន គឺស្របនឹងថ្ងៃដែលសភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែ លោកបានបដិសេធថា ដំណើរមាតុភូមិនិវត្តន៍នេះមិនទាក់ទងគ្នាទេ ដោយអះអាងថា ការវិលត្រឡប់របស់លោកត្រូវបានគ្រោងទុក មុនពេលដែលប្រធានសភា កំណត់ពេលសម័យប្រជុំបោះឆ្នោតកាលពីសប្តាហ៍មុនទៀត។
លោកបានអះអាងថា ចំពោះមូលហេតុដែលមិនត្រលប់មកវិញមួយថ្ងៃមុននេះ គឺដោយសារថ្ងៃទី ២១ ខែសីហា គឺជាថ្ងៃខួបកំណើតកូនស្រីរបស់លោក គឺលោកស្រី ផៃថងថាន ហើយលោកមិនចង់ធ្វើឱ្យខូចបរិយាកាសនៃការប្រារព្ធពិធីនោះទេ។

លោកបាននិយាយថា មូលហេតុដែលអាចខូចបរិយាកាសនោះ គឺដោយសារតែលោកអាចនឹងត្រូវចូលគុក ទោះបីជាលោកមានវ័យចំណាស់ហើយ លោកនឹកចៅៗព្រមទាំងចង់នៅជាមួយគ្រួសារក៏ដោយចុះ។
ទោះបីជាលោកបានបដិសេធដំណើរត្រឡប់របស់លោកពាក់ព័ន្ធនឹងបញ្ហានយោបាយក៏ពិត មែន ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសាកសួរលោកថា តើលោកមានទំនុកចិត្តលើបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សភឿថៃ អាចទទួលការគាំទ្រ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃឬអត់នោះ លោកថាក់ស៊ីនបានឆ្លើយយ៉ាងសាមញ្ញថា "ពិតណាស់"។
ពាក់ព័ន្ធនឹងការប្រកាសនេះ លោក វិសណ្ណុ គ្រឿ ង៉ាំ (Wissanu Krea-ngam)ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្តីទីចាំផ្ទះថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា លោក ថាក់ស៊ីន នឹងត្រូវបញ្ជូនទៅមន្ទីរឃុំឃាំងនៅពេលដែលលោកមកដល់ ។
លោកបានអះអាងថា ទោះបីជារដ្ឋាភិបាលមិនត្រូវបានរាយការណ៍ជាផ្លូវការអំពីបញ្ហានេះ ប៉ុន្តែមន្រ្តីអនុវត្តច្បាប់ បានត្រៀមរៀបចំរួចរាល់ហើយ ដើម្បីទទួលលោក ថាក់ស៊ីន តាំងពី លោក បានប្រកាសកាលពីថ្ងៃទី ០៥ ខែ សីហា មកម្ល៉េះ ។
លោកបានបន្តថា នៅពេលដែលលោក ថាក់ស៊ីនមកដល់ លោកនឹងត្រូវនាំទៅកាន់នាយកដ្ឋានកែប្រែ ហើយបន្ទាប់មកនឹងទៅមន្ទីរឃុំឃាំង ក្លង ព្រីម (Klong Prem ) នៅសង្កាត់ចតុចក្រ នៅបាងកក ហើយនៅមុនពេលបញ្ជូនទៅមន្ទីរឃុំឃាំងលោកនឹងត្រូវបញ្ជូនទៅត្រួតពិនិត្យសុខភាពដូចជាអ្នកទោសដទៃទៀត ប៉ុន្តៃមន្រ្តីនៃរដ្ឋាភិបាលថៃរូបនោះ មិនទាន់ប្រាកដទេថា ក្រុមគ្រួសារលោក ថាក់ស៊ីន នឹងអនុញ្ញាតឲ្យចូលជួបសួរសុខទុក្ខ ឫអត់នៅឡើយទេ នៅក្នុងអំឡុងពេលនោះ ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឧកញ៉ា គង់ សាង៖ តម្លៃពលកម្មក្នុងវិស័យកាត់ដេរនៅកម្ពុជាស្មើតំបន់ A វៀតណាម តែផលិតភាពទាបជាង

ព័ត៌មាន
យើងសង្កេតឃើញថា តម្លៃពលកម្មក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីមួយទៅមួយ…

ចិនបើកធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មី ដើម្បីឆ្លើយតបនឹងដំណើរចុះចតរបស់មន្ត្រីកំពូលរបស់កោះនេះ នៅសហរដ្ឋអាមេរិក

ព័ត៌មាន
ដូចអ្វីដែលមន្ត្រីតៃវ៉ាន់ទាយទុកមិនខុស ប្រទេសចិនកាលពីថ្ងៃសៅរិ៍ ទី១៩ សីហា បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដែលខ្លួនថា «ជាកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ