ក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក EXXON គ្រោងចាកចេញពីរុស្ស៊ី

តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្ពស់ថែមទៀត ក្រោយក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក EXXON គ្រោងចាកចេញពីរុស្ស៊ី


តម្លៃប្រេងពិភពលោកកំពុងកើនឡើងបន្ថែមទៀត បើទោះបីជាមានកិច្ចព្រមព្រៀងមួយទើបតែបានបង្កើតឡើងដោយសមាជិកនៃអង្គការទីភ្នាក់ងារថាមពលអន្តរជាតិ ក្នុងការបញ្ចេញប្រេងបម្រុងចំនួន ៦០ លានបារ៉ែល ដើម្បីសម្របសម្រួលដល់តម្រូវការទីផ្សារក៏ដោយ ព្រោះថាវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែបង្កភាពតានតឹងកាន់តែខ្លាំងឡើងដដែល។
រូបតំណាង

តម្លៃប្រេង​ហក់ឡើងកាន់តែខ្ពស់នេះ គឺធ្វើឡើងស្របពេលដែល​ ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ដ៏ធំរបស់​អាមេរិក Exxon ដែលមាន​ប្រតិបត្តិការនៅប្រទេសរុស្ស៊ីនោះ បានប្រកាសពីផែនការ​នឹងដកខ្លួន​ចេញពីរុស្ស៊ី ក្រោយពេលរុស្ស៊ីរងទណ្ឌកម្មធ្លាក់មកផ្ទួនៗពីប្រទេសលោកខាងលិច រួមទាំងពីអាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Nikkei  Asia។

តម្លៃប្រេងឆៅពិភពលោក​នៅថ្ងៃពុធទី២ នេះ បានកើនឡើងជាង ១០% ដែលបាន​ធ្វើឲ្យការជួញដូរប្រេង​ក្នុងទីផ្សារ បានកើនឡើងដល់​តម្លៃប្រមាណ ១១២ដុល្លារអាមេរិក ក្នុងមួយធុងបារ៉ែល នេះជាតម្លៃកើនឡើងខ្ពស់បំផុត​មិនធ្លាប់មាន ​​ក្នុងរយៈពេល​១ទសវត្សរ៍ចុងក្រោយនេះ។

តម្លៃប្រេងនៅទីផ្សារអង់គ្លេសថ្ងៃនេះកើនដល់​ប្រមាណ ១១២ដុល្លារអាមេរិក​ក្នុងមួយធុងបារ៉ែល ស្របពេលដែល​តម្លៃប្រេង​នៅទីផ្សារអាមេរិក​កើនឡើងដល់​ប្រមាណ​១១០ដុល្លារអាមេរិក​ក្នុងមួយធុងបារ៉ែល។

ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ បើមើលទៅលើតម្លៃភាគហ៊ុនពិភពលោកវិញ នៅថ្ងៃពុធសប្ដាហ៍នេះ សុទ្ធតែបង្ហាញពីការ​ដាំក្បាលចុះទាំងអស់តែម្តង ទាំងភាគហ៊ុន​នៅអាមេរិក នៅអឺរ៉ុប និងនៅអាស៊ី។

តម្លៃប្រេង​បន្ដកើនឡើង នៅគ្រាដែល ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ដ៏ធំរបស់​អាមេរិក គឺ Exxon បានប្រកាសថា ខ្លួននឹង​ចាកចេញពីប្រតិបត្តិការ​នៅប្រទេសរុស្ស៊ី រួមទាំង​ប្រតិបត្តិការលើផលិតកម្មអណ្ដូងប្រេងផងដែរ។

យោងតាមសេចក្ដីរាយការណ៍ពីរ៉យទ័រ ការដកខ្លួន​របស់​ក្រុមហ៊ុន Exxonចេញពីប្រតិបត្តិការនៅរុស្ស៊ីនេះ នឹងបន្សល់ទុកនៅ​ទ្រព្យសកម្ម​សរុប​របស់ក្រុមហ៊ុនប្រមាណជាង ៤ពាន់លានដុល្លារ ហើយក្រុមហ៊ុន​ក៏នឹង​បញ្ឈប់​ការវិនិយោគ​គម្រោងថ្មីៗជាបន្តទៀតផងដែរ បន្ទាប់​ទីក្រុងម៉ូស្គូបានធ្វើសង្គ្រាមឈ្លានពានលើអ៊ុយក្រែន។

អង្គការទីភ្នាក់ងារថាមពលអន្តរជាតិដែលមានសមាជិក​២៨ប្រទេស និង អ្នកវិនិយោគជាច្រើន​ទៀត​កំពុងរំពឹងថា នឹងមានការធ្លាក់ចុះនៃការផ្គត់ផ្គង់ ខណៈដែលទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើរុស្ស៊ី​បានរំខានដល់ការដឹកជញ្ជូនថាមពល​យ៉ាងធ្ងន់ធ្ងរ ដែលវិស័យថាលពល​ គឺជាការនាំចេញកំពូលរបស់រុស្ស៊ីទៅក្រៅប្រទេស។ បច្ចុប្បន្នការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និង អឺរ៉ុប ទៅលើរុស្ស៊ី​ រួមទាំងបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងពិសេសមួយទៀតការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តជាតិ SWIFT បានបង្កើតភាពស្មុគស្មាញជាខ្លាំងសម្រាប់អ្នកទិញប្រេង និងឧស្ម័នបរទេសរបស់រុស្ស៊ី។

សូមជម្រាបថាវិបត្តិ សង្គ្រាម​ អ៊ុយក្រែន និងរុស្ស៊ី បាននិងកំពុង​គំរាមកំហែងដល់អតិផរណាក៏ដូចជា​តម្លៃម្ហូបអាហារនៅលើទីផ្សារអន្តរជាតិ​ក៏​កាន់តែអាក្រក់ទៅៗផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមមេដឹកនាំកោះតៃវ៉ាន់ប្រកាសថា នឹងបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះអ៊ុយក្រែន

ព័ត៌មាន
មេដឹកនាំកំពូលកោះតៃវ៉ាន់លោកស្រី សៃ អ៊ីនវេន បាននិយាយនៅពីថ្ងៃពុធសប្ដាហ៍នេះថា លោកស្រី និងថ្នាក់ដឹកនាំកំពូលៗរបស់កោះតៃវ៉ាន់នឹងបរិច្ចាគប្រ…

តើផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ដ និងអេឡិចត្រូនិក ដែលកម្ពុជាកំពុងរៀបចំ នឹងផ្ដល់ប្រយោជន៍សំខាន់ៗអ្វីខ្លះដល់សេដ្ឋកិច្ច?

ព័ត៌មាន
ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើស និងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ