ការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យដំណើរការ និងការអនុវត្តរបស់ក្រុមហ៊ុនទាំងនោះ។
ក្រុមហ៊ុនបណ្តុះបណ្តាលរថយន្ដធុនធ្ងន់ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងសាធារណការ និងដឹកជញ្ជូន តែមិនអនុវត្តតាមកិច្ចសន្យាអាចប្រឈមនឹងការដកអាជ្ញាបណ្ណ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលសង្កេតឃើញថា កន្លងមកក្រុមហ៊ុនមួយចំនួនមិនគោរពតាមលក្ខខណ្ឌរបស់ក្រសួងនោះឡើយ។
នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៤ កុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានដាក់បទបញ្ជាថា៖ «ខ្ញុំសូមឲ្យអគ្គនាយកដឹកជញ្ជូនលោកពិនិត្យឡើងវិញ នូវអាជ្ញាបណ្ណដែលបានចេញទៅហើយនោះ ចំពោះក្រុមហ៊ុន ដែលបានទទួលអាជ្ញាបណ្ណ ប៉ុន្តែមិនបានរៀបចំការបណ្តុះបណ្តាលរថយន្តធុនធ្ងន់ សូមដកអាជ្ញាបណ្ណមកវិញ»។
ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យអគ្គនាយកដ្ឋានដឹកជញ្ជូន ត្រួតពិនិត្យឲ្យបានម៉ត់ចត់ពាក់ព័ន្ធការចេញបណ្ណបើកបរ។ ពោលគឺជៀសវាងចេញបណ្ណបើកបរឲ្យអ្នក ដែលមិនបានរៀនពីច្បាប់ និងប្រឡងដៃចង្កូត។
«ការផ្តល់បណ្ណបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែពិនិត្យឡើងវិញឲ្យបានត្រឹមត្រូវ ត្រូវផ្តល់បណ្ណបើកបរតែអ្នកដែលរៀនទ្រឹស្តីចប់ ប្រឡងជាប់ទ្រឹស្តី ប្រឡងដៃចង្កូតចប់ត្រឹមត្រូវ គឺយើងមិនអាចចេញបណ្ណបើកបរដោយគ្មានការរៀនសូត្រត្រឹមត្រូវនោះទេ»។ នេះជាបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល។
សម្រាប់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ ការផ្តល់បណ្ណបើកបរឲ្យអ្នកបើកបរ ដែលមិនបានរៀនបើកបរ និងគ្មានបទពិសោធន៍ ប្រៀបដូចអាវុធសម្លាប់អ្នកបើកបរ។ លើសពីនេះ វាក៏បញ្ហាធ្វើឲ្យអ្នកជួបគ្រោះថ្នាក់ផងដែរ។
ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖«សម្តេច ស ខេង ប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏មានប្រសាសន៍ដែរ ឲ្យយើងត្រួតពិនិត្យឲ្យបានត្រឹមត្រូវក្នុងការចេញបណ្ណបើកបរ កុំឲ្យបង់១០០ដុល្លារទិញបណ្ណបើកបរបាន ដោយគ្មានរៀនសូត្រ។ ដូច្នេះត្រូវតែពិនិត្យនីតិវិធីឡើងវិញ ធ្វើឲ្យបានម៉ត់ចត់ យើងមិនអាចចេញបណ្ណបើកបរឲ្យអ្នកបើកបរ ដោយគ្មានបទពិសោធន៍ គ្មានបានរៀន ដូចប្រគល់បណ្ណបើកបរដើម្បីសម្លាប់គេអ៊ីចឹងដែរ»។
ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ជាមធ្យមមានមនុស្ស ៥នាក់បានស្លាប់ និងរបួសពី១២ទៅ១៥នាក់ក្នុងមួយថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងចំណោមរថយន្តធុនធ្ងន់ដែលបានចុះបញ្ជី មានអ្នកបើកបរដោយគ្មានបណ្ណបើកបរប្រមាណ ៣០ភាគរយ ខណៈរថយន្តធុនស្រាលមានប្រមាណ២០ភាគរយ៕