អចលនទ្រព្យ-​ខណ្ឌ​សែនសុខ

ខណ្ឌ​សែនសុខ មាន​កំណើន​អគារ​ពាណិជ្ជកម្ម ខុនដូ និង​បុរី​យ៉ាង​ច្រើន​ស្អេកស្កះ


តំបន់​ខណ្ឌ​សែនសុខ ភាគ​ខាង​លិច​រាជ​ធានី​ភ្នំពេញ ដែល​ធ្លាប់​ជា​បឹង​និង​ដី​ទំនេរ​ចោល ត្រូវ​បាន​ប្រែ​មុខ​មាត់​ថ្មី​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ សកម្មភាព​សាងសង់​លំនៅដ្ឋាន​បែប​បុរី ខុនដូ ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម ត្រូវ​បាន​​សាងសង់​​ឡើង​ព្រោងព្រាត ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ​ដែល​កាន់តែ​មាន​ចំនួន​កើន​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ។
គម្រោង​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ និង​លំនៅដ្ឋានរួម Star City នៅ​ក្នុង​ខណ្ឌ​សែនសុខ​ រាជ​ធានី​ភ្នំពេញ
ដោយ

សម្រាប់​សំណង់​អគារ​សំខាន់ៗ​ដែល​បាន​សាងសង់​រួចរាល់​នៅ​ក្នុង​ខណ្ឌ​សែនសុខ មាន​ដូចជា បុរី​ពិភពថ្មី អគារ​ខ្ពស់​របស់​ក្រុមហ៊ុន Tela ចំនួន​២ អគារ​ពាណិជ្ជកម្ម​អ៊ែតវូដ សកលវិទ្យាល័យ​មេគង្គ​កម្ពុជា សាកល​វិទ្យាល័យ​និង​មន្ទីរពេទ្យ​សែនសុខ សកលវិទ្យាល័យ​អន្តរជាតិ (IU) មន្ទីរពេទ្យ​រ៉ូយាល់​ភ្នំពេញ និង​ផ្សារ​ទំនើប​រតនា​ផ្លាហ្សារ ជាដើម។

រីឯ​គម្រោង​សំណង់​ធំៗ​ក្នុង​ខណ្ឌ​នេះ រួមមាន៖ អគារ​ពាណិជ្ជកម្ម សណ្ឋាគារ ការិយាល័យ និង​ខុនដូ របស់​គម្រោង Star City ដែល​សាងសង់​មាន​ផ្ទៃដី​១៨​ម៉ឺន​ម៉ែត្រ​ការ៉េ នៅ​ជាប់​ស្ពាន​អាកាស​ដីហុយ​ដែល​កំពុង​សាងសង់ គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ទី២ (AEON) របស់​ជប៉ុន គម្រោង​សាងសង់​ប៊ូយ៉ុង ថោន របស់​កូរ៉េ គម្រោង​ខុនដូ​តម្លៃ​សមរម្យ​ក្រុមហ៊ុន Arakawa របស់​ជប៉ុន និង​មាន​គម្រោង​ធំៗ​ជាច្រើន​ទៀត។

លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​អះអាង​ថា ខណ្ឌ​សែនសុខ​បាន​ក្លាយ​ជា​តំបន់​ពេញ​និយម​សម្រាប់​វិនិយោគិន​ក្នុង​ការ​សាងសង់​អគារ​ពាណិជ្ជកម្ម និង​លំនៅ​ដ្ឋាន។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខណ្ឌ​សែនសុខ ជាពិសេស ម្តុំ​ជាប់​ខណ្ឌ​ទួលគោក ជា​តំបន់​រកស៊ី និង​អភិវឌ្ឍន៍​លំនៅដ្ឋាន។ ក្នុង​នោះ មាន​បុរី ប៉េង​ហួត បុរី​ពិភពថ្មី ផ្សារ​អ៊ីអន​ទី២ ផ្សារ​ម៉ាក្រូ និង​កាំកូ​ស៊ីធី ជាដើម។ វា​ជា​តំបន់​សក្តានុពល​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត»។        

ផ្សារ​ទំនើប​លក់បោះ​ដុំ​ទំនិញ​ជាង ១ម៉ឺន​ ៥ពាន់​មុខ ឈ្មោះ Makro នៅ​ក្នុង​ទឹក​ដី​នៃ​ខណ្ឌ​សែនសុខ។

ដូច​គ្នា​ដែរ លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​អត្ថាធិប្បាយ​ថា ខណ្ឌ​សែនសុខ​ជា​តំបន់​ជិត​ខណ្ឌ​ទួលគោក ដែល​មាន​ការ​រីក​ចម្រើន និង​ត្រូវតែ​ពង្រីក​បន្ថែម​ទៀត។ លោក​យល់​ថា តំបន់​នេះ មាន​ភាព​អំណោយ​ផល ព្រោះ​កន្លង​មក អាជ្ញាធរ​បាន​ចេញ​គោលការណ៍​១០០​ម៉ែត្រ មាន​ផ្លូវ​មួយ ដែល​វា​ជា​រឿង​ល្អ​សម្រាប់​អ្នក​ចង់​រស់នៅ​កន្លែង​ដែល​មាន​សណ្តាប់​ធ្នាប់​ល្អ។ 

បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ ខណ្ឌ​សែនសុខ សម្បូរ​បុរី​ច្រើន ប៉ុន្តែ អគារ​ពាណិជ្ជកម្ម នៅ​ខណ្ឌ​សែនសុខ នៅ​មាន​ចំនួន​តិច​នៅ​ឡើយ បើ​ប្រៀបធៀប​ជាមួយ​ខណ្ឌ​ចំការមន។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខណ្ឌ​សែនសុខ បាន​បុរី​ភ្នំពេញ​ថ្មី ជា​ប៊្រេន​មួយ។ ខណ្ឌ​នេះ​សម្បូរ​បុរី ដែល​ជំរុញ​ឲ្យ​គម្រោង​ជា​ច្រើន ដូចជា ផ្សារ E-MART ដ៏​ធំ​របស់​កូរ៉េ នឹង​ចូល​មក​វិនិយោគ​នៅ​តំបន់​នេះ ផ្សារ​ទំនើប​ អ៊ីអន​ទី២​ របស់​ជប៉ុន និង​ផ្សារ​ទំនើប​ម៉ាក្រូ ជាដើម»។

លោក ង៉ែត ជូ បាន​បញ្ជាក់​បន្ថែម​ថា និន្នាការ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ខណ្ឌ​សែនសុខ​ក្លាយ​ជា​ទីក្រុង​រណប​ថ្មី​មួយ​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ លោក​បារម្ភ​ថា តំបន់​នេះ​នឹង​រង​នូវ​ជំនន់​ទឹកភ្លៀង ពីព្រោះ ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា លូ ជាដើម មិន​ទាន់​រៀបចំ​បាន​ត្រឹមត្រូវ និង​គ្រប់​គ្រាន់​នោះ​ទេ។ លោក​បន្ថែម​ថា តំបន់​នេះ​នៅ​កៀក​នឹង​ទំនប់​កប់​ស្រូវ ដែល​ជា​ទំនប់​ដ៏​សំខាន់​ក្នុង​ការ​រំដោះ​ទឹក​ចេញ​ពី​ភ្នំពេញ ហើយ​វា​អាច​នឹង​មាន​ហានិភ័យ ព្រោះ បច្ចុប្បន្ន បឹង​នេះ​ត្រូវ​បាន​គេ​លប់​ជា​បន្ត​បន្ទាប់៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​កសិកម្ម៖ កសិផល​សរីរាង្គ​នឹង​ក្លាយ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​ការ​ប្រកួត​ប្រជែង

ព័ត៌មាន
លំហូរ​ចូល​នៃ​បន្លែ ផ្លែ​ឈើ ដែល​មាន​សារជាតិ​គីមី ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភ…

ជី​កសិកម្ម​ខ្ទង់​១​លាន​តោន ត្រូវ​បាន​នាំចូល​មក​កម្ពុជា ខណៈ​ដែល​ការ​ផលិត​ជី​ក្នុង​ស្រុក​ថយ​ចុះ

ព័ត៌មាន
ស្របពេល​ដែល​កសិករ​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​នៃ​ការ​ធ្វើ​កសិកម្ម​ពី​ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី មក​កសិកម្ម​​តាម​​បែប​បច្ចេកទេស​ទំនើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ