ការដំឡើងបង្គោលអង់តែននេះ គឺក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិតនៅតាមបុរី និងក្នុងបណ្ដាខណ្ឌទាំង១៤។
បង្គោលអង់តែនរួមទាំង៧៤នេះអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបានសាងសង់បន្ថែមបង្គោលអង់តែនរួមបានចំនួន២៩៨បង្គោលទៀត ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានណែនាំឱ្យអ្នកជំនាញពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍បានបន្ថែមសមាសភាពក្រុមការងារប្រតិបត្តិរហូតដល់៩ក្រុម ដើម្បីជួយពន្លឿនក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង និងជំរុញការអនុវត្តផែនការសកម្មភាពលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ៕