មានប្រសាសន៍ នៅថ្ងៃទី២០ ខែកញ្ញា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មានសារៈសំខាន់ណាស់ ដូច្នេះ ក្រសួងសាធារណៈការគាំទ្រយ៉ាងពេញទំហឹង ក្នុងការបង្កើនបន្ថែមទៀត នូវមធ្យោបាយដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវគោក កាត់បន្ថយថ្លៃដឹកជញ្ជូន និងរក្សាផ្លូវថ្នល់ឱ្យកាន់តែយូរអង្វែង។
ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានបន្ថែមថា កំពង់ផែស្វយ័តភ្នំពេញ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្ម របស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ។ ទោះបែបនេះក្ដី ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដើម្បីឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព ត្រូវមានកិច្ចសហការគ្នា រវាងកំពង់ផែស្វយ័តភ្នំពេញ និងផែរណប។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រ ក្នុងជំហានទី១ ចាប់តាំងពី ឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណជិត៣០ លានដុល្លារ និងមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ។ ដោយឡែក គម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ ៩លានដុល្លារ និងមានសមត្ថភាព ផ្ទុកកុងតឺន័រ បានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាព ផ្ទុកកុងតឺន័រ រហូតដល់៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ៕