ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង-ស្ថាប័នរដ្ឋចំនួន ១៦ ដើម្បីដោះស្រាយបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ


ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបូកសរុបបញ្ហាប្រឈម និងកំណត់វិធានការ ដើម្បីដោះស្រាយបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រា ក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័នចំនួន ១០ និងខេត្តចំនួន ៦។
ក្រសួងសេដ្ឋកិច្ច
ដោយ

ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តកំពត ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង តំណាងដ៏ខ្ពង់​ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធាន​គណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី​ពិនិត្យនិងធ្វើបច្ចុប្បន្នភាព ទីតាំងដីរដ្ឋ ដែលបាន ចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញា​បនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំ បូកសរុបបញ្ហាប្រឈម និងផែនការគាំទ្រដើម្បីដោះស្រាយបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនៅតាមមូលដ្ឋានរាជធានី ខេត្តក្នុងឆ្នាំ២០២៦។​ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ណុំ ស៊ីនិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក ហ៊ីង ច័ន្ទបូរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន​ចំនួន ១៦ រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម,​ ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អគ្គលេខាធិការដ្ឋាន​រដ្ឋសភា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត និង ឯកឧត្ដម លោកជំទាវ ដែលជាអភិបាលរង តំណាងគណៈអភិបាលខេត្ត​​ចំនួន ៦ រួមមាន ខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ, លោក​ លោកស្រី​ ជាប្រធាន និងអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តទាំង ៦, និង លោក លោកស្រី​ប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត សរុបមានអ្នកចូលរួមប្រមាណ ១៣០ រូប

កិច្ចប្រជុំនេះ មានគោលបំណង៖​ (ទី១)​ ពិនិត្យវឌ្ឍនភាព, បញ្ហាប្រឈម និងសំណើដោះស្រាយចំពោះដីរដ្ឋដែល​មិនទាន់មានប័ណ្ណកម្មសិទ្ធិ; (ទី២) ពិភាក្សាអំពីការស្រាវជ្រាវ និងកសាងទិន្នន័យនិងព័ត៌មានលម្អិតពាក់ព័ន្ធដីមាន​​បញ្ហានីមួយៗ ដើម្បីធ្វើអាទិភាព​ក្នុងផែនការសកម្មភាព និងពន្លឿនការងារចុះពិនិត្យ និងដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង; (ទី៣) ពិភាក្សាជាមួយក្រសួង ស្ថាប័ន និងគណៈកម្មការចំពោះកិច្ចរបស់ខេត្ត អំពីការងារដែលត្រូវត្រៀមជាមុនសម្រាប់​ការងារចុះត្រួតពិនិត្យ និងដោះស្រាយនៅតាមមូលដ្ឋានខេត្តនីមួយៗ​ ក្នុងឆ្នាំ២០២៦; និង (ទី៤) ស្នើសុំកំណត់ជាផែនការសកម្មភាព និងទិន្នន័យមូលដ្ឋាន ដើម្បីបូកសរុប និងដាក់ឆ្លងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការអន្តរក្រសួង ដែលគ្រោងរៀបចំក្នុងខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំរបស់ក្រុមការងារទី១ ដែលត្រូវបានបង្កើតឡើងជាសេនាធិការ របស់គណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួល និងចុះដោះស្រាយបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង ស្ថាប័ន ចំនួន ១០ រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម,​ ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, អគ្គលេខាធិការដ្ឋាន​រដ្ឋសភា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត, និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងខេត្តចំនួន ៦ រួមមាន ខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ បន្ទាប់ពីបានស្ដាប់របាយការណ៍ និងពិភាក្សាលើបញ្ហាប្រឈមនីមួយៗ អង្គប្រជុំបានស្នើឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្ត ពិនិត្យ សិក្សា និងកសាងទិន្នន័យ និងព័ត៌មានលម្អិតពាក់ព័ន្ធដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានបូកសរុបវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសកម្មភាព ឆ្នាំ២០២៦ រួមទាំងយកជាទិន្នន័យគោលសម្រាប់ដាក់ឆ្លងការពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការអន្តរក្រសួង ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥នេះ។ ទន្ទឹមនេះ ក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួងនឹងពិនិត្យ និងរៀបចំជាផែនការចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋតាមបណ្ដាខេត្តទាំង ៦ និងតាមក្រសួង ស្ថាប័នទាំង ១០ ចាប់ពីខែមករា ឆ្នាំ២០២៦ ក្នុងនោះ ក៏ស្នើឱ្យរដ្ឋបាលខេត្តប្រើប្រាស់យន្តការគណៈកម្មការចំពោះកិច្ច ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមឱ្យអស់លទ្ធភាព និងលើកស្នើមតិយោបល់ឱ្យបានជាក់លាក់ជូនក្រុមការងារនៃគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយ។ ដោយឡែក អង្គប្រជុំក៏បានពិភាក្សាអំពីការបង្កើតឱ្យមានយន្តការចំពោះកិច្ចតាមក្រសួង ស្ថាប័ន ក្នុងករណីដែលចាំបាច់ សម្រាប់ជាយន្តការសម្របសម្រួលនិងប្រទាក់ក្រឡាគ្នាជាមួយយន្តការដោះស្រាយវិវាទដែលមានស្រាប់។

រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងជាបន្តបន្ទាប់លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារបន្ថែមទៀតនូវកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំយន្តការគ្រប់គ្រង និងសម្របសម្រួលនានា ដើម្បីបន្តពង្រឹងការគ្រប់គ្រងដីរបស់រដ្ឋ រួមមានជាអាទិ៍៖ ធ្វើបច្ចុប្បន្នភាព និងបែងចែកក្រុមការងារ​គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្មីៗនេះបង្កើតឱ្យមានគណៈកម្មការចំពោះកិច្ចនៅតាមរាជធានី ខេត្ត ដើម្បីសម្របសម្រួល និងដឹកនាំដោះស្រាយបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋឱ្យបានត្រឹមឆ្នាំ២០២៦។ ទន្ទឹមនេះ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌ​ទ្រព្យសម្បត្តិរដ្ឋ កែសម្រួលលិខិតបទដ្ឋានគតិយុត្តចាំបាច់មួយចំនួន និង​រៀបចំ​ឯកសារគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់តម្រង់ទិសការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលរំពឹងថានឹងត្រូវប្រកាសដាក់ឱ្យអនុវត្តនាពេលខាងមុខឆាប់ៗ។




អត្ថបទបន្ទាប់


ក្រោយរងទឹកជំនន់ធ្ងន់ធ្ងរ អាជ្ញាធរឥណ្ឌូនេស៊ី បើកយុទ្ធនាការបង្ក្រាបការជីកយករ៉ែ និងកាប់ព្រៃឈើខុសច្បាប់

ក្រោយគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន បានចាប់ផ្តើមយុទ្ធនាការបង្ក្រាបការជីកយករ៉ែ និងកាប់ព្រៃឈើខុសច្បាប់នៅក្…

រដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឯកភាពលើសំណើកម្ពុជា សុំពន្យារពេលបញ្ចប់ការបោសសម្អាតមីនដល់ឆ្នាំ២០៣០

រដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានឯកភាពតាមសំណើសុំពន្យារពេលរបស់កម្ពុជា ក្នុងការបញ្ចប់ការបោសសម្អាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ