កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ក្រសួងពាណិជ្ជកម្ម៖ ពុំទាន់មានក្រុមហ៊ុនស្នើសុំនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅឡើយទេ


គិតមកទល់ពេលនេះមានរយៈពេលជាង១ខែហើយដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP) បានចូលជាធរមាន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា មកដល់ពេលនេះពុំទាន់មានអ្នកមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ(CO)សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះនៅឡើយទេ។
កប៉ាល់ចូលចតដាក់ទំនិញនៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ

មន្ត្រីជាន់ខ្ពស់​រូប​នេះ វាយតម្លៃ​ថា បញ្ហា​នេះ​ទំនង​មក​ពី​ក្រុមហ៊ុន​ផលិត និង​នាំ​ចេញ​ទាំងនោះ​ពុំ​ទាន់​ចាប់អារម្មណ៍​ទីផ្សារ​នាំ​ចេញ​ថ្មី ឬ​អាច​គិត​ថា ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ចាស់​មាន​ភាពល្អ​ប្រសើរ​ហើយ​។ បើ​ទោះបី​យ៉ាងនេះ​ក្តី ការ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​គោលដៅ​ទាំងនោះ​មានការ​កើនឡើង​ជាង​២០% នៅ​១​ខែ​ដំបូង​ដើមឆ្នាំ​២០២២ នេះ​ដែល​មាន​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា មក​ទល់​ពេល​នេះ​ពុំ​ទាន់​មានការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ណាមួយ​ធ្វើ​ឡើង​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP)​នៅឡើយ​ទេ ទោះបី​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​បាន​ចូល​ជា​ធរមាន​ជាង​១​ខែ​ក្តី​។

ឯកឧត្តម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​ការ​នាំ​ចេញ​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP)  និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន​(CCFTA)  ពុំ​ទាន់​មាន​អ្នក​នាំ​ចេញ​មក​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​(CO) សម្រាប់​នាំ​ចេញ​នៅឡើយ​ទេ ចាប់តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​ពីរ​ខាងលើ​នេះ​ចូល​ជា​ធរមាន​រួច​មក​»​។

ជុំវិញ​ការ​មិន​ទាន់​មានការ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ (CO) សម្រាប់​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ទាំងនេះ ត្រូវ​បាន​ឯកឧត្តម ស៊ា​ង ថៃ លើក​ឡើង​ថា គឺ​អាច​បណ្តាល​មក​ពី​អ្នក​នាំ​ចេញ​ខ្លះ​មិន​ទាន់​ចាប់អារម្មណ៍​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ថ្មី ឬ​កំពុង​សិក្សា​ពី​ផល​ចំណេញ ទើប​ពួក​គេ​មិន​ទាន់​ហ៊ាន​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​។ ម្យ៉ាងទៀត អាច​មាន​អ្នក​នាំ​ចេញ​ខ្លះ​គិត​ថា ការ​នាំ​ចេញ​របៀប​ចាស់ និង​ទៅ​ទីផ្សារ​ចាស់​វា​មាន​ភាពល្អ​ប្រសើរ​ហើយ​ជាដើម​។ 

អ្នកនាំពាក្យ​រូប​នេះ​បាន​គូស​បញ្ចា​ក់ថា ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ នឹង​ខិតខំ​ផ្សព្វផ្សាយ​ពី​ផលប្រយោជន៍​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សេរី​ទ្វេភាគី​កម្ពុជា​ចិន និង RCEP ដល់​អ្នក​ផលិត និង​អ្នក​នាំ​ចេញ ដើម្បី​ជំរុញ​កំណើន​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​។ តែ​យ៉ាងណា ឯកឧត្តម​យល់​ថា កិច្ចការ​នេះ​ត្រូវការ​ចំណាយ​ពេលវេលា​យូរ​បន្តិច​។

ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​នេះ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​ពីរ​នឹង​ដំណើរការ​បោះ​ជំហាន​ទៅ​មុខ​សន្សឹម​ៗ មិន​ដើរ​ថយក្រោយ​នោះ​ទេ​។ អ្នកជំនាញ​រូប​នេះ​រំពឹង​ថា តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនេះ វា​នឹង​ជួយ​ជំរុញ​កំណើន​នាំ​ចេញ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២ ឲ្យ​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស វា​ក៏​នឹង​ជួយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​កាន់តែ​ធំ​ជាង​មុន​ផង​ដែរ​។

ទោះបី​គ្មាន​ការ​នាំ​ចេញ​ណាមួយ​ធ្វើ​ឡើង​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​ខាងលើ​ក្តី ប៉ុន្តែ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​រួម​មាន​អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ និង​នូ​វែ​ល​សេ​ឡង់​នៅ​តែ​បង្ហាញ​ភាព​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ដើមឆ្នាំ​២០២២ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​គោលដៅ​ទាំងនេះ​សម្រេច​បាន​ជិត​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២៣% ប្រមាណ​ជិត​១៣០​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​។

ក្នុង​នោះ​នាំ​ចេញ​ទៅ​ទីផ្សារ​អាស៊ាន​សម្រេច​បាន​ជិត​៥​រយ​លាន​ដុល្លារ​កើនឡើង​៣៩%, ទីផ្សារ​អូស្ត្រាលី​សម្រេច​បាន​ជិត​១៣​លាន​ដុល្លារ​កើនឡើង​២៧%, ចិន​សម្រេច​បាន​ជិត​៨២​លាន​ដុល្លារ​ថយ​ចុះ​១២%, ជប៉ុន​សម្រេច​បាន​ជាតិ​៨៦​លាន​ដុល្លារ​ថយ​ចុះ​៣%, កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង​១៩​លាន​ដុល្លារ​កើនឡើង​១៧% និង​នូ​វែ​ល​សេ​ឡង់​សម្រេច​បាន​ជាង​១​លាន​ដុល្លារ​កើនឡើង​៥១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ សម្រេចបានប៉ុន្មានលានដុល្លារក្នុងនៅឆ្នាំ២០២១?

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារ នៅឆ្នាំ២០២១ ដែលមានការកើនឡើង១០% បើប្រៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការន…

KE ចាប់ដៃគូជាមួយ CBI ដើម្បីនាំយកផលិតផលសិប្បកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

ព័ត៌មាន
សហគ្រិនខ្មែរ (KE) ដែលស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌលសម្រាប់ការលើកកម្ពស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ