
ការកែប្រែឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» មកជាឈ្មោះថ្មី «ឈូងសមុទ្រអាមេរិក» មិនមែនជារឿងចៃដន្យឡើយ ពោលគឺវាត្រូវបានធ្វើឡើង បន្ទាប់ពីលោកដូណាល់ត្រាំ បានចុះហត្ថលេខាកាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៥ ប្ដូរឈ្មោះឈូងសមុទ្រនេះជាផ្លូវការ ហើយលោកត្រាំ ក៏បានដាក់វិធានការតឹងរ៉ឹង ចំពោះអ្នកដែលប្រឆាំងនឹងការអនុវត្តបទបញ្ជានេះផងដែរ។ ជាក់ស្ដែង កាលពីសប្ដាហ៍មុន សេតវិមានអាមេរិក បានរារាំងអ្នកយកព័ត៌មានរបស់សារព័ត៌មាន AP ក្នុងការចូលយកព័ត៌មានក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងកម្មវិធី ដែលធ្វើឡើងនៅក្នុងការិយាល័យ Oval របស់ប្រធានាធិបតីផងដែរ។ ការហាមឃាត់នេះ ដោយសារតែសារព័ត៌មាននេះ នៅតែបន្ដប្រើប្រាស់ឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក មិនព្រមប្រើឈ្មោះ ឈូងសមុទ្រអាមេរិក នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។
សូមបញ្ជាក់ថា ឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ មកអស់រយៈពេលជាង ៤០០ឆ្នាំមកហើយ មុននឹងត្រូវបានប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសប្ដូរឈ្មោះថ្មីជា ឈូងសមុទ្រអាមេរិក ដ្បិតអាមេរិកបានចាត់ទុក ដែនសមុទ្រនោះ ស្ថិតក្នុងដែនដីដែលខ្លួនគ្រប់គ្រង។