មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ទទួលជោគជ័យលើការបង្កាត់ពូជត្រីស្ពង់ និងក្តាមសមុទ្រ


កូនត្រីស្ពង់ និងក្តាមសមុទ្រត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ (MARDEC) បង្កាត់ពូជទទួលបានលទ្ធផលជោគជ័យ ហើយបានយកកូនពូជរាប់លានកូនទៅផ្គត់ផ្គង់ដល់កសិករសម្រាប់ចិញ្ចឹម និងមួយចំនួនទៀត ត្រូវបានព្រលែងក្នុងសមុទ្រឱ្យធំធាត់ទៅតាមធម្មជាតិ។ លទ្ធផលនេះ ត្រូវបានអ្នកជំនាញចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយការទិញកូនពូជមកពីបរទេស ហើយវា ក៏ផ្នែកមួយក្នុងការធានានិរន្តរភាពផលិតផលជលផលនៅកម្ពុជាផងដែរ។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ទទួលបានជោគជ័យការបង្កាត់ពូជកូនត្រីស្ពង់ និងក្តាមសមុទ្រ
ដោយ

លោក ម៉ម សុខតារា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្របានអះអាងថា ការទទួលបានជោគជ័យលើការបង្កាត់ពូជកូនត្រីស្ពង់ និងក្តាមសមុទ្រនេះ គឺដោយសារទទួលបានការបណ្ដុះបណ្ដាលជំនាញពីអង្គការ JICA ដែលដំណើរការបង្កាត់ភ្ញាស់ជាលើកដំបូងតាំងពីឆ្នាំ២០១៣។ ដោយឡែកការបង្កាត់ពូជកូនក្ដាមសេះបានធ្វើឡើងនៅក្នុងអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ហើយកូនពូជដែលបង្កាត់បានត្រូវយកទៅព្រលែងក្នុងសមុទ្រ ដែលក្នុង១ឆ្នាំៗមានប្រមាណ៥លានកូន។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រកំពុងបង្កាត់ពូជក្ដាមថ្មនៅក្នុងទម្រង់សាកល្បង និងពុំទាន់មានការចែកចាយដល់កសិករនៅឡើយទេ ប៉ុន្តែមានផែនការសាកល្បងយកកូនពូជដែលភ្ញាស់បានទៅព្រលែងចូលព្រៃកោងកាង និងតាមសហគមន៍នានា។

ជាមួយគ្នានេះលោក យស់ ចាន់ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់ទុកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រជាទីកន្លែងដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់កូនពូជមានសុវត្ថិភាពជូនដល់កសិករ ខណៈមជ្ឈមណ្ឌលនេះ និងមន្ទីរកសិកម្ម មានកិច្ចសហការជិតស្និតដែលតែងតែជួយដោះស្រាយនៅពេលត្រីមានបញ្ហាក្នុងការចិញ្ចឹម។ សម្រាប់អនុប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុរូបនេះ ការផលិតកូនត្រីក្នុងស្រុកកាន់តែខ្លាំង វានឹងជួយដល់កសិករកាន់តែច្រើនតាមរយៈការចំណាយលើថ្លៃដើមទាប បើធៀបនឹងការទិញបន្តពីប្រទេសជិតខាង។

បើតាមលោក ម៉ម សុខតារា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រក្នុងខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ក្រោមជំនួយថវិកាប្រមាណ១០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ មជ្ឈមណ្ឌលនេះ បង្កើតឡើងដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ និងបង្កើនផលិតផលជលផលសមុទ្រ តាមរយៈការអភិវឌ្ឍវារីវប្បកម្មសមុទ្រ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះបានផ្សារភ្ជាប់រវាងគម្រោង Capfish-Cature និង Capfish-aquaculture របស់អង្គការ UNIDDO ក្រោមជំនួយថវិការរបស់សហភាពអឺរុប EU ដើម្បីសហការគ្នាក្នុងការលើកស្ទួយវិស័យជលផលនៅកម្ពុជា ផងដែរ៕

អត្ថបទ បូ ដូឡា,រូបភាព តែន ចិន

None



អត្ថបទបន្ទាប់


អ្នកកែច្នៃត្រីរំពឹងគម្រោង CAPFISH-Capture ជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ឱ្យកាន់តែប្រសើរ

សហគ្រាស យូនីកា ដែលជាសហគ្រាសដ៏ធំមួយនៅរាជធានីភ្នំពេញកំពុងកែច្នៃផលិតផលជលផលជាច្រើនប្រភេទស្របតាមគុណភាព និងស្តង់ដាសុវត្ថិភាពចំណីអាហារ ក្រោមគ…

អាជីវកម្មជាច្រើនរួមទាំង ធនាគារ និងអាកាសចរណ៍នៅទូទាំងពិភពលោក បញ្ហារំខាន ដោយសារតែការដាច់ប្រព័ន្ធរបស់ក្រុមហ៊ុន Microsoft

ជារឿងដ៏គួរភ្ញៀវផ្អើលមួយ នៅថ្ងៃទី ១៩ ខែកក្កដានេះ ដោយមានអាជីវកម្មជាច្រើន ដូចជាធនាគារ សុខាភិបាល និងព្រលានយន្ដហោះនៅទូទាំងពិភពលោកបានរងនូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ