អត្ថបទពាណិជ្ជកម្ម

បងស្រី ម៉ៅ ម៉ានិត - អាជីវកររឹងមាំ ជំនះលើបញ្ហាវិបត្តិជំងឺកូវីដ ដែលដាក់សម្ពាធហិរញ្ញវត្ថុមកលើអាជីវកម្មប្រពៃណីរបស់គាត់


នៅពេលដែលអ្នកឆ្លងកាត់ការលំបាក ហើយឈានទៅសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន ចូរចាត់ទុកថា អ្នកជាមនុស្សរឹងមាំបានហើយ ។
បងស្រី ម៉ៅ ម៉ានិត - អាជីវកររឹងមាំ ជំនះលើបញ្ហាវិបត្តិជំងឺកូវីដ ដែលដាក់សម្ពាធហិរញ្ញវត្ថុមកលើអាជីវកម្មប្រពៃណីរបស់គាត់

នៅ​គ្រាដែលរោគរាត​ត្បាត​កូវីដ-១៩ បាន​ឆ្លងចូល​​ក្នុង​សហគមន៍​ក្នុង​ឃុំកំពង់ហ្លួង ខេត្ត​កណ្ដាល នាពេលកន្លងទៅ បងស្រី ម៉ៅ ម៉ានិត បាន​ទទួល​រង​នូវផលប៉ះពាល់​ធ្ងន់ធ្ងរ​មកលើ​អាជីវកម្មរបស់គាត់​ក្នុងនាម​ជាអ្នកផលិតប្រហុ​ក​ ជា​ម្ហូបអាហារ​តាំងពីបុរាណ​របស់ជនជាតិខ្មែរ ហើយផ្គត់ផ្គង់ទៅ​ឲ្យ​អ្នកលក់រាយ​នៅទូទាំង​ប្រទេស ។

បងស្រី​បាននឹកឃើញពីពេលដែលសហគមន៍​របស់គាត់ត្រូវបានបិទខ្ទប់​ម្ដង ជាពីរដង អំឡុងពេល​ផ្ទុះជំងឺរាត​ត្បាតនោះ ដែលធ្វើឲ្យអតិថិជន ក៏ដូចជា​រថយន្ត​មិនអាច​ចូលមក​ទិញ និង​ដឹកប្រហុក​របស់គាត់​បានឡើយ ធ្វើឲ្យ​រាំងស្ទះដល់អាជីវកម្មប្រហុកដែលគាត់​បានស្នង​ពី​ម្ដាយនោះ​ ។​

បងស្រី ម៉ានិត បាននិយាយថា៖ «ជួបបញ្ហាកូវីដ គេបិទផ្លូវ កាលខែមីនា និងខែ មេសា​ [ឆ្នាំមុន] ក៏លក់អត់ចេញដែរ បិទខ្ទប់​អត់ឲ្យចេញទៅណា ។ ហើយ​យើង​ត្រូវ​លក់ប្រហុក​​ខែ ៧ ទៅតាមខេត្ត តែខែ ៧​លក់អត់ចេញ ។ មូលហេតុ គឺដោយសារ​តែ​មេរោគនឹង​វាឆ្លង​លឿន ហើយដោយសារ​គេ​បិទខ្ទប់​​ ចេញទៅណាអត់រួច​»។

«និយាយទៅ បញ្ហា​ខ្លាំងជាងគេ គឺអំឡុងកូវីដ​នោះហើយ ។ ពីមុនមក អត់ដែលជួបអីទេ… ខ្ញុំខាត​ប្រហុកអស់ ៥ ម៉ឺនដុល្លារ»។

នៅពេលដែល​ប្រទេស​កម្ពុជា​បានបើកទ្វារ​ព្រំដែន និង​បើកដំណើរការ​សកម្មភាពសេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញនៅចុង​ឆ្នាំ ២០២១ ប្រជាពលរដ្ឋនានា រួមទាំង​ បងស្រី ម៉ានិត ​ក៏ចាប់ផ្ដើម​​មានក្ដីសង្ឃឹមចំពោះការ​ស្ដារ​អាជីវកម្ម​របស់ខ្លួន​វិញផងដែរ ។

ជារៀង​រាល់ឆ្នាំ អំឡុង​រដូវធ្វើប្រហុក​នៅខែវិច្ឆិកា និង​ខែធ្នូ ​បងស្រីម៉ានិត តែងទិញ​ត្រី​ស្រស់ៗ​រាប់រយ​តោន​ពីអ្នកនេសាទ​ ហើយ​ផលិតបានប្រហុកប្រមាណ ២០០ តោន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ប្រហុក​ដែលផលិត​រួច ត្រូវបានរក្សាទុក​នៅ​ខាង​ក្រោយផ្ទះសង់ពីឈើ​របស់គាត់​ ដែលនៅជាប់នឹង​ច្រាំង​ទន្លេ​សាប ដែលជា​បឹងទឹកសាបធំជាងគេ​បំផុតនៅអាស៊ីអាគ្នេយ៍ និងជាផ្នែកមួយនៃប្រព័ន្ធទន្លេមេគង្គ ។

ក្នុងចិត្តសង្ឃឹមថា នឹងអាច​ស្ដារ​មុខរបរ​ប្រហុក​ ក៏ដូចជា​ពង្រីកអាជីវកម្ម​ផ្សេងទៀតឡើងវិញបាន​ ដូច្នេះ​បងស្រីម៉ានិត ក៏បាន​ទៅជួបជាមួយនឹង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បី​ទទួលបានសេវា​ប្រាក់​​កម្ចីសម្រាប់ស្ត្រីក្នុងវិស័យអាជីវកម្ម។ បងស្រី​បាននិយាយថា គាត់តែងតែ​ស្នើសុំកម្ចីពីអម្រឹត​នៅពេលដែល​គាត់ត្រូវការ​ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុ និងការ​ពង្រីកអាជីវកម្ម ។

អាជីវកម្ម​ប្រហុករបស់បងស្រី​​បាន​ងើប​ឡើងមកវិញនៅក្នុង​ឆ្នាំ ២០២២ ហើយ​នៅពេលនេះ គាត់អាច​លក់​ប្រហុក​បានចន្លោះពី ៤ ទៅ ៩ តោន ​ក្នុងមួយខែ ។ តម្លៃលក់ដុំ គឺប្រមាណជា ៩៥០០ រៀលក្នុងមួយគីឡូក្រាម ។

ការធ្វើប្រហុកគឺជា​អាជីវកម្ម​តាមរដូវកាល ហើយ​បន្ថែមលើអាជីវកម្មមួយនេះ ដើម្បី​ទ្រទ្រង់ដល់ក្រុមគ្រួសារ និងអាជីវកម្ម បងស្រីម៉ានិត ក៏មានតូប​ចំនួនបី​ផ្សេងទៀតផងដែរ ក្នុងនោះ​មាន​ហាង​សាឡន​ចំនួន​​មួយ តូបលក់គ្រឿងក្រអូប និង​តូប​លក់មុងភួយ​​ក្នុង​ផ្សារ​ឧដុង្គ​ ខេត្តកំពង់ស្ពឺ ។

បងស្រី ម៉ានិត និយាយថា គាត់មានមោទនភាពចំពោះខ្លួនគាត់​ក្នុងនាមជាស្ត្រីមួយរូប ដែលអាច​ប្រកប​អាជីវកម្ម​ច្រើនមុខ​ក្នុងពេលតែមួយ ហើយ​គាត់ក៏មានផែនការ​ក្នុងការ​បន្តធ្វើអាជីវកម្មទាំងអស់នេះ បន្ត​ទៅមុខ​ទៀតដែរ ។

បងស្រីបាននិយាយថា៖ «ការ​បើករបរ​ថ្មី​ពេលមានផ្ទុះជំងឺចឹង​ពិបាកដែរ ប៉ុន្តែ យើង​ត្រូវ​ប្រថុយ​ ក្រែង​បានរីក​ចម្រើន ។ រាល់ថ្ងៃ​ខ្ញុំមានមោទនភាពលើខ្លួនខ្ញុំ ដោយសារពីមុនមក ខ្ញុំជាអ្នកធ្វើស្រែចម្ការ​ ខ្ញុំអត់ដែលស្គាល់ផ្សារ​យ៉ាងម៉េចទេ ព្រោះអីខ្ញុំកូនអ្នកធ្វើស្រែ​ ។ បន្ទាប់ពីខ្ញុំចេញរកស៊ីមក ខ្ញុំមានមុខរបរ​ផ្ទាល់ខ្លួន ហើយក្លាយជា​បង្គោល​ក្នុងគ្រួសារ​ថែមទៀតផង» ។

​«ខ្ញុំមានផែនការ​ពង្រីក​​អាជីវកម្មទាំងអស់នេះ​ឲ្យ​ជាប់រហូត​​ អត់ដែលគិតថា ឈប់អាជីវកម្ម​មួយណាទេ ធ្វើប្រហុក​ក៏នៅដដែល លក់ដូរនៅផ្សារ​ក៏នៅដដែល»។

ទន្ទឹមនឹងនេះ បងស្រីម៉ានិត ក៏បាន​ចែករំលែកនូវ​​ពាក្យពេចន៍លើកទឹកចិត្ត​មួយចំនួន​ទាក់ទង​នឹង​ការធ្វើអាជីវកម្មរកទទួលទានផងដែរ ដល់​ស្ត្រីនានា ដែលគាត់ស្គាល់ ។

«ចេះតែណែនាំគេថា បើយើង​ចង់រករបរអ្វី​ យើង​ត្រូវ​រក​ឲ្យដល់គោលដៅ យើងត្រូវតែហ៊ាន ។ បើថា​ចង់បានអ្វីហើយ បើយើងអត់លុយ យើងអាច​ទាក់ទង​ខាងគ្រឹះស្ថានហិរញ្ញវត្ថុ​ទៅ ដូចជា​ខាងអម្រឹត ប្រាក់កម្ចីគាត់ស្រួលទេ» ។

បងស្រីក៏បាន​​ឲ្យ​តម្លៃចំពោះ​ប្រាក់កម្ចី​ដែល​គាត់ទទួលបានរហូតមកទល់នឹងពេលនេះ​សម្រាប់យកទៅ​ប្រើប្រាស់​ក្នុងការ​ប្រកប​របរ​អាជីវកម្ម ។

«សម្រាប់ខ្ញុំ ខ្ញុំយល់ថា ល្អ ព្រោះអី ខាងគេឲ្យ​ខ្ចីលុយហើយ យើង​យកមកពង្រីកអាជីវកម្មខ្លួនឯង​ ។ បើអត់មានខាង​គាត់​ឲ្យ​ខ្ចី ក៏អត់ដឹងពង្រីកតាមណា​ដែរ ​ដូច្នេះ សម្រាប់ខ្ញុំ ខ្ញុំគិតថាល្អ» ។

នៅពេលបច្ចុប្បន្ននេះ អាជីវកម្ម​ទាំងអស់របស់​បងស្រីម៉ានិត កំពុង​ដំណើរការ​ទៅមុខ ហើយក៏​កំពុង​ងើបចេញពីផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាត​កូវីដ-១៩ ផងដែរ ​ហើយបងស្រី​បាន​ឲ្យដឹងថា បងស្រីកំពុង​តែ​សំឡឹង​មើល​លើការ​ពង្រឹង​បន្ថែមទៀតទៅលើ​ការ​រស់នៅ និង​របរ​អាជីវកម្ម​របស់គាត់​៕




អត្ថបទបន្ទាប់


ត្រៀមខ្លួនឬនៅ? កម្មវិធី WEEKEND LIFESTYLE ពីខុនដូ ដឹស្តា ប៉ូឡារីស 23 ដឹងតែចំណេញខ្លាំងម៉ង!

ចុងសប្ដាហ៍នេះមិនដឹងទៅណាមែនទេ? បើអ៊ីចឹង សូមអញ្ជើញមកចូលរួមកម្មវិធីដ៏ពិសេស “WEEKEND LIFESTYLE” ពីខុនដូ ដឹស្តា ប៉ូឡារីស 23 របស់បុរី …

ធនាគារជាតិជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យ SME នាំគ្នាចុះបញ្ជី និងបង្កើនសមត្ថភាពបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បន្តជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME) ដែលមិនទាន់បានចុះបញ្ជី នាំគ្នាមកចុះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ