លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក បានលើកឡើងថា តាមការស្រាវជ្រាវបានឲ្យដឹងថា ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចូលជីពីក្រៅប្រទេសប្រមាណ១លានតោន ដោយគិតជាទឹកប្រាក់មានរហូតដល់រាប់រយលានដុល្លារឯណោះ។ ទន្ទឹមនឹងនេះ សមត្ថភាពផលិតជីកសិកម្មធម្មជាតិរបស់ប្រជាកសិករខ្មែរ ក៏មានការថយចុះជាងមុនផងដែរ ដោយសារប្រជាពលរដ្ឋជាច្រើនលក់គោ ក្របី ទិញគោយន្ដមកប្រើប្រាស់ជំនួសវិញ។
ជាមួយគ្នានេះដែរ តាមការកត់សម្គាល់របស់លោក ឃើញថា នៅខេត្តមួយចំនួន ដូចជា ខេត្តព្រៃវែងនិងស្វាយរៀង ប្រជាកសិករបាននាំគ្នាលក់លាមកគោ ដែលជាជីធម្មជាតិ ទៅកាន់ប្រទេសវៀតណាមនិងបាននាំគ្នាទិញជីគីមីពីវៀតណាមមកប្រើប្រាស់លើការដាំដុះរបស់ខ្លួនទៅវិញ ដែលនេះគឺជាកត្តាមួយដែលជំរុញឲ្យជីគីមីបាននិងកំពុងមានការពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងនៅកម្ពុជា។
នាយកប្រតិបត្តិអង្គការសេដាកដដែលនេះ បានគូសបញ្ជាក់ទៀតថា ប្រជាកសិករគួរតែគិតគូរឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសជីមកប្រើប្រាស់សម្រាប់ការដាំដុះ ព្រោះថា សម្រាប់ការធ្វើកសិកម្ម ដីគឺប្រៀបបាននឹងម្ដាយ ខណៈដែលដំណាំគឺប្រៀបបាននឹងទារកដែលនៅក្នុងផ្ទៃ ដូច្នេះ ប្រសិនបើការថែទាំនិងបំប៉នមិនបានត្រឹមត្រូវ នោះលទ្ធផលទទួលបានក៏មិនបានល្អប្រសើរដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ការនាំចូលជីពីក្រៅប្រទេសមកកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ តែយ៉ាងណា ខាងក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់ត្រួតពិនិត្យលើគុណភាពជី មុនសម្រេចឲ្យធ្វើការនាំចូល ដើម្បីអាចដឹងថា តើជីគីមីនោះ វាមានផលប៉ះពាល់ដល់គុណភាពដីធ្ងន់ធ្ងរដែរ ឬទេ? មិនតែប៉ុណ្ណោះ នៅពេលដែលដាក់លក់នៅតាមដេប៉ូ ឬតូបនីមួយៗ ក៏ត្រូវមានការចុះត្រួតពិនិត្យផងដែរ ដើម្បីជៀសវាងការដាក់លក់ផលិតផលជីក្លែងក្លាយ ដែលមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ជាដើម។
ជុំវិញបញ្ហាជីកសិកម្មនេះដែរ លោក កេត កែវអមតៈ នាយកក្រុមហ៊ុន Bioactive Technologies ដែលបាននាំចូលជីនិងថ្នាំកសិកម្មសរីរាង្គ១៦មុខពីប្រទេសឥណ្ឌា បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើន បាននាំចូលជីកសិកម្មពីក្រៅប្រទេស ដោយមានទាំងជីគីមី និងជីសរីរាង្គ។ ប៉ុន្ដែ ការប្រើប្រាស់នូវជីសរីរាង្គរបស់ប្រជាកសិករហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងការប្រើប្រាស់ជីគីមី។ តែយ៉ាងណា លោកជឿថា ការកែប្រែមកធ្វើកសិកម្មបែបសរីរាង្គរបស់ប្រជាកសិករ នឹងជំរុញឲ្យការប្រើប្រាស់ជីសរីរាង្គកាន់តែមានច្រើនឡើង។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនលោកមិនត្រឹមតែនាំចូលផលិតផលជីមកលក់នោះទេ តែក៏បានផ្ដល់ជាការបណ្ដុះបណ្ដាលពីការប្រើប្រាស់ជី និងថ្នាំ ជាមួយនឹងការអនុវត្តទៅលើដីស្រែចម្ការគំរូផងដែរ។
លោកបន្ថែមទៀតថា លោកសូមលើកទឹកចិត្តដល់កសិករឲ្យងាកមកប្រើជីសរីរាង្គសម្រាប់ដាំដុះដំណាំវិញ។ ហើយប្រសិនបើប្រជាកសិករ ដែលធ្លាប់តែប្រើប្រាស់ជីគីមី ចង់ងាកមកប្រើជីសរីរាង្គវិញ គឺមិនមានអ្វីលំបាកនោះទេ។
សូមជម្រាបដែរថា បើតាមអ្នកជំនាញផ្នែកសិកម្មជាច្រើន បានអះអាងថា បច្ចុប្បន្ន ការដាំដុះដំណាំសរីរាង្គបាននិងកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលកសិផលនេះត្រូវបានចាត់ទុកថា ជាផលិតផលកសិកម្មមួយដែលមានទីផ្សារធំ និងអាចប្រកួតប្រជែងដើម្បីធ្វើការនាំចេញទៅក្រៅប្រទេសផងដែរ។ តួយ៉ាង ដំណាំស្រូវសរីរាង្គដែលដាំដុះនៅខេត្តព្រះវិហារ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ ខណៈដែលតម្លៃរបស់វាក៏ខ្ពស់ផងដែរ៕