រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ លោក ឈូសាក់ ស៊ីរិនិល (Chousak Sirinil) បានបញ្ជាឱ្យការិយាល័យជាតិ ព្រះពុទ្ធសាសនាថៃ (NOB) បើកការស៊ើបអង្កេត ក្រោយធ្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលអំពីគម្រោងវិនិយោគផនហ្ស៊ី មានឈ្មោះថា បាន ស៊ែរ ណង ខារ៉ុត (Ban Share Nong Carrot) ដែលក្នុងនោះព្រះសង្ឃជាច្រើនអង្គបានក្លាយជាជនរងគ្រោះ នៃអំពើឆបោករាប់សិបលានដុល្លារអាម៉េរិកនេះ។
លោកបានបញ្ជាក់ថា លោកមិនទាន់ទទួលបានរបាយការណ៍លម្អិតអំពីបញ្ហានេះនៅឡើយទេ ហើយថា ការិយាល័យជាតិ ព្រះពុទ្ធសាសនាថៃ (NOB) គួរតែបើកការស៊ើបអង្កេតលើបញ្ហានេះជាមុនសិន។ ភាពចម្រូងចម្រាស និងដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតមានឡើង ក្រោយទំព័រហ្វេសប៊ុកមួយបង្ហោះថា គម្រោងវិនិយោគផនហ្ស៊ី នៅភាគឦសាននៃប្រទេសថៃ បានដួលរលំ។ ក្រុមហ៊ុនមួយនៅភាគឦសាននៃប្រទេសថៃ បានអូសទាញព្រះសង្ឃ និងអ្នកភូមិឱ្យចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដែលខ្លួនបានរៀបចំ។
ក្រុមហ៊ុននេះបានល្បូងបោកបញ្ឆោតអ្នកចូលរួមឱ្យចូលជាសមាជិករបស់ខ្លួន ដោយតម្រូវឱ្យសមាជិកម្នាក់ៗដាក់ទុនវិនិយោគយ៉ាងតិច៩ពាន់ដុល្លារអាម៉េរិក និងជំរុញឱ្យសមាជិកទាំងនោះបន្តរើសសមាជិកថ្មី ដើម្បីបានប្រាក់ចំណេញពីការវិនិយោគចាប់តាំងពីឆ្នាំ២០២០ មក។
ប្រភពដដែលបានទម្លាយឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ គ្មានសមាជិកណាម្នាក់ទទួលបានប្រាក់ចំណេញពីការវិនិយោគរបស់ពួកគេនោះទេ ហើយសូម្បីតែប្រាក់ដើមក៏មិនអាចយកមកវិញបាននោះដែរ។ ដោយសារតែបែបនេះ ទើបជនរងគ្រោះជាច្រើនរួមទាំងព្រះសង្ឃផងបានចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានវឌ្ឍភាព ឬលទ្ធផលអ្វីជាដុំកំភួននៅឡើយទេ៕
ដោយ: តែម សុខុម