ជាង ៥០ឆ្នាំកន្លងមក ប្រទេសជាច្រើននៅក្នុងតំបន់ គឺជាប្រទេសមានសេដ្ឋកិច្ចកសិកម្មក្រីក្រ ដែលប្រឹងតស៊ូជម្នះលើ ជម្លោះ ឬសេដ្ឋកិច្ចដើរតាមផែនការពីថ្នាក់កណ្តាលទៅ ប៉ុន្តែសព្វថ្ងៃ តំបន់នេះកំពុងតែមានសកម្មភាពសេដ្ឋកិច្ចយ៉ាងមមាញឹក ដោយឆ្លុះបញ្ចាំងពីល្បាយសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់ និងមធ្យម ដែលមានទំហំសរុបជិត មួយភាគបីនៃ GDP (ផសស) របស់ពិភពលោក។
គំរូអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុង តំបន់អាស៊ីបូព៌ា ដែលទទួលបានជោគជ័យគួរឲ្យកត់សម្គាល់កន្លងមក ក្នុងនោះមានដំណើរព្រមគ្នានៃ កំណើនសេដ្ឋកិច្ចផ្អែកលើការនាំចេញ ការអភិវឌ្ឍមូលធនមនុស្ស និងអភិបាលកិច្ចល្អផ្នែកសេដ្ឋកិច្ច ហើយចាំបាច់ត្រូវមានការកែសម្រួល ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធិភាព ចំពោះបញ្ហាប្រឈមដែលកំពុងតែលេចធ្លោឡើងនៅខាងក្នុង និងខាងក្រៅតំបន់។
ធនាគារពិភពលោក បានលើកឡើងអំពី ដំណើរការឈានទៅសម្រេចគោលដៅ របស់កម្ពុជា ក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០ បានបញ្ជាក់ឲ្យដឹងថា ការសម្រេចនូវគោលដៅនេះ ពិតជាលំបាកណាស់សម្រាប់កម្ពុជា ប្រសិនបើមិនមានការជំរុញបន្ថែមនូវកំណើនឲ្យបានខ្លាំងក្លាថែមទៀត។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ប្រសិនបើកម្ពុជា មិនមានការកែប្រែអភិវឌ្ឍខ្លួនបន្ថែមឲ្យបានទាន់ពេលវេលានោះទេ ការឈានទៅសម្រេចមហិច្ឆតាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ដោយជោគជ័យ នឹងមានអត្រាភាគរយតិចណាស់។
ធនាគារពិភពលោកថា ដើម្បីក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នេះ កម្ពុជា ចាំបាច់ត្រូវបង្កើនចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ រហូតដល់ជាង ៣.៨០០ ដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៧ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ មានតែជាង ១.២០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះ រយៈពេលជាង ១០ឆ្នាំទៅមុខទៀត កម្ពុជា ចាំបាច់ត្រូវបង្កើនអត្រាចំណូលជាសរុប សម្រាប់មនុស្សម្នាក់ រហូតដល់ ៩,៣% ពោលគឺលើស ៣ដង នាពេលបច្ចុប្បន្ន។
ខុសពីស្ថាប័នអន្តរជាតិអះអាងខាងលើនេះ ដោយឡែក លោក ឈាង វណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា តាមអ្វីដែលរាជរដ្ឋាភិបាលបានសិក្សា និងវាយតម្លៃ នៅឆ្នាំ ២០៣០ កម្ពុជា ពិតជាអាចសម្រេចបាននូវ គោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នេះ។
លោក បានបញ្ជាក់ទៀតថា ការលើកឡើងរបស់របាយការណ៍ធនាគារពិភពលោកដែលថា កម្ពុជា គួរតែពន្យាពេលទៅដល់ ២០៣៥ ដើម្បីសម្រេចគោលដៅនោះ គឺវាធ្វើឡើងទៅតាមបច្ចេកទេសផ្សេងគ្នា ពីអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ។ តែយ៉ាងណា ខាងរាជរដ្ឋាភិបាល នឹងបន្តពិភាក្សាបន្ថែមទៀតលើរឿងនេះ។
កម្លាំងជំនាញក្លាយជាឧបសគ្គទី៣របស់វិស័យឯកជននៅកម្ពុជា
តាមការសិក្សារបស់ធនាគារពិភពលោកឲ្យដឹងថា ការទទួលបានបុគ្គលិកជំនាញគឺជាការលំបាកទីបី សម្រាប់ម្ចាស់សហគ្រាសនៅកម្ពុជា ក្នុងចំណោមបញ្ហាប្រឈមពីរផ្សេងទៀតមានដូចជាការទទួលបានប្រភពហិរញ្ញវត្ថុ និងបញ្ហានៃការចាប់ផ្តើមដំណើរការចុះបញ្ជីអាជីវកម្ម។
ការសិក្សារកឃើញថា ជំនាញគឺជាការលំបាកលេខ៣ របស់វិស័យឯកជន ក្នុងការពង្រីកផលិតភាពការងារនៅក្នុងវិស័យអាជីវកម្ម។
លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកបានឲ្យដឹងថា អ្នកដែលមានជំនាញគឺពិតណាស់បានធ្វើឲ្យផលិតភាពការងារកើនឡើង ហើយភាគច្រើននៃអ្នកដែលមានជំនាញក៏ទទួលបានប្រាក់ខែខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។
លោកបន្ថែមទៀតថា ដើម្បីលើកទឹកចិត្តដល់សហគ្រាសនោះគឺ ការបណ្តុះបណ្តាលជំនាញពិតជាសំខាន់ ដែលរដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីទាញយកការផលិតកើនឡើង និងសំខាន់ជាងនេះទៀត គឺគាំទ្រសហគ្រាស ទទួលបានការចុះបញ្ជីអាជីវកម្មមានភាពងាយស្រួល និងការជួយសម្រួលការទទួលបានហិរញ្ញវត្ថុជាដើម៕